ជប៉ុន នឹងបង្កើនថវិកាការពារជាតិចំនួន ៧,៣ពាន់លានដុល្លារ

ជប៉ុន៖រដ្ឋាភិបាលជប៉ុន គ្រោងនឹងបង្កើនថវិកាការពារជាតិចំនួន ១ ទ្រីលានយ៉េន (៧,៣៤ ពាន់លានដុល្លារ) ដើម្បីឱ្យឡើងដល់ ប្រមាណ ៦,៥ ទ្រីលានយ៉េន សម្រាប់ការចំណាយប្រចាំឆ្នាំពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៤។ នេះគឺជាផ្នែកនៃកិច្ចខិតខំប្រឹង ប្រែង របស់រដ្ឋាភិបាលជប៉ុន ដើម្បីសម្រេចបានកញ្ចប់ថវិកាកងទ័ព ក្នុង ចំនួន ៤៣ ទ្រីលានយ៉េន សម្រាប់ផែនការពង្រឹងវិស័យ ការពារ រយៈពេល ៥ឆ្នាំ។ នេះបើយោងតាមប្រភពចំនួន ៣ ប្រាប់ សារព័ត៌មាន រ៉យទ័រ នៅថ្ងៃសុក្រ ទី៩ ធ្នូ ឆ្នាំ ២០២២។

ប្រភពដែលបាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះឱ្យដឹងថា ការដំឡើងថវិកាការពារជាតិនេះគឺសំដៅលើការទិញអាវុធ និងការចំណាយលើមីស៊ីលរយៈចម្ងាយឆ្ងាយ។
ការ ចំណាយ លើវិស័យការពារជាតិប្រចាំឆ្នាំរបស់ជប៉ុនពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៤ នឹងបៀបធៀបជាមួយនឹង កំណត់ ត្រាចំនួន ៥,៤ ទ្រីលានយ៉េន ដែលបានកំណត់សម្រាប់ ការចំណាយឆ្នាំនេះ។

នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានប្រកាសពីផែនការ បង្កើនការចំណាយលើវិស័យការពារជាតិឱ្យដល់ ២ភាគរយនៃ ផលិតផលក្នុងស្រុកសរុបក្នុងរយៈពេល ៥ឆ្នាំ ពីចំនួន ១ភាគរយ នាពេលឥឡូវនេះ ដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិលកាន់ តែខ្លាំង ឡើងរបស់ចិន និងការគំរាមកំហែងដោយគ្រាប់មីស៊ីល និង នុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើង។

ប្រភពដដែលបានឱ្យដឹងទៀតថា ជាផ្នែកមួយនៃផែនការ ចំណាយ លើផ្នែកការពារជាតិចំនួន ៤៣ ទ្រីលានយ៉េនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ រដ្ឋាភិបាលរបស់លោក គីស៊ីដា នឹងចំណាយថវិកា ៥ទ្រីលានយ៉េនលើមីស៊ីលបាញ់ពីចម្ងាយ និង ៥ ទ្រីលានយ៉េន ទៀតសម្រាប់ការទិញអាវុធផ្សេងទៀត។

ជាមួយគ្នានេះ ប្រភពមួយបាននិយាយថា ថវិកាការពារជាតិជប៉ុន នឹងត្រូវបង្កើន ១ ទ្រីលានយ៉េនជារៀងរាល់ឆ្នាំ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ៕
ដោយ៖ លី លីយ៉ា

ads banner