ស្នាដៃនិពន្ធមានការកើនឡើង ខណៈយុវជនក៏ចាប់ផ្ដើមមាន ទម្លាប់អានសៀវភៅច្រើនជាងមុន
ភ្នំពេញ៖ បើនិយាយជារួម ការអានសៀវភៅនៅកម្ពុជាគឺមិនទាន់ ជាទូលំទូលាយនៅឡើយទេ ខណៈអ្នកអានសៀវភៅភាគច្រើន ស្ថិតក្នុងវ័យកណ្ដាលទៅហើយ។

ស្របទៅនឹងការរីកចម្រើននៃប្រព័ន្ធឌីជីថលទៀតនោះស្រទាប់យុវវ័យ និងក្រុមសិស្សនិស្សិតជាដើម និយមលេងបណ្ដាញសង្គម ជាជាងការចំណាយពេលអានសៀវភៅ ឬបង្កើនការសិក្សាតាម អនឡាញ។

ទាំងអស់នេះ បាននាំឱ្យក្មេងៗជាសិស្សានុសិស្សមិនចេះប្រើប្រាស់ ភាសាខ្លួនឱ្យបានត្រឹមត្រូវ និងធំ ធាត់ឡើងដោយខ្វះចំណេះដឹង ផ្នែកអំណាន។ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី មួយរយៈពេលចុង ក្រោយនេះ ឥរិយាបទ និងទម្លាប់នៃការអានសៀវភៅ ហាក់ បានចាក់ចូលទៅក្នុងគំនិតរបស់ពួកគេ បន្តិចម្ដងៗ ដែលញុំាំង ឱ្យការតែងនិពន្ធក៏កើនឡើងផងដែរ។

ដោយឡែក នៅថ្ងៃទី៩ ខែធ្នូឆ្នាំ២០២២នេះ គឺជាថ្ងៃបើកពិព័រណ៍ សៀវភៅថ្នាក់ជាតិលើកទី៩ ក្រោយបានខកខានអស់រយៈពីរឆ្នាំ ដោយសារតែជំងឺកូវីដ១៩។ នៅថ្ងៃពិព័រណ៌នេះ សិស្សានុសិស្ស យុវជន ស្រទាប់អ្នកធ្វើការ អ្នករកស៊ី ជាច្រើនរូបបានទៅទស្សនា តាមស្តង់ពិព័រណ៍យ៉ាងច្រើនកុះករ ដើម្បីទស្សនាព្រឹត្តិការណ៍ ប្រចាំឆ្នាំ ក៏ដូចជាទិញសៀវភៅ។

អ្នកនិពន្ធសៀវភៅមួយរូបដែលបានដាក់ស្នាដៃរបស់ខ្លួនតាំងនៅក្នុងស្តង់ពិព័រណ៍ដែរនោះ បានបង្ហាញពីអារម្មណ៍រំភើបក្នុង ការដាក់ តាំងសៀវភៅជាថ្មីម្ដងទៀត ក្រោយពីខកខានអស់រយៈពេលពីរ ឆ្នាំកន្លងមក។
កញ្ញា សេង ហ្គេកលី ដែលជាម្ចាស់ស្នាដៃសៀវភៅបែបលើក ទឹកចិត្ត និងអប់រំ បានមើលឃើញពីកំណើនស្តង់លក់សៀវភៅ សម្រាប់ឆ្នាំនេះ ដោយកញ្ញាថាពីរឆ្នាំកន្លងទៅមានត្រឹមតែ ប្រមាណ ១០០ស្តង់ទេ។ ប៉ុន្តែឆ្នាំនេះមានរហូតទៅដល់ជិត២០០ស្តង់ ដែលទាំងអស់នេះ កញ្ញាយល់ថាក៏មានផងដែរនូវ ចំណែកនៃការ កើនឡើងរបស់អ្នកអាននៅកម្ពុជា។

កញ្ញាបានរៀបរាប់ទៀតថា៖ «តាមការសង្កេតមើលរបស់ខ្ញុំ យុវជន គាត់ចាប់ផ្ដើមមានទម្លាប់នៃការអានច្រើនជាងមុន។ គាត់ចាប់ផ្ដើម ដឹងពីអត្ថប្រយោជន៍នៃការអានបានទូលំទូលាយជាងមុនច្រើន»។
កញ្ញាក៏បានបន្តលើកទឹកចិត្តដល់យុវជនខ្មែរ ដោយលើកករណី របស់ ខ្លួនជាឧទាហរណ៍តែម្ដង។
កញ្ញាបានអះអាងថា សៀវភៅគឺជាកត្តាជំរុញធំជាងគេដែលនាំឱ្យ កញ្ញាអាចឆ្លងផុតពីជំងឺបាក់ទឹកចិត្ត និងអាចមានឱកាសពង្រឹង សមត្ថភាពខ្លួនមកដល់សព្វថ្ងៃ។ ដូច្នេះ កញ្ញាចង់លើកឧទាហរណ៍ នេះ ដើម្បីជាសារទៅកាន់អ្នកអាចឱ្យបណ្ដុះទម្លាប់អាន ព្រោះវាជា ការ យកចំណេះដឹងដាក់ខ្លួន ដោយមិនចាំបាច់មានគ្រូមកអង្គុយ បង្រៀន។

ចំណែកស្តង់របស់សមាគមអ្នកនិពន្ធខ្មែរឯណោះវិញ បានយក ស្នាដៃ មកដាក់លក់ប្រមាណជា ១៣០ ចំណងជើងដែរ។ លោក ព្រឿង ប្រណិត ដែលជាប្រធានសមាគមអ្នកនិពន្ធខ្មែរក៏បានសង្កេត ឃើញផងដែរពីកំណើននៃស្តង់នាឆ្នាំ ២០២២នេះ។ លោកក៏បាន សង្កេតឃើញស្នាដៃនិពន្ធថ្មីៗ ក៏ដូចជាអ្នកនិពន្ធថ្មីៗជាច្រើនរូបផង ដែរ ក្នុងនោះការគាំទ្ររបស់យុវជនក៏មានការកើនឡើងដូចគ្នា។
ទន្ទឹមគ្នានេះ លោកក៏បានកត់សម្គាល់ដែរថា៖ «សៀវភៅចាស់ៗ ដែលធ្លាប់បានដាក់តាំងនៅក្នុងពិព័រណ៍កន្លងមក ហាក់ដូចជាលក់ យឺតជាងសៀវភៅថ្មីៗ ដូច្នេះក៏អាចមានន័យថាអ្នកអានគឺជា អតិថិជន ចាស់ដែលធ្លាប់បានទិញរួចហើយ។ រីឯអ្នកអានថ្មីៗ អាចមានកំណើនយឺតបន្តិច»។
លោកបន្តថា៖ «សម្រាប់ការចូលរួម ខ្ញុំសង្កេតឃើញមានច្រើន តែសម្រាប់ការលក់យ៉ាងណាគឺយើងនៅមិនទាន់អាចថាយ៉ាងណាបាននោះទេ ប៉ុន្តែខ្ញុំនៅតែសង្ឃឹមថាពីមួយឆ្នាំទៅមួយឆ្នាំ ការអាន នឹងកាន់តែទូលំទូលាយជាមុន»។
ដោយឡែក និស្សិតកំពុងសិក្សាឆ្នាំទី៤ នៅសកលវិទ្យាល័យជាតិ គ្រប់គ្រង និងជាអ្នកនិយមចូលចិត្តអានសៀវភៅមួយរូបដែរ បាន ចូលរួមដើរទស្សនាតាមស្តង់ពិព័រណ៍ជាហូរហែ។
បើតាមនិស្សិតរូបនេះ នេះជាលើកទី៥ហើយដែលខ្លួនបានចូលរួម កម្មវិធីពិព័រណ៍សៀវភៅ នឹងបានចាប់អារម្មណ៍ថាឆ្នាំនេះមាន មនុស្ស ចូលរួមច្រើនជាងឆ្នាំកន្លងទៅ។
លោក គង់ ម៉ាឌីនី បានរៀបរាប់ថា៖ «តាមរយៈការចូលរួម ដ៏ច្រើន នៅឆ្នាំនេះ ខ្ញុំយល់ថាការអានរបស់យុវវ័យនៅកម្ពុជាកាន់តែ ប្រសើរ ឡើងហើយ ជាក់ស្ដែងមិត្តភក្កិខ្ញុំតែម្ដងដែលឥឡូវចេះអានសៀវភៅ ច្រើនជាងពីមុន…ហើយខ្ញុំជឿថាយុវជនផ្សេងក៏ទៀតក៏មិនខុសគ្នាប៉ុន្មានដែរ»។
គួរបញ្ជាក់ថា ពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៩ នឹងធ្វើឡើងរយៈ ពេល៣ថ្ងៃពេញ គឺពីថ្ងៃទី៩ ដល់ទី១១ ខែធ្នូនេះ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង៧យប់ នៅបណ្ណាល័យជាតិ។
ពិព័រណ៍សៀវភៅនេះដែរគឺធ្វើឡើងក្រោមប្រធានបទ «មួយថ្ងៃអាន មួយថ្ងៃដឹង» ដើម្បីបន្តបញ្ជ្រាបទម្លាប់នៃការអានចូលទៅក្នុងផ្នត់ គំនិតនៃប្រជាជនកម្ពុជា ជាពិសេសគឺយុវវ័យ ដែលជាធនធាន មនុស្សដ៏សំខាន់សម្រាប់សង្គមជាតិ៕
ដោយ៖ កែវ បុស្បា