អគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សាវត្តដំណាក់ត្រូវបានចំណាយទឹកប្រាក់អស់ចំនួន ២៥៨,០៥០ដុល្លារ អាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
សៀមរាប៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ អគារសិក្សាមួយខ្នង នៅសាលាបឋមសិក្សាវត្តដំណាក់ ស្ថិតក្នុងវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានស្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។
ព្រះគ្រូធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ចៅអធិការវត្តដំណាក់ មានសង្ឃដីកាថា អគារសិក្សាថ្មីនេះ មានកម្ពស់ ២ជាន់ ស្មើ ១០បន្ទប់ ដោយចំណាយថវិកាសាងសងអស់ចំនួន ២១២,៥០០ដុល្លារ រួមនឹងសមិទ្ធផលនានាផ្សេងទៀត សរុបទាំងអស់ចំនួន ២៥៨,០៥០ដុល្លារ។
លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងខេត្តសៀមរាបមានសាលារៀនចំនួន ៥០កន្លែងស្ថិតនៅក្នុងបរិវេណរបស់វត្ត និងទទួលបានការឧបត្ថម្ភគាំទ្រពីវត្តផងដែរ។
ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលរួមសៀមរាប មានប្រសាន៍ថា តាំងពីដើមរហូតដល់បច្ចុប្បន្ន វត្តអារាម ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស និងសង្គមកម្ពុជាស្ទើរតែគ្រប់វិស័យ ដូចវិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ជាដើម។ ថ្នាក់ដឹកនាំជាច្រើនរូបសុទ្ធតែមានអតីតភាពជាក្មេងវត្ត ឬក៏បានទទួលការអប់រំបណ្តុះបណ្តាលពីសាលាវត្តដែលមានព្រះសង្ឃជាគ្រូបង្ហាត់បង្រៀន ឬជាគ្រូបាធ្យាយ បច្ចុប្បន្ន វិស័យព្រះពុទ្ធសាសនា មានការរីកចំរើនគួរឲ្យកត់សម្គាល់ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលិញផងដែរ ៕ ដោយ ស៊ាន សុផាត



