ក្រសួងការបរទេសសិង្ហបុរីព្រមានប្រជាជនខ្លួនថា ការធ្វើដំណើរទៅលេងកូរ៉េខាងជើង អាចនឹងបំពានទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ
សង្ហិបុរី៖ ក្រសួងការបរទេសសិង្ហបុរី បានចេញសេចក្តីថ្លែងការណ៍មួយ ណែនាំឱ្យពលរដ្ឋខ្លួនមានការប្រយត្ន័ប្រយែងសម្រាប់ការធ្វើដំណើរទៅកូរ៉េខាងជើង ស្របពេលដែលសភាពការណ៍នៅទីនោះ មានការប្រែប្រួលមិនអាចកំណត់បាន។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសសិង្ហបុរី ប្រជាជនសិង្ហបុរី ដែលធ្វើដំណើរកម្សាន្តទៅកូរ៉េខាងជើង គួរតែយល់ដឹងអំពីហានិភ័យ និងបញ្ហាមួយដែលអាចកើតឡើងដោយចៃដន្យ ទាក់ទងនឹងការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រមទាំងការចូលរួមគោរពច្បាប់របស់សិង្ហបុរី។ ក្រសួងការបរទេសសិង្ហបុរី បានបញ្ជាក់ទៀតថា នៅពេលទៅដល់កូរ៉េខាងជើង ប្រជាជនសង្ហិបុរី អាចនឹងមិនទទួលបានជំនួយពីស្ថានទូតខ្លួនបានទេ ពីព្រោះប្រទេសទាំងពីរគ្មានទំនាក់ទំនងការទូតនឹងគ្នាឡើយ។
ជាមួយគ្នានេះ សិង្ហបុរី ក៏បានចោទកូរ៉េខាងជើងដែរថា កំពុងព្យាយាមទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ដើម្បីប្រមូលយករូបិយវត្ថុបរទេស ខណៈសេដ្ឋកិច្ចខ្លួនកំពុងធ្លាក់ចុះដោយសារការដាក់ទណ្ឌកម្មរបស់ប្រទេសផ្សេងៗ។ បច្ចុប្បន្នកូរ៉េខាងជើង រងទណ្ឌកម្មជាច្រើនពីសំណាក់អង្គការសហប្រជាជាតិ ហើយវិស័យទេសចរណ៍នេះ ជាប្រភពចំណូលសំខាន់មួយរបស់រដ្ឋកុម្មុយនីស្តមួយនេះ៕ធ.ដ





