អភិបាលកោះបាលី ទទូចកុំឱ្យទេសចរព្រួយបារម្ភពីច្បាប់ ហាមឃាត់ការរួមភេទមុនរៀបការ

ហ្សាកាតា៖អភិបាលកោះបាលីឥណ្ឌូនេស៊ីបានទទូចថា អ្នក ទេសចរមិនគួរព្រួយបារម្ភអំពីច្បាប់ហាមឃាត់ការរួមភេទមុនពេលរៀបការដ៏ចម្រូងចម្រាស់នោះទេ ហើយច្រានចោលការ លើកឡើងដែលថា កំណែក្រមព្រហ្មទណ្ឌនោះនឹងរារាំង ការ ងើបឡើងវិញនៃវិស័យទេសចរណ៍របស់ឥណ្ឌូណេស៊ី។

អភិបាលកោះបាលីលោក Wayan Koster បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យទី១១ ខែធ្នូថា បុគ្គលណាមួយអាចទទួលរងការកាត់ទោសចំពោះការរួមភេទក្រៅអាពាហ៍ពិពាហ៍ លុះត្រាតែមានបណ្តឹងពីឪពុកម្តាយ ប្តី/ប្រពន្ធ ឬកូន ដែលជាបទប្បញ្ញត្តិមួយបន្ថែមទៅលើសេចក្តី ព្រាងច្បាប់ដ៏តឹងរ៉ឹង ដើម្បីធានាឱ្យបាននូវ «ភាពឯកជន និងភាពងាយស្រួលរបស់មនុស្សគ្រប់គ្នា»។

លោក Wayan បានបន្តថា ភ្ញៀវទេសចរបរទេស និងអ្នកស្រុក «នឹងមិនចាំបាច់ព្រួយបារម្ភ» អំពីច្បាប់ដែលបានកែសម្រួល ហើយអាជ្ញាធរនឹងមិនពិនិត្យមើលឯកសារបញ្ជាក់អាពាហ៍ពិពាហ៍របស់នរណា នៅកន្លែងទេសចរណ៍នោះទេ។

បន្ថែមពីនេះ លោកអភិបាលដដែល ក៏បានរិះគន់ផងដែរនូវអ្វី ដែលលោកហៅថា ជាការរាយការណ៍ «បោកបញ្ឆោត» ដែលធ្វើឱ្យអ្នកដំណើរលុបចោលជើងហោះហើរនិងការកក់សណ្ឋាគារ ហើយបានព្រមានប្រឆាំងនឹង «សេចក្តីថ្លែងការណ៍ បំភាន់ដែលនឹងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង» ដោយ និយាយថា ទិន្នន័យពីភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុន អាកាសចរណ៍បង្ហាញថា ចំនួនអ្នកទេសចរត្រូវបានកំណត់ថា នឹងកើនឡើងនៅឆ្នាំក្រោយ។

ការលើកឡើងរបស់លោក Wayan ធ្វើឡើងខណៈដែល ឥណ្ឌូណេស៊ីព្យាយាមស្ដារវិស័យទេសចរណ៍ ដែលធ្លាក់ ចុះដោយសារតែវិបត្តិកូវីដឡើងវិញ។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនទេសចរណ៍ រួមទាំងសមាគមទេសចរណ៍ និង ទីភ្នាក់ងារ ទេសចរណ៍ឥណ្ឌូណេស៊ី និងសមាគមសណ្ឋាគារ និងភោជនីយដ្ឋានឥណ្ឌូណេស៊ី បានសម្តែងការព្រួយបារម្ភអំពី ច្បាប់ ចម្រូងចម្រាស់ចុងក្រោយ ថានឹងកាត់បន្ថយចំនួនភ្ញៀវ ទេសចរ៕ ដោយ៖ ហួន ឌីណា

ads banner