សម្ដេចតេជោ ហ៊ុន សែន ស្នើប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ពិចារណា ដាក់លក្ខខណ្ឌ កុំឱ្យមានការប្រើប្រាស់ថង់ប្លាស្ទិក នៅតាមឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក
ព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា ប្រកាន់ខ្ជាប់នូវការគោរពរាល់លក្ខខណ្ឌជាសមាជិកភាព ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ហើយក៏បានស្នើសុំឱ្យមានការពិចារណា ដាក់លក្ខខណ្ឌមួយបន្ថែមទៀត នោះគឺកុំឲ្យមានការប្រើប្រាស់ថង់ប្លាស្ទិក នៅតាមឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ខណៈអនុញាតិឱ្យប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ដឹកនាំដោយឯកឧត្តម Michel BUJOLD ប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ។

ក្នុងជំនួបនេះ ឯកឧត្តម BUJOLD តំណាងអោយប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ថ្លែងថា អ្វីដែលជាគំរូដល់ប្រតិភូបានកត់សម្គាល់ឃើញនោះ គឺសម្ដេចតេជោ បានប្រែក្លាយវិបត្តិកូវីដ19 ឲ្យទៅជាសក្ដានុពល ដោយសម្ដេចតេជោ បានឆ្លៀតយកឱកាសនៃកូវីដ19 កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធលូ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ លម្អទីក្រុង ធ្វើឱ្យចរាចរណ៍ធ្វើដំណើរបានយ៉ាងរលូន យ៉ាងល្អ និងធ្វើឲ្យភ្លើងភ្លឺចិញ្ចាច ដែលអាចនិយាយបានថា ទីក្រុងព្រះសីហនុ ជាទីក្រុងភ្លឺចិញ្ចាចដ៏ស្រស់បំព្រង ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនឯកឧត្តម BUJOLD ហើយបានមានប្រសាសន៍ថា កូ វីដ19 ពិតជាបាននាំមកនូវផលវិបាកដល់យើងមែន ប៉ុន្តែយើងបានគ្រប់គ្រងបានល្អ បានជួយសង្គ្រោះជីវិតមនុស្សប្រមាណ ៤ពាន់នាក់មកពីប្រមាណ ៧០ប្រទេស ដែលជាប់គ្មានកន្លែងចុះចតលើកប៉ាល់ Westerdam ។

សម្ដេចបន្តថា ថ្ងៃនេះជាថ្ងៃទិវាសិទ្ធិមនុស្ស បើគ្មានសន្តិភាពទេ វាសនាប្រជាជនលើកប៉ាល់ Westerdam មិនដឹងជាដូចម្ដេច។ សន្តិភាពផ្ដល់នូវការរស់រៀនមានជីវិត និងសិទ្ធិដទៃទៀត ដែលបន្តផ្ដើមចេញពីសន្តិភាព ទើបមានការអភិវឌ្ឍ ការកសាងហេដ្ឋារចនាសម្ព័ន្ធ រៀបចំបុណ្យសមុទ្រប្រចាំឆ្នាំតាមខេត្តមានឆ្នេរសមុទ្រជារៀងរាល់ឆ្នាំ ដើម្បីអភិរក្ស ការពារអភិវឌ្ឍន៍ និងទាក់ទាញទេសចរណ៍ ដើម្បីទ្រង់សេដ្ឋកិច្ចជាតិកម្ពុជា ៕ ដោយ វណ្ណលុក




