«រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព» ជាប្រធានបទ ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២២នេះ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២២ លើកទី១៦ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព» ដែលប្រារព្ធធ្វើនៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា នៅក្នុងឆមាសទី១ នៃឆ្នាំ២០២២កន្លងទៅ ស្ថានភាពនៃអំពើជួញដូរមនុស្សមានភាពល្អប្រសើរ ដោយអត្រានៃបទល្មើស បានថយចុះគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១។

សម្ដេចក្រឡហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់សមាសភាព នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលមានក្រសួង-ស្ថាប័ន និងបណ្តាទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការដៃគូអន្តរជាតិ អង្គការសង្គមស៊ីវិលក្នុងស្រុក ព្រមទាំងវិស័យឯកជន ដែលបានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទម្រង់ ព្រមទាំងផ្ដល់កិច្ចការពារជនរងគ្រោះ និងបានចូលរួមដោះស្រាយបញ្ហាជាច្រើន សម្រាប់ប្រជាពលរដ្ឋតាមសហគមន៍ ជាពិសេស ជនទេសន្តរប្រវេសន៍ ដែលគ្មានសុវត្ថិភាព។

សម្ដេចក្រឡាហោម បន្ដថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការ ប្រតិបត្តិការ ដើម្បីរុករក បង្ក្រាប និងបោសសម្អាតបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសពាក់ព័ន្ធដទៃទៀត តាមវិធានការច្បាប់ រហូតធ្វើឱ្យកម្ពុជាវិលត្រឡប់មករកស្ថានភាពសុវត្ថិភាព និងសន្តិសុខជាប្រក្រតីឡើងវិញ។

សម្ដេច នាយករដ្ឋមន្ដ្រីស្ដីទី ក៏បានលើកទឹកចិត្តដល់គ្រប់វិស័យពាក់ព័ន្ធជាតិ និងអន្តរជាតិ សូមបន្តរិះរកនូវវិធានការជាគន្លឹះនានា និងរួមសហការគ្នាជាធ្លុងមួយ ធ្វើសកម្មភាពឱ្យកាន់តែខ្លាំងក្លាក្នុងការ «បង្ការ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ ការពារ ដើម្បីព្រះរាជាណាចក្រកម្ពុជា គ្មានអំពើជួញដូរមនុស្ស» ៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner