មនុស្សជាងមួយសែននាក់ចូលរួមពិព័រណ៍សៀវភៅលើកទី៩ នៅបណ្ណាល័យជាតិ
ភ្នំពេញ៖ អ្នករៀបចំបានអះអាងថា កម្មវិធីពិធីពិព័រណ៍សៀវភៅ កម្ពុជាបានដំណើរការទៅយ៉ាងរលូនដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករដូចការរំពឹងទុករបស់គណៈកម្មការរៀបចំពិធី ក្នុង នោះមនុស្សចំនួនជាងមួយសែននាក់បានចូលរួមទស្សនានិងទិញសៀវក្នុងឱកាសនេះ។នេះបើតាមការបញ្ជាក់របស់ លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅនិងការអាន នៃក្រសួងវប្បធម៌ ។
លោកបានបញ្ជាក់ថា អ្នកចូលរួមដូច្នេះថា៖«នៅថ្ងៃទី១ អ្នកចូលរួម ២៣ ០០០នាក់។ ថ្ងៃទី២ អ្នកចូលរួម ៣៥ ០០០នាក់។ និងថ្ងៃទី៣ អ្នកចូលរួម ៥១ ០០០នាក់។ សរុបរយៈពេលបីថ្ងៃ មានអ្នកចូលរួម ចំនួន ១០៩ ០០០នាក់»។
លោកបញ្ជាក់ថា ចំនួនអ្នកចូលរួម ជាលទ្ធផលដែលដូចនឹង ការ រំពឹងទុក ដែលមុនថ្ងៃចាប់ផ្ដើមពិធីពិព័រណ៍សៀវភៅ គណៈកម្មការ រៀបប៉ាន់ប្រមាណថាឆ្នាំនេះនឹងមានអ្នកចូលរួមប្រហែល ១០ម៉ឺន នាក់។
លោកបន្តថា ពិព័រណ៍សៀវភៅឆ្នាំនេះរៀបចំដោយក្រសួងបី មានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងអប់រំនិងកីឡា និង ក្រសួងព័ត៌មាន។ កម្មវិធីនេះមានការចូលរួមឧបត្ថម្ភគាំទ្រពី ១០ ក្រុមហ៊ុន, ដៃគូសហការចំនួន ១៣អង្គការ សមាគម, យុវជនស្មគ្រ ចិត្តចំនួន ១២៤នាក់, គ្រូពេទ្យយុវជនកាកបាទក្រហមចំនួន ៨នាក់ និងមានស្តង់ផ្សព្វផ្សាយនិងលក់សៀវភៅ ១៩៨ស្តង់។
លោក កុក រស់ បានសន្និដ្ឋានយ៉ាងនេះថា៖«លទ្ធផលនៃការចូលរួម តិចជាងពិព័រណ៍សៀវភៅឆ្នាំ២០១៩ ដោយសារមូលហេតុ ទី១ យើងខកខានការរៀបចំដោយផ្ទាល់រយៈពេលពីរឆ្នាំ (ឆ្នាំ២០២០ រៀបចំតាមប្រព័ន្ធ online)។ ទី២ ឆ្នាំនេះពិព័រណ៍ស្របថ្ងៃ គ្នា ជាមួយ ពិធីបុណ្យសមុទ្រ និងព្រឹត្តិការណ៍ពិព័រណ៍មួយទៀត នៅ កោះពេជ្រ»។ លោកមានប្រសាសន៍បន្តថា “គណៈកម្មការសង្ឃឹម ជឿជាក់ថា ការរៀបចំពិព័រណ៍នៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត អ្នកចូលរួមនឹងមានចំនួនកើនឡើង”។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍សៀវភៅកម្ពុជា លើកទី៩ ឆ្នាំ២០២២ រៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡា។
ពិព័រណ៍ឆ្នាំ២០២២នេះ មានស្តង់លក់សៀវភៅចំនួន១៩៨ស្តង់ ហើយប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ហើយដំណើរការចាប់ម៉ោង៧:០០ព្រឹកដល់ម៉ោង៧:០០ល្ងាច៕ ដោយ៖ ហ៊ួន ស៊ីឡូន