អ.ស.ប.៖ បេឡារូសអនុញ្ញាតឱ្យអ៊ុយក្រែនដឹកជញ្ជូន ស្បៀង តាមប្រទេសរបស់ខ្លួន ដោយគ្មានលក្ខខណ្ឌ
អ.ស.ប៖អ្នកនាំពាក្យអង្គការសហប្រជាជាតិ(អ.ស.ប)លោក Stephane Dujarric បានអះអាងថា ប្រទេសបេឡារូស បាន ប្រាប់អ.ស.ប ថា ខ្លួននឹងអនុញ្ញាតអ៊ុយក្រែនអាចដឹកជញ្ជូន គ្រាប់ ធញ្ញជាតិឆ្ពោះទៅកំពង់ផែ លីទុយអានី ឆ្លងកាត់ទឹកដី របស់ខ្លួនដោយគ្មានលក្ខខណ្ឌ។
លោក Dujarric បាននិយាយថាអនុរដ្ឋមន្ត្រីក្រសួងការបរទេស បេឡារូស លោក Yury Ambrazevich បានជួបជាមួយ អគ្គលេខាធិការអ.ស.ប លោក អង់តូនីញូវ ហ្គូតទែរ៉េស នៅទីក្រុងញូវយ៉ក កាលពីថ្ងៃសុក្រដើម្បីប្រាប់មន្រ្តីជាន់ខ្ពស់ រូបនេះថា បេឡារូសមិនមានលក្ខខណ្ឌជាមុនសម្រាប់ការ ផ្ទេរគ្រាប់ធញ្ញជាតិអ៊ុយក្រែននោះទេ។
លោក Dujarric បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ ពីកិច្ចប្រជុំនោះថា លោក Ambrazevich បានរំលឹកឡើង វិញនូវសំណើពីរដ្ឋាភិបាលបេឡារូស ដើម្បីអាចនាំចេញផលិត ផលជីកសិកម្មរបស់ខ្លួនឯង ដែលបច្ចុប្បន្នកំពុងទទួលរងនូវ ទណ្ឌកម្ម។
គួររំឭកថា បេឡារូសដែលជាប្រទេសផលិតប៉ូតាស្យូម ដ៏ធំ មួយរបស់ពិភពលោក បានទទួលរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីឆ្នាំ ២០២០ ពីសហភាពអឺរ៉ុប ដែលបង្អាក់ការនាំ ចេញជីរបស់បេឡារូសតាមរយៈកំពង់ផែសមុទ្របាល់ទិក ដើម្បីជាការឆ្លើយតបទៅនឹងការបង្រ្កាបដោយហិង្សាលើហ្វូងបាតុករ ដែលប្រមូលផ្ដុំគ្នាំជុំវិញបញ្ហាចម្រូងចម្រាស់ទាក់ទង នឹងការបោះឆ្នោតជាតិ។ នាពេលនោះ ទីក្រុងមីនស្កិ៍បាន ទាមទារ ជំនួយពីរុស្ស៊ី ក្នុងការបង្រ្កាបទៅលើរលកនៃក្រុមអ្នកតវ៉ា ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។
កាលពីខែមិថុនា បេឡារូសដែលជាសម្ព័ន្ធមិត្តប្ដូរផ្ដាច់របស់រុស្ស៊ី ធ្លាប់និយាយរួចមកម្ដងហើយថា ខ្លួននឹងអនុញ្ញាតអ៊ុយក្រែនដឹក ជញ្ជូនគ្រាប់ធញ្ញជាតិឆ្លងកាត់ទឹកដីរបស់ខ្លួនឆ្ពោះទៅកាន់កំពង់ផែសមុទ្របាល់ទិក ប្រសិនបើបេឡារូសត្រូវបានអនុញ្ញាត ឱ្យ ដឹកជញ្ជូនទំនិញរបស់ខ្លួនពីកំពង់ផែទាំងនោះដែរ។ តែ អ៊ុយក្រែន មិនបានយល់ស្របនោះទេ។
ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ីមក បេឡារូស ព្យាយាមជៀសវាងឱ្យកុំព័ន្ធខ្លួនចូលជម្លោះ ប៉ុន្តែ ប្រធានាធិបតីបេឡារូស Alexander Lukashenko ពីដំបូង ឡើងបានបញ្ជាឱ្យកងទ័ពរុស្ស៊ីប្រើទឹកដីរបស់ខ្លួនដើម្បីវាយប្រហារអ៊ុយក្រែនពីភាគខាងជើង ហើយកាលពីខែតុលា ប្រទេស នេះថែមទាំងបានដាក់ពង្រាយកងកម្លាំងរបស់ខ្លួនជាមួយកងកម្លាំងរុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែនទៀតផង ដោយលើកឡើង ពីការគំរាមកំហែងពីអ៊ុយក្រែន និងលោកខាងលិច។
ចំណែកឯក្រុងកៀវវិញ បានសម្តែងការភ័យខ្លាចថា បេឡារូស អាចឃុបឃិតជាមួយរុស្ស៊ី ហើយវាយប្រហារអ៊ុយក្រែន ពី ព្រំដែនភាគខាងជើងរបស់ខ្លួន។
ការនាំចេញផលិតផលស្បៀងអាហាររបស់អ៊ុយក្រែន ដែល ជាអ្នកនាំចេញដ៏ធំបំផុតមួយរបស់ពិភពលោកនោះ ត្រូវបាន ជាប់គាំងក្រោយរុស្ស៊ីចាប់ផ្ដើមបើកការឈ្លានពាន ដោយសារ តែការបិទនាវាចរនៅកំពង់ផែអ៊ុយក្រែនរបស់រុស្ស៊ី។ យ៉ាងណាមិញ នៅខែកក្កដា អ.ស.ប. និងតួកគី បានចុះកិច្ច ព្រមព្រៀងជាមួយរុស្ស៊ី និងអ៊ុយក្រែន ដើម្បីបន្តការដឹកជញ្ជូន គ្រាប់ធញ្ញជាតិនៅតាមសមុទ្រខ្មៅឡើងវិញ។
គួររំឭកថា ការជាប់ស្ទះដែលអ៊ុយក្រែនមិនអាចនាំចេញ ផលិត ផល កសិកម្មរបស់ខ្លួនបាន បានបណ្ដាលឱ្យភាពអត់ឃ្លាន កាន់តែខ្លាំងទៅៗ។ អ.ស.ប.និយាយនៅខែឧសភាថា សង្គ្រាម ឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី បានធ្វើឱ្យវិបត្តិស្បៀងអាហារ ពិភពលោកកាន់តែអាក្រក់ទៅៗ ដោយធ្វើឱ្យប្រជាជនប្រហែល ៤៧ លាននាក់ត្រូវរស់នៅក្នុងភាពអត់ឃ្លានធ្ងន់ធ្ងរ៕ ដោយ៖ ហួន ឌីណា