សិក្ខាសាលាពិគ្រោះយោបលល់ស្តីពីការរៀបចំកម្មវិធីសម្រាប់ពង្រឹងវិស័យទឹកស្អាត និងអនាម័យ នៅខេត្តកំពង់ឆ្នាំង ២០២០-២០២២
កំពង់ឆ្នាំង៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ នៅសណ្ឋាគារ សុខថៃសាន្ដ ក្រុងកំពង់ឆ្នាំង មាន រៀបចំសិក្ខាសាលាពិគ្រោះយោបលល់ស្តីពីការរៀបចំកម្មវិធីម្រាប់ពង្រឹងវិស័យទឹកស្អាត និងអនាម័យ នៅខេត្តកំពង់ឆ្នាំង២០២០-២០២២ ក្រោមអធិបតីភាពលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និង មានការអញ្ជើញចូលរួមពី លោក កែវ សូត្រា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក ហ្វ្រេស័រ ហ៊្គហ្វ ប្រធានកម្មវិធីអង្គការ water aid លោក លោកស្រី មន្ទីរ អង្គភាពជុំវិញខេត្ត និងស្រុកគោលដៅ។ សិក្ខាសាលាពិគ្រោះយោបលល់រៀបចំឡើង ក្នុងគោលបំណងប្រមូលដៃធាតុចូលពីដៃគូពាក់ព័ន្ធក្នុងការរៀបចំកម្មវិធីពង្រឹងវិស័យទឹកស្អាត និងអនាម័យ និងធ្វើបច្ចុប្បន្នភាពវិស័យទឹកស្អាត និងអនាម័យនៅខេត្តកំពង់ឆ្នាំងត រៀបចំដោយអង្គការ water aid។
ថ្លែងក្នុងឱកាសនោះ លោក អម សុភា មានប្រសាសន៍លើកឡើងថា ដើម្បីឲ្យសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព និងផែនការសកម្មភាពរបស់រដ្ឋបាលខេត្ត គឺឆ្នាំ២០២៣ ត្រូវសម្រេចឲ្យបាន១០០% លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដូចនេះ សូមដៃគូអភិវឌ្ឍន៍ទាំងអស់ អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ត្រូវរួមសហការគ្នាឲ្យរលូនបន្តទៀតក្នុងការជំរុញ និងបំផុសចលនាឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តន៍ការទុកដាក់ និងបរិភោគទឹក ដែលមានសុវត្ថិភាព ការប្រតិបត្តិអនាម័យល្អនៅក្នុងគ្រួសារ សាលារៀន និងសហគមន៍។ 
លោកមានប្រសាសន៍បន្ដទៀតថា អង្គការ Water Aid បន្តសកម្មភាពនៅស្រុកគោលដៅ គឺស្រុករលាប្អៀរ និងស្រុកសាមគ្គីមានជ័យ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំកម្មវិធីសម្រាប់ពង្រឹងវិស័យទឹកស្អាត និងអនាម័យ ដើម្បីប្រមូលធាតុចូល និងមតិយោបល់ផ្សេងៗពីអ្នកពាក់ព័ន្ធ ដើម្បីរៀបចំផែនការសម្រាប់ឆ្នាំ២០២០-២០២២ វាជាការរួមចំណែករបស់អង្គការ Water Aid ក្នុងការឆ្លើយតបផែនការយុទ្ធសាស្រ្ត និងគោលនយោបាយអភិវឌ្ឍន៍ជាតិ លើវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងការលើកកម្ពស់អនាម័យជនបទ។
ជាមួយគ្នានោះ លោក អម សុភា សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានៅថ្ងៃនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលជាការរួមចំណែកក្នុងការផ្តល់ធាតុចូលពីសមាជិក សមាជិកា គ្រប់ភាគីពាក់ព័ន្ធ ពិភាក្សា ផ្តល់មតិយោបល់ល្អៗ បទពិសោធន៍ល្អជាក់ស្តែង ដើម្បីឲ្យផែនការឆ្នាំ២០២០-២០២២ សម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តកំពង់ឆ្នាំង មានភាពសុក្រឹត្យ និងជាក់លាក់ ច្បាសលាស់។ បន្ថែមពីនោះ លោកអភិបាលរងខេត្ត បានសំណូមពរឲ្យអង្គការ Water Aid កៀរគរដៃគូដើម្បីពង្រីកសកម្មភាពឲ្យដល់គ្រប់ស្រុកទូទាំងខេត្ត៕ម.ន ដោយៈ គឹម សៀន
