បែលហ្ស៊ិកចោទប្រកាន់បុគ្គល៤រូប ក្នុងការស៊ើបអង្កេត អំពើ ពុករលួយរបស់សភាអឺរ៉ុប

បែលហ្ស៊ិក៖​ ចៅក្រមបែលហ្ស៊ិក បានចោទប្រកាន់លើបុគ្គល បួននាក់ កាលពីថ្ងៃអាទិត្យ ទី១១ ខែធ្នូពីបទទទួលប្រាក់សំណូក និងអំណោយពីរដ្ឋនៅឈូងសមុទ្រពែក្ស ដើម្បីជះឥទ្ធិពលលើ ការសម្រេចចិត្តនៅក្នុងសភាអឺរ៉ុប។

ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញាបាន សម្រុក ឆែកឆេរផ្ទះចំនួន ១៦ និងរឹបអូសបានប្រាក់ចំនួន ៦៣១ ៨០០ លានដុល្លារ នៅទីក្រុងព្រុចសែលកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការលាងលុយកខ្វក់ និងអំពើពុករលួយ។

ដំបូងឡើយបុគ្គលចំនួនប្រាំមួយនាក់ត្រូវបានឃាត់ខ្លួន ប៉ុន្តែ ព្រះរាជអាជ្ញាបានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា៖ «ពួកគេ (បុគ្គល៤រូប) ត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងអង្គការ ឧក្រិដ្ឋកម្ម ការលាងលុយកខ្វក់ និងអំពើពុករលួយ។ បុគ្គលពីរ នាក់ទៀត ត្រូវបានដោះលែងដោយចៅក្រមស៊ើបអង្កេត»។
ទោះបីជាយ៉ាងណាក៏ដោយ ឈ្មោះអ្នកណាម្នាក់ដែល ពាក់ព័ន្ធ នឹងសំណុំរឿងនេះ មិនត្រូវបានបញ្ចេញជាសាធារណៈនោះទេ។ គួររំឭកថា អស់រយៈពេលជាច្រើនខែមកនេះ ព្រះរាជអាជ្ញាមាន ការ សង្ស័យថា ប្រទេសនៅឈូងសមុទ្រពែក្សមួយ បាន ព្យាយាមដាក់ឥទ្ធិពលរបស់ខ្លួនលើការសម្រេចចិត្តនៅទីក្រុងព្រុចសែល ប៉ុន្តែមិនបានចោទប្រកាន់ដោយផ្ទាល់ទៅលើរដ្ឋ ណា មួយនោះទេ ខណៈមានការរាយការណ៍ប្រភព និងការចោទ ប្រកាន់ ផ្សេងៗ ទៅលើប្រទេសកាតា ដែលកំពុងធ្វើជាម្ចាស់ ផ្ទះបាល់ទាត់ពិភពលោក (FIFA) ដ៏ចម្រូងចម្រាស់នា ពេល នេះ។
មន្រ្តីកាតាម្នាក់ បានបដិសេធការចោទប្រកាន់ពីការប្រព្រឹត្ត ខុសដែលអាចកើតមាន ក្នុងសំណុំរឿងដ៏ក្ដៅគគុកនេះ ប្រាប់ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ មន្រ្តីរូបនោះ បានថ្លែងដោយ មិនបញ្ចេញឈ្មោះថា៖ «ការជាប់ពាក់ព័ន្ធណាមួយ របស់ រដ្ឋា ភិបាលកាតាដូចការអះអាងដែលគេរាយការណ៍ គឺគ្មាន មូលដ្ឋាន និងជាព័ត៌មានខុសធ្ងន់ធ្ងរ» ហើយថា កាតាបានធ្វើការ តាមរយៈការចូលរួមពីស្ថាប័នមួយទៅស្ថាប័នមួយ និងអនុលោម ទៅតាមច្បាប់អន្តរជាតិយ៉ាងពេញលេញ។

ជាមួយនឹងការស៊ើបអង្កេតរបស់បែលហ្ស៊ិកនេះផងដែរ សភាអ៊ឺរ៉ុប បាននិយាយកាលពីចុងសប្តាហ៍ថា ខ្លួនបានព្យួរ អំណាច និងភារកិច្ចរបស់អនុប្រធានសភាអឺរ៉ុបម្នាក់ គឺលោកស្រី អ៊ីវ៉ា កៃលី (Eva Kaili) ដែលជាអ្នកសង្គមនិយមក្រិក និងបាន និយាយការពារកាតាជុំវិញបញ្ហាចម្រូងចម្រាស់សិទ្ធិមនុស្ស និង FIFA។

គណបក្សសង្គមនិយមក្រិក PASOK បាននិយាយក្នុង សេចក្តី ថ្លែងការណ៍មួយថា ខ្លួននឹងបណ្តេញលោកស្រី កៃលី ចេញ ពីបក្សរបស់ខ្លួន។ ទោះយ៉ាងណាក៏ដោយ គេមិនទាន់ដឹង ច្បាស់ទេថា តើអ្នកនយោបាយរូបនេះត្រូវបានចោទប្រកាន់ ក្នុងសំណុំរឿងពុករលួយនេះដែរឬយ៉ាងណា ខណៈ ការិយាល័យរបស់លោកស្រី ក៏មិនចេញប្រតិកម្ម។

ជុំវិញបញ្ហាដដែល ស្នងការសេដ្ឋកិច្ចអឺរ៉ុបលោក Paolo Gentiloni បានប្រាប់ទូរទស្សន៍អ៊ីតាលី Rai 3 ថា ករណី នេះហាក់ដូចជា «ធ្ងន់ធ្ងរណាស់»។

លោកបន្ថែមយ៉ាងដូច្នេះថា៖ «ប្រសិនបើវាត្រូវបានបញ្ជាក់ ថានរណាម្នាក់បានយកលុយ ដើម្បីព្យាយាមមានឥទ្ធិពល លើការសម្រេចចិត្តរបស់សភាអឺរ៉ុបនោះ វាពិតជារឿងមួយ ក្នុងចំណោមរឿងអាស្រូវពុករលួយដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។

គួរបញ្ជាក់ផងដែរថា សភាអ៊ឺរ៉ុបគ្រោងនឹងបោះឆ្នោតនៅសប្តាហ៍ នេះលើសំណើពង្រីកការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់សហភាពអឺរ៉ុប សម្រាប់ប្រទេសកូវ៉ែត កាតា អូម៉ង់ និងអេក្វាឌ័រ។ សមាជិកសភាមួយចំនួន បានស្នើឲ្យការជជែក ដេញដោល និងការបោះឆ្នោតជុំវិញសំណើនេះ គួរត្រូវបានពន្យារពេល៕
ដោយ៖ហួន ឌីណា
ប្រភព៖ Belgium charges four people in European Parliament corruption probe

ads banner