អាជីវករខេត្តព្រះសីហនុរក្សាតម្លៃលក់ទំនិញនៅថេរ បើទោះជា ខេត្តកំពុងរៀបចំពិធីបុណ្យសមុទ្រក៏ដោយ
ភ្នំពេញ៖ ពិធីបុណ្យសមុទ្រឆ្នាំ ២០២២ ដែលមានខេត្ត ព្រះសីហនុ ជាម្ចាស់ផ្ទះរៀបចំ បាននិងកំពុងប្រព្រឹត្តិទៅ រយៈពេល៣ថ្ងៃគឺពីថ្ងៃទី៩ ដល់ទី១១ ខែធ្នូ ឆ្នាំ២០២២នេះ។ ក្រៅពីពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នេះទៅ កម្ពុជាក៏ធ្វើជា ម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ផងដែរ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»។

ក្នុងឱកាសដ៏មមាញឹកនៃការរៀបចំព្រឹត្តិការណ៍សំខាន់ៗនេះ អាជ្ញារធរខេត្តព្រះសីហនុបានអំពាវនាវ ម្ដងហើយ ម្ដងទៀត ទៅដល់អាជីវករឱ្យរក្សាបាននូវភាពស្មោះត្រង់ក្នុងការលក់ដូរ ព្រោះនេះគឺជាឱ កាសសម្រាប់កម្ពុជាក្នុងការកសាងកេរ្តិ៍ ឈ្មោះ តំបន់ឆ្នេរ។
ស្របទៅនឹងការអំពាវនាវ អាជីវករដែលលក់ដូរទំនិញផ្សេងៗ នៅក្នុងអំឡុងពេលនៃពិធីបុណ្យសមុទ្រនេះ បានបញ្ជាក់ពី ការគោរពតាមការស្នើរសុំរបស់អាជ្ញាធរខេត្ត ដោយមិនបាន ឡើងថ្លៃខុសពីតម្លៃសព្វមួយដងនោះទេ។

យុវជន សុខ ហេង ដែលជាសិស្សកំពុងសិក្សានៅឡើយ បាន ឆ្លៀត ឱកាសនេះមកជួយលក់ជំនួសម្ដាយ និងបានអះអាង ថាខ្លួនមិនបានឡើងថ្លៃខុសពីរាល់ដងនោះទេ។យុវជនលក់មឹកអាំងតាម បណ្ដោយឆ្នេររូបនេះបានបន្ថែមថា ខ្លួនឡើងថ្លៃលុះត្រាតែតម្លៃពីទីផ្សារមកឡើងថ្លៃដែរ។
ដោយឡែក សម្រាប់ការលក់ជាទូទៅ លោក សុខ ហេង រៀប រាប់ ថា ៖ «បើថ្ងៃធម្មតា ខ្ញុំអាចលក់អស់ ៥គីឡូ តែបើថ្ងៃ សៅរ៍ អាទិត្យ ឬបុណ្យទាន អាចលក់បានដល់១០គីឡូ ឬលើស នោះតិចតួច»។
ការដែលលក់ទាំងនេះមានការកើនឡើងច្រើន បើធៀបទៅនឹង ពេលដែលមិនទាន់មានផ្លូវល្បឿនលឿន ម្យ៉ាងទៀត ពេលដែល មានបុណ្យទានបែបនេះ ភ្ញៀវបានសម្រុកមកលេងខេត្ត ព្រះសីហនុ កាន់តែច្រើន។ នេះបើតាមការបញ្ជាក់ បន្ថែម របស់លោក សុខ ហេង។

អាជីវករមួយរូបទៀត គឺលោក ឧត្តម ដែលជាម្ចាស់ហាងលក់ ម្ហូប ក៏បានអះអាងថាខ្លួននៅរក្សាតម្លៃ ដូចទៅនឹងតម្លៃក្នុង ថ្ងៃធម្មតាដែរ។
អាជីវកររូបនេះបានរៀបរាប់ថា ៖ «បើទោះបីជាមានភ្ញៀវមក លេង ច្រើន តែហាងខ្ញុំក៏មិនបានឆ្លៀតឱកាសយក ចំណេញ ពីភ្ញៀវអ្វីដែរ និយាយទៅគឺលក់ដូចតែអ្វីដែលធ្លាប់លក់»។
បន្ថែមពីនេះ អាជីវកររូបនេះបង្ហាញអារម្មណ៍សប្បាយចិត្ត នៅ ពេលដែលរដ្ឋបាលខេត្តមានការរៀបចំ កម្មវិធីជាបន្តបន្ទាប់ ដែលអាចអនុញ្ញាតឱ្យខ្លួន ក៏ដូចជាអាជីវករផ្សេងៗទៀតអាច រកចំណូលបាន បន្ថែមពីភ្ញៀវទេសចរ។
ម្យ៉ាងទៀត ក្នុងនាមជាម្ចាស់ខេត្តផ្ទាល់ លោកក៏រីករាយនៅពេល ដែលខេត្តរបស់ខ្លួនទទួលបានការ មើលថែ រៀបចំយ៉ាងស្រស់ ស្អាត និងមានសណ្ដាប់ធ្នាប់។ ដែលភាពស្រស់ស្អាតនេះ មិន ត្រឹមតែទាក់ ទាញភ្ញៀវទេសចរក្នុងស្រុក តែក៏បានទាញមកផង ដែរនូវភ្ញៀវបរទេសដែលខុសពីពេលមុនៗ។
យ៉ាងណាមិញអាជីវករទាំងពីររូបខាងលើ បានអំពាវនាវ បន្ត ទៅដល់ភ្ញៀវទេសចរដែលចូលទៅទស្សនា ខេត្តព្រះសីហនុ សូមឱ្យរក្សាសណ្ដាប់ធ្នាប់ ជាពិសេសមានទំនួលខុសត្រូវខ្ពស់ លើកាកសំណល់ផ្សេងៗ របស់ខ្លួន ដើម្បីធានាសោភ័ណភាព ស្រស់ស្អាតបានយូរអង្វែងទៅមុខទៀត។
សូមរំលឹកថា នាកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀម រៀបចំពិធីបុណ្យសមុទ្រលើកទី៩ នៅថ្ងៃទី០៧ ធ្នូកន្លងទៅ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បាន លើក ឡើង ថាការរៀបចំពិធីបុណ្យសមុទ្រ មិនត្រឹមតែគ្រាន់តែរៀប ចំ បុណ្យប៉ុណ្ណោះទេតែក៏ជាឱកាសនៃការអប់រំប្រជាពលរដ្ឋពីការចូលរួមថែរក្សាអនាម័យ និងផ្សព្វផ្សាយពីអត្ថន័យនៃពិធី បុណ្យ។
ក្រៅពីនោះ ឯកឧត្តមក៏បានណែនាំទៅដល់អាជីវករអំពីការ រៀប ចំ សេវាស្នាក់នៅ និងសេវាកម្មម្ហូបអាហារជូនភ្ញៀវទេសចរ កុំឱ្យ មានការខ្វះខាត ព្រមទាំងយកចិត្តទុកដាក់ពីការគ្រប់គ្រង តម្លៃ សេវា ការទុកដាក់សំរាម កាកសំណល់ ទាំងនៅក្នុងទីតាំង អាជីវកម្ម និងទីសាធារណៈផងដែរ៕ ដោយ៖ កែវ បុស្បា