មន្រ្តី៖ បើពលរដ្ឋគ្រប់រូបមិនប្រើថង់ប្លាស្ទិកមួយថ្ងៃ យើង អាចកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិកបានចំនួន ១៦ លានថង់
ភ្នំពេញ៖ក្រសួងបរិស្ថានបានធ្វើការផ្សព្វផ្សាយដាក់ឱ្យ អនុវត្ត វិធានការគោលនយោបាយស្ដីពី«ការកាត់បន្ថយការប្រើប្រាស់ផលិតប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណង់ប្លាស្ទិក សម្រា ប់រយៈពេលខ្លី» កាលពីថ្ងៃទី១២ ខែធ្នូ ដោយក្រសួងបានជំរុញ និងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីបញ្ចៀសនូវការរងគ្រោះពីសំណល់ប្លាស្ទិក។
ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយនិងការដាក់ឱ្យអនុវត្តវិធានការគោលនយោបាយនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខា ធិការក្រសួងបរិស្ថានបានលើកឡើងថា ការចូលរួមកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក គឺជាចលនាជួយជីវិត ជួយបរិស្ថាន កុំឱ្យ មានការរងគ្រោះពីសំណល់ប្លាស្ទិក។

ឯកឧត្តមមានប្រសាសន៍ថា ៖ «ប្រសិនបើប្រជាជនគ្រប់រូបរួ មគ្នាមិនប្រើថង់ប្លាស្ទិកមួយថ្ងៃ នោះយើងអាចកាត់បន្ថយការ ប្រើ ប្រាស់ថង់ប្លាស្ទិកបានចំនួន ១៦លានថង់ក្នុងមួយថ្ងៃ ហើយត្រូវជំរុញការមិនប្រើប្រាស់នេះឱ្យទៅជាចលនា ជាមួយការផ្តល់ជម្រើសដែលល្អជូនអ្នកប្រើប្រាស់»។
ការដាក់ឱ្យអនុវត្តនូវវិធានការគោលនយោបាយនេះ គឺជាការបោះជំហានថ្មីមួយបន្ថែមទៀត ក្នុងការរួមចំណែក លើកិច្ចគាំពារបរិស្ថាន ទាំងការគិតគូរលើការរៀបចំគោល នយោបាយ ឱ្យបានគ្រប់ជ្រុងជ្រោយ ការរួមគ្នាអនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់លើការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិកឱ្យ សមស្រប តាមគោលនយោបាយ ការគ្រប់គ្រងសំរាមសំណល់រឹងទី ប្រជុំជន ២០២០-២០៣០ ក៏ដូចជាគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
ឯកឧត្តម អ៊ាង សុផល្លែត បានលើកទឹកចិត្ត វិស័យឯកជន និងយុវនិស្សិត ក្នុងការទាញយកឱកាសនៃនវានុវត្តន៍ឌីជីថល ដើម្បីធ្វើការកែច្នៃវត្ថុធាតុដើម ដែលមានស្រាប់ក្នុងស្រុក រួមមាន អង្ករ និងដំឡូងមីជាដើម ផលិតជាជីវប្លាស្ទិក ដែលល្អចំពោះ បរិស្ថាន។
សិក្ខាសាលានេះ មានអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ ក្រសួងបរិស្ថាន អន្តរក្រសួង អង្គការដៃគូ អភិបាលរាជធានីខេត្ត មន្ទីរបរិស្ថានរាជធានីខេត្ត និងវិស័យឯកជន ជាច្រើនរូបទៀត។
នាឱកាសនោះដែរ ឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការ ក្រសួង បរិស្ថាន បានលើកឡើងឱ្យដឹងដែរថា គិតត្រឹមឆ្នាំ ២០១៥ នៅលើសកលលោក មានផលិតផលប្លាស្ទិក សរុបប្រមាណ ៨,៣ពាន់លានតោន ហើយផលិតផល ប្លាស្ទិកជាង ៤០០លានតោន ត្រូវបានផលិតជារៀងរាល់ឆ្នាំ។
លោកថា ក្នុងនោះ សំណល់ប្លាស្ទិកដែលប្រមូលបានត្រឹមតែ ៩ភាគរយប៉ុ ណ្ណោះ ដែលត្រូវបានកែច្នៃ។
ឯកឧត្តម ជា ស៊ីណា បានថ្លែងថា ៖ «ក្នុងមួយឆ្នាំ មានសំណល់ ប្លាស្ទិក ប្រមាណពីប្រាំបី ទៅប្រាំបួនលានតោន បានហូរចូល ទៅក្នុងសមុទ្រ ហើយសំណល់ទាំងនេះ នឹងបំបែកបង្កើតជា ពពួកមីក្រូ និងណាណូប្លាស្ទិក ដែលបង្កផលប៉ះពាល់ យ៉ាង ខ្លាំងដល់បរិស្ថានសមុទ្រ ជាពិសេស មីក្រូ និងណាណូ ប្លាស្ទិក នេះ ក៏ជាបញ្ហាប្រឈមយ៉ាងខ្លាំងដល់សុខភាពរបស់មនុស្ស ព្រោះវាអាចឆ្លងចូលចង្វាក់អាហារមកក្នុងខ្លួនមនុស្ស និងចូល ទៅក្នុងសរសៃឈាម»។
ចំណែក ឯកឧត្តម ប៉ាក សុខារ៉ាវុត អគ្គនាយក នៃអគ្គនាយក ដ្ឋាន គាំពារបរិស្ថាននៃក្រសួងបរិស្ថាន ក៏បានថ្លែងឱ្យដឹងដែរថា ប្រភេទប្លាស្ទិកដែលបង្កបញ្ហាប្រឈមខ្លាំង និងត្រូវដោះស្រាយ បន្ទាន់ ក្នុងនោះរួមមាន ថង់ប្លាស្ទិក និងផលិតផលប្លាស្ទិក បម្រើសេវាអាហារ-ភេសជ្ជៈ។
លោកថា ក្រសួងបរិស្ថាន បានរៀបចំគោលនយោបាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹង ការគ្រប់គ្រងសំណល់ប្លាស្ទិក សម្រាប់រយៈពេលខ្លី ដើម្បីជំរុញ ការផលិតផលិតផលជីវប្លាស្ទិក និងការកែច្នៃសំណល់ប្លាស្ទិក។
ឯកឧត្តម ប៉ាក សុខារ៉ាវុត បានថ្លែងទៀតថា ៖ «ជំរុញការប្រើ ប្រាស់ផលិតផលជីវប្លាស្ទិកជំនួសឱ្យ ផលិតផលប្លាស្ទិក ប្រើបានតែមួយដង និងលើកកម្ពស់ការគ្រប់គ្រង សំណល់ ប្លាស្ទិក និងបង្កើនការយល់ដឹង ការអប់រំ ការលើកទឹកចិត្ត និងការទាក់ទាញឱ្យមានការចូលរួមកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក»៕ ដោយ៖ នាង សុគន្ធា