អ្នកនាំពាក្យក្រសួងព័ត៌មាន៖ បច្ចុប្បន្នវិស័យសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនជាលំដាប់
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងព័ត៌មានបានថ្លែងថា ការអនុវត្ត នូវវិជ្ជាជីវៈមួយប្រកបដោយភាពត្រឹមត្រូវ ការប្រកាន់ខ្ជាប់នូវក្រម សីលធម៌វិជ្ជាជីវៈនៅក្នុងការអនុវត្តវិជ្ជាជីវៈមួយ គឺជារឿងចាំបាច់ ហើយការអនុវត្តវិជ្ជាជីវៈមួយដែលត្រឹមត្រូវនេះក៏បង្ហាញពីមោទកភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកប្រកបវិជ្ជាជីវៈ ទាំង អស់ នោះផងដែរ។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម មាស សុភ័ណ្ឌ បានលើកឡើងដូចនេះក្នុង សន្និសីទស្ដី ពី ការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការពារសេរីភាពសារព័ត៌មាននៅតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។
ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្នវិស័យសារព័ត៌មាននៅក្នុង ប្រទេស កម្ពុជាមានការរីកចម្រើនជាលំដាប់។ ជាក់ស្តែង មធ្យោបាយនិងវិសាលភាពនៃការផ្សព្វផ្សាយកាន់តែសម្បូរបែប និងគ្របដណ្តប់គ្រប់ទីកន្លែងនៅក្នុងប្រទេស និងទៅកាន់តំបន់ ក៏ដូចជាពិភពលោកផងដែរ។
បើតាមការបញ្ជាក់ពីឯកឧត្តម មាស សុភ័ណ្ឌ នៅកម្ពុជានា ពេល បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាប្រមាណជា១២០ភាគរយ បាន ប្រើប្រាស់ទូរស័ព្ទដៃ ហើយក្នុងនោះប្រមាណ១០៥ភាគរយ ចេះ ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតក្នុងចំណោមប្រជាជនកម្ពុជាសរុបជាង១៦លាននាក់។
ឯកឧត្តមបន្តថា៖ «នេះបង្ហាញពីមធ្យោបាយនៃការទទួលបាន ព័ត៌មាន របស់ប្រជាពលរដ្ឋកម្ពុជា នាពេលបច្ចុប្បន្ននៅក្នុងការ ទទួលបានព័ត៌មានគ្រប់ទិដ្ឋភាពពីគ្រប់តំបន់ និងក្នុងពិភព លោក»។
លើសពីនេះទៀត កម្ពុជានាពេលបច្ចុប្បន្នមានប្រព័ន្ធផ្សព្វផ្សាយ គ្រប់ប្រភេទទាំងបែបទំនើប ទាំងបែបប្រពៃណី បើគិតត្រឹម ខែសីហាឆ្នាំ ២០២២នេះ យើងមានចំនួន ២ ១១៧អង្គភាព ដែលកំពុងតែប្រកបវិជ្ជាជីវៈសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម មាស សុភ័ណ្ឌ បន្ថែម។
អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ផងដែរថា ប្រព័ន្ធផ្សព្វផ្សាយ ប្រកបដោយភាពចម្រុះក៏បានកំពុងតែបំពេញតួនាទីរបស់ពួកគេយ៉ាងសកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសេរី និង គ្រប់ច្រកល្ហកផងដែរ មិនតែប៉ុណ្ណោះសេរីភាពរបស់ពួកគាត់ ក៏ត្រូវបានធានាដោយច្បាប់នានា ជាពិសេសច្បាប់របប សារព័ត៌មាននៃប្រទេសកម្ពុជាផងដែរ។
នាឱកាសនោះដែរ ឯកឧត្តម មាស សុភ័ណ្ឌ ក៏បានលើក ឡើងផងដែរពីចំណុចដ៏គួរឱ្យកត់សម្គាល់ និងគួរជាទីមោទនៈ មួយបន្ថែមទៀតសម្រាប់ប្រទេសកម្ពុជាផងដែរ គឺចាប់ពី ពេលដែលប្រទេសកម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង កម្ពុជាពុំដែលមានអ្នកសារព័ត៌មានណាម្នាក់ដែលត្រូវបានធ្វើឃាតនៅក្នុងអំឡុងពេលចុះទៅបំពេញភារកិច្ចការងាររបស់ពួកគាត់នោះឡើយ។
លោកថា ៖ «ទាំងនេះបង្ហាញឱ្យឃើញច្បាស់ពីកត្តាសុខ សន្តិភាពដែលជាកត្តាមូលដ្ឋាននៅក្នុងការលើកកម្ពស់និងការធ្វើឱ្យប្រសើរឡើងនូវការគោពសិទ្ធិសេរីភាពនានារួមទាំងសិទ្ធិសេរីភាពខាងសារព័ត៌មាន និងសិទ្ធិសេរីភាពនៅក្នុងរស់រានមាន ជីវិតផងដែរ»។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ និងដាក់ចេញនូវយន្តការចាំបាច់នានាដើម្បីគំាទ្រនូវលំហសេរីភាពសារព័ត៌មាន គាំទ្រនូវកិច្ចសហប្រតិបត្តិការល្អរវាងអ្នក សារព័ត៌មាន ជាមួយនឹងអង្គភាព ស្ថាប័ន សាធារណៈរបស់ រាជរដ្ឋាភិបាលផងដែរដើម្បីពង្រឹងទំនាក់ទំនងរវាងមន្រ្តីស្ថាប័នសាធារណៈទាំងថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិនៅក្នុង ការធ្វើការសហការគ្នាក្នុងផ្តល់ព័ត៌មានទៅវិញទៅមក។
នាសន្និសីទនេះដែរ លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ក៏បានថ្លែងនាឱកាសនោះដែរថា សន្និសីទនេះគឺជាគំនិតផ្តួចផ្តើមមួយល្អ ហើយចាំបាច់បំផុត ។
លោកបញ្ជាក់ថា ៖ «នៅក្នុងយុគសម័យឌីជីថលការរីក ចម្រើន បច្ចេកវិទ្យា និងការអភិវឌ្ឍនៃធនធានគំនិតបញ្ញា របស់ប្រជា ពលរដ្ឋ ជាពិសេសយុវជន គឺកំពុងតែក្លាយជាគុណតម្លៃមួយ ក្នុងការជំរុញឱ្យមានការទទួលខុសត្រូវសង្គម គណនេយ្យភាព សង្គម និងធ្វើឱ្យសង្គមមានតម្លាភាព។ យ៉ាងណាមិញ ការរីក ចម្រើន នេះ ក៏ជះឥទ្ធិពលអវិជ្ជមានដល់ ការងាររបស់អ្នក សារព័ត៌មាន វិជ្ជាជីវៈប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងបង្កើន នូវការ ផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានប្រជាភិថុតិ ជាដើម»។
ក្នុងសន្និសីទនេះដែរលោក ណុប វី ក៏ទទូចឱ្យមាន ការយកចិត្ត ទុកដាក់ បន្ថែមទៀត ដល់សកម្មភាពដើម្បីលើកទឹកចិត្តឱ្យ មានការចូលរួមរបស់ ស្រ្តីកាន់តែច្រើនឡើងបន្ថែមទៀតនៅក្នុង វិស័យសារព័ត៌មាន។ បើពិនិត្យដាច់ដោយឡែក នៅកម្ពុជា ចំនួនស្រ្តីគឺមានចំនួន រហូតដល់ជាង៥០ភាគរយនៃចំនួន ប្រជាពលរដ្ឋសរុប ប៉ុន្តែចំនួនស្ត្រីដែលធ្វើការនៅក្នុងវិស័យ សារព័ត៌មានគឺមានត្រឹមតែរង្វង់២០ភាគរយ ប៉ុណ្ណោះ។
ទាក់ទងសារព័ត៌មានស្រ្តីនេះឯកឧត្តម មាស សុភ័ណ្ឌ បាន បញ្ជាក់ថា លោកមានការកត់សម្គាល់ឃើញថា អ្នកសារព័ត៌មាន ដែលជាស្រ្តីក្នុងប្រទេសកម្ពុជា មានការកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ ដែលជាមួយគ្នានោះ ក្រសួងបានផ្តល់នូវកាតជា អ្នកសារព័ត៌មានទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែល ធ្វើការនៅប្រទេសកម្ពុជា ប្រមាណជាប្រាំពាន់កាតជា រៀងរាល់ ឆ្នាំ៕
ដោយ៖នាង សុគន្ធា