លោកពូទីន ថារុស្ស៊ីអាចនឹងកាត់បន្ថយផលិតកម្មប្រេង ដោយសារ ការកំណត់តម្លៃរបស់បស្ចិមលោក
រុស្សី៖ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅ ថ្ងៃសុក្រ ទី៩ធ្នូថា រុស្ស៊ីដែលជាប្រទេសនាំចេញថាមពលដ៏ធំបំផុត របស់ពិភពលោកអាចនឹងកាត់បន្ថយការផលិតប្រេង ហើយនឹង បដិសេធមិនលក់ប្រេងទៅឱ្យប្រទេសណា ដែលគោរពតាម ទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិចឡើយ។ ជាទណ្ឌកម្ម ដែលលោក ពូទីន ចង់សំដៅដល់ការកំណត់តម្លៃរបស់លោក ខាងលិច លើប្រេងឆៅនាំចេញរបស់រុស្ស៊ីក្នុងតម្លៃស្មើ ឬតិចជាង ៦០ដុល្លារក្នុងមួយធុងបារ៉ែល។
ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7 និងអូស្ត្រាលី កាលពីសប្តាហ៍ មុនបានព្រមព្រៀងគ្នាកំណត់តម្លៃ ៦០ ដុល្លារក្នុងមួយបារ៉ែល លើប្រេងឆៅរបស់រុស្ស៊ី បន្ទាប់ពីសមាជិកសហភាពអឺរ៉ុប បាន យកឈ្នះលើមតិប្រឆាំងរបស់ប៉ូឡូញ។
លោកប្រធានាធិបតី ពូទីន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ « ចំពោះប្រតិកម្មរបស់យើង ខ្ញុំបាននិយាយរួចហើយថា យើងនឹង មិនលក់ប្រេងទៅឱ្យប្រទេសណាដែលធ្វើការសម្រេចចិត្តបែបនេះនោះទេ»។
«យើងនឹងគិត ហើយវាប្រហែលជាអាចនឹងទៅរួច ប្រសិនបើ ចាំបាច់ … គឺត្រូវកាត់បន្ថយផលិតកម្មប្រេង»។ លោក ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៊ីមានកិច្ចព្រមព្រៀងជាមួយក្រុមប្រទេស ផលិត ប្រេង OPEC+ អំពីការផលិត ដូច្នេះជំហានដ៏ធ្ងន់ធ្ងរ បែបនេះនៅតែជាលទ្ធភាពមួយដែលអាចទៅរួច។
លោក ពូទីន បានបញ្ជាក់ទៀតថា៖ «យើងកំពុងគិតអំពីចំណុចនេះ នៅមិនទាន់មានដំណោះស្រាយនៅឡើយទេ ហើយជំហាន ជាក់ស្តែង នឹងត្រូវបានគូសបញ្ជាក់នៅក្នុងក្រឹត្យរបស់ប្រធានាធិបតី រុស្ស៊ី ដែលនឹងចេញផ្សាយនៅប៉ុន្មានថ្ងៃខាងមុខនេះ»។
ទន្ទឹមនេះ លោកប្រធានាធិបតីរុស្ស៊ី ក៏បានបន្ថែមដែរថា ទីក្រុងមូស្គូ នឹងមិនចាញ់ក្រោមដៃលោកខាងលិចដែលបានកម្រិតតម្លៃប្រេងរបស់រុស្ស៊ីឡើយ ហើយថាហិរញ្ញវត្ថុរបស់រដ្ឋាភិបាលនឹងត្រូវរក្សាទុក បានល្អ។
សម្រាប់លោក ពូទីន ចំណាត់ការរបស់លោកខាងលិចគឺជា រឿងឆោតល្ងង់ ដែលនឹងធ្វើឱ្យតម្លៃថាមពលឡើងថ្លៃខ្ពស់ សម្រាប់អ្នកដែលរួមគំនិតគ្នាកំណត់តម្លៃប្រេងឆៅនាំចេញរបស់រុស្ស៊ី។
បុរសខ្លាំងរុស្ស៊ីរូបនេះ បានព្រលយឱ្យដឹងដែរថា ទីក្រុងមូស្គូកំពុង រៀបចំការឆ្លើយបតវិញ ហើយថាមូស្គូនឹងត្រូវប្រកាសពីចំណាត់ ការឆ្លើយតបនេះនៅប៉ុន្មានថ្ងៃខាងមុខ៕
ដោយ៖ លី លីយ៉ា