អ្នកវិភាគ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចទ្វីប អឺរ៉ុបដើម្បីពង្រឹងយន្តការពហុភាគីនិយមចំពោះមុខវិបត្តិសន្តិសុខ អឺរ៉ុប
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីកម្ពុជាកាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើដំណើរ ទស្សនកិច្ចការងារនៅទ្វីបអឺរ៉ុប។ក្នុងនោះកម្មវិធីគ្រោង ទុក រួមមាន កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល ដែលកម្ពុជានឹងធ្វើជា សហប្រធាន។
អ្នកវិភាគនិងអ្នកតាមដាននយោបាយមើលឃើញថា ដំណើរ ទស្សនកិច្ចការងារនៅទ្វីបអឺរ៉ុបរបស់មេដឹកនាំកម្ពុជា ធ្វើឡើង ដើម្បីពង្រឹងយន្តការពហុភាគីនិយមចំពោះមុខវិបត្តិសន្តិសុខអឺរ៉ុបខណៈសហភាពអឺរ៉ុបកំពុងដាក់ចេញយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកដែលមានអាស៊ីអាគ្នេយ៍ជាស្នូល។
លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ដំណើរនេះ ជា កាតព្វកិច្ចនិងតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ ។ លោកយល់ថា វាជាការផ្តល់តម្លៃខ្ពស់ពី សំណាក់ កម្ពុជាលើយន្តការពហុភាគីនិយមដើម្បីសាកល លោក មានសាមគ្គីភាពនិងកិច្ចខិតខំប្រឹងប្រែងរួមទាំងក្របខណ្ឌបញ្ហាតំបន់និងសាកល តួយ៉ាងការរាតត្បាតជំងឺជាសាកល វិបត្តិ ថាមពល វិបត្តិស្បៀង បម្រែបម្រួលអាកាសធាតុ ការកើនឡើង កម្តៅ ផែនដី ជាដើម។
លោកគិន ភា មានប្រសាសន៍ថា៖« វាបង្ហាញពីការបក់ដៃទៅ កាន់ពិភពលោកខាងក្រៅ របស់កម្ពុជាក្នុងទំនាក់ទំនងការ បរទេស ទាំងទ្វេភាគី ទាំងពហុភាគី ដែលលោកនឹងមាន ជំនូបជាមួយប្រធានាធិបតីបារាំង ដែលខ្ញុំមើលឃើញពីសញ្ញា វិជ្ជមានដែលកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបារាំង។ វាជាការវិវត្តថ្មីនៃនយោបាយការបរទេសកម្ពុជា ជុំវិញបញ្ហាក្តៅ ជាក់ស្តែងរឿងរុស្ស៊ី-អ៊ុយក្រែន ជំហរកម្ពុជាមានភាពច្បាស់ លាស់ មិនផ្លាស់ប្តូរ គឺការគាំទ្រសន្តិភាព ការគាំទ្រដំណោះ ស្រាយដោយសន្តិវិធី និងបដិសេធការប្រើកម្លាំងរបស់ ប្រទេសមួយទៅលើប្រទេសមួយទៀត» ។
លោកបណ្ឌិត គិន ភា សង្កត់ធ្ងន់ថា ទំនាក់ទំនងរវាង អាស៊ាន និងសហភាពអឺរ៉ុបនារយៈកាលចុងក្រោយនេះ ហាក់មាន លទ្ធផលផ្លែផ្កាជាវិជ្ជមានច្រើន ព្រោះទំនាក់ទំនងនេះបានវិវត្ត ចេញពីភាពជាដៃគូសន្ទនាមកជាភាពជាដៃគូយុទ្ធសាស្រ្តវិញម្តង។ បន្ថែមពីនោះ សហភាពអឺរ៉ុបកំពុងដាក់ចេញយុទ្ធសាស្រ្ត ឥណ្ឌូ-ប៉ាស៊ីហ្វិកផ្ទាល់ខ្លួន ដែលមានអាស៊ីអាគ្នេយ៍ឬអាស៊ាន ជាស្នូល បូកផ្សំទាំងបណ្តាប្រទេសមួយចំនួននៅសហភាព អឺរ៉ុបក៏មានគោលនយោបាយការបរទេសក្នុងក្របខណ្ឌយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកផ្ទាល់ខ្លួនដែរ ដែលលោក គិន ភា បន្ថែមថា វាជាយុទ្ធសាស្រ្តរបស់សហភាពអឺរ៉ុបដែលជាសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកដើម្បីបិទខ្ទប់និងលោមព័ទ្ធឥទ្ធិពលចិន ដែលកំពុង លេច ត្រដែតសាយភាយឥទ្ធិពលនៅឥណ្ឌូប៉ាស៊ីហ្វិក។
សម្រាប់លោក សេង វណ្ណលី ជាសាស្រ្តាចារ្យផ្នែកទំនាក់ទំនង អន្តរជាតិយល់ថា ដំណើរទស្សនកិច្ច របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រៅកម្ពុជាលើកនេះ គឺជាការពាំនាំការពង្រឹង សេដ្ឋកិច្ចការទូតរបស់កម្ពុជា និងការពង្រឹងយន្តការពហុភាគី និយមអឺរ៉ុប ។លោកបន្ថែមថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជាអាចស្វែងរកការកែលម្អទំនាក់ទំនង ខ្លួន ជាមួយប្លុកសហភាពអឺរ៉ុបផង លើវិស័យនានា ដូចជា វិស័យ ពាណិជ្ជកម្មជាដើម។
លោកសាស្រ្តាចារ្យសេង វណ្ណលី បញ្ជាក់ដូច្នេះថា៖ « ជាការ កត់សម្គាល់ នាពេលថ្មីៗនេះ សហភាពអឺរ៉ុបបានសម្តែងការ ចាប់អារម្មណ៍កាន់តែខ្លាំងឡើងក្នុងការចូលរួមក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) និងកិច្ចប្រជុំនានានៅអាស៊ីបូព៌ា (EAS)។
សហភាពអឺរ៉ុបអាចផ្តល់លំហយុទ្ធសាស្ត្រសម្រាប់អាស៊ាន ក៏ដូចជាកម្ពុជា នៅក្នុងការបត់បែន នៅចំពេលដែលមាន ការប្រជែងគ្នាកាន់តែខ្លាំងក្លារវាងចិន និងសហរដ្ឋអាមេរិក។ ទោះបីជាសហភាពអឺរ៉ុបមានទំនាក់ទំនងយុទ្ធសាស្ត្រ និង សន្តិសុខជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកក៏ដោយ ក៏ខ្លួន នឹង មិនអនុវត្តតាមយុទ្ធសាស្ត្ររាំងខ្ទប់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងចិនយ៉ាងតឹងរឹងនោះទេ ព្រោះថា ចិនក៏ជាដៃគូពាណិជ្ជកម្មធំ បំផុតទីពីររបស់សហភាពអឺរ៉ុប ហើយក៏ជាតួអង្គសំខាន់ទាក់ទិន នឹងបញ្ហាប្រឈមសកល»។
អ្នកតាមដានស្ថានការណ៍នយោបាយក្នុងតំបន់រូបនេះ សម្លឹងឃើញពីភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងក្របខ័ណ្ឌអាស៊ាន ដែលបន្តចូលរួមជាមួយសហភាពអឺរ៉ុបដើម្បីទាញ យកផលប្រយោជន៍ពីអ្នកជំនាញការរបស់សហភាពអឺរ៉ុបសម្រាប់វិស័យដែលអាស៊ាននិងកម្ពុជាត្រូវការ តួយ៉ាងជំនួយ បច្ចេកទេសដូចជា ការគំរាមកំហែងគីមីសាស្រ្ត ជីវសាស្ត្រ នុយក្លេអ៊ែរ និងវិទ្យុសកម្ម សន្តិសុខអាកាសធាតុ សន្តិសុខ ដែនសមុទ្រ សន្តិសុខតាមអ៊ីនធឺណិត ប្រតិបត្តិការថែរក្សា សន្តិភាព សកម្មភាពមីនមនុស្សធម៌ និងជំនួយមនុស្សធម៌ ព្រមទាំងបច្ចេកទេសសង្គ្រោះក្នុងវិបត្តិគ្រោះមហន្តរាយធម្មជាតិ ជាដើម។
លោកថុង ម៉េងដាវិត អ្នកស្រាវជ្រាវប្រចាំមជ្ឈមណ្ឌល មេគង្គ សម្រាប់ការសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) យល់ថា ដំណើរទស្សនកិច្ចនេះ ជាសញ្ញាបញ្ជាក់ពី គោលជំហរអាស៊ាន លើការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិបន្ថែម ជាមួយភាគីអឺរ៉ុប ជាពិសេស ក្នុង ស្ថានការណ៍ដែលអឺរ៉ុបកំពុងជួបប្រទះវិបត្តិស្បៀងនិងថាមពល ដែលបង្កឡើងដោយវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
លោកថុង ម៉េងដាវិត សង្កត់ធ្ងន់លើជំហររបស់កម្ពុជានិង អាស៊ាន លើវិបត្តិសន្តិសុខនៅតំបន់អឺរ៉ុប ដូច្នេះថា៖ «ក្រៅតែ អំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ច កម្ពុជានិងអាស៊ានក៏បានបង្ហាញអំពីក្តីកង្វល់លើបញ្ហាសន្តិសុខនិងនយោបាយតំបន់អឺរ៉ុបនិងអាស៊ានដែលកំពុងរងការឈ្លានពានដោយប្រទេសធំមកលើប្រទេសតូចលើអធិបតេយ្យនិងបូរណភាពទឹកដីដោយមិនគោរពលើគោលការណ៍សន្តិភាពនិងច្បាប់អន្តរជាតិរបស់សហគមន៏អន្តរជាតិ »។
អ្នកជំនាញផ្នែកសន្តិសុខអន្តរជាតិរូបនេះគូសបញ្ជាក់ថា កម្ពុជាមានកាតព្វកិច្ចថែរក្សានិងឱ្យតម្លៃចំពោះសន្តិភាពដែលលោកធៀបនឹងសម្តីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា សង្រ្គាមមិនអាចបញ្ឈប់សង្រ្គាមបាន ឡើយ ដែលទាមទារឱ្យអាស៊ានប្រកាន់គោលការណ៍អព្យាក្រឹត្យ និងស្វះស្វែងរកមធ្យោបាយរួមទាំងដំណោះស្រាយសន្តិភាពជាមួយសហភាពអឺរ៉ុបដើម្បីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន ដែល បញ្ហាសន្តិសុខគឺជាក្តីកង្វល់រួមរបស់ពិភពលោកមិនថាអាស៊ានឬអឺរ៉ុបឡើយ។
គួរជម្រាបជូនផងដែរ សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ទៅកាន់ទីក្រុងព្រុចសែល ដើម្បីចូល រួមនិងធ្វើជាសហប្រធាននាកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឹរ៉ុប ជាមួយ លោកឆាល មីសែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូ ដែលនឹងពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ និងដាក់ទិសដៅផ្តោតលើការពង្រឹងសេដ្ឋកិច្ច ទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ ការធានាបានការផ្លាស់ប្តូរបៃតង ថាមពលនិងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្រៅពីនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹង មានដំណើរទស្សនកិច្ចការងារទៅកាន់ទីក្រុងប៉ារីសដើម្បីធ្វើជំនួប ទ្វេភាគីជាមួយប្រធានាធិបតីបារាំង អឹម៉ានូអែល ម៉ាក្រុង ជំនួប ជាមួយទ្វេភាគី ជាមួយថ្នាក់ដឹកនាំនៅទ្វីបអឹរ៉ុបមួយចំនួន សំណេះ សំណាលជាមួយពលរដ្ឋខ្មែរដែលកំពុងរស់នៅអឺរ៉ុប ព្រមទាំងចូលរួមក្នុងសន្និសីទស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា សម្ដេចចេញពីទ្វីប អាស៊ី ទៅ ដោយមិនបាននាំប្រេងទៅចាក់លើភ្លើងនៅទ្វីប អឺរ៉ុបឡើយ ដែលសម្ដេចរំពឹងថា បញ្ហាសន្តិភាពនឹងជា ប្រធានបទ ដ៏ធំ សម្រាប់ដំណើរទស្សនកិច្ចការងាររបស់ លោក លើកនេះ៕
ដោយ៖ សំបាន ច័ន្ទដារ៉ា

