អាល្លឺម៉ង់នាំចូលទំនិញពីចិន កើនឡើង ២៧.៤ភាគរយ ក្នុងខែតុលា ឆ្នាំ២០២២

ប៊ែរឡាំង៖ ចិននៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់អាល្លឺម៉ង់ សម្រាប់ការនាំចូលក្នុងខែតុលា ឆ្នាំ២០២២ ជាមួយនឹងការកើនឡើង ២៧.៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ មានទឹកប្រាក់១៧.៣ពាន់លានអឺរ៉ូ ឬប្រមាណ ១៨.៣ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយពីការិយាល័យស្ថិតិសហព័ន្ធអាល្លឺម៉ង់ (Dstatis) ក្នុងថ្ងៃចន្ទទី១២ ខែធ្នូ ឆ្នាំ២០២២។

ប្រភពដដែលបានឱ្យដឹងទៀតថា ការនាំចូលឧបករណ៍ដំណើរការទិន្នន័យ, ផលិតផលអេឡិចត្រូនិក និងអុបទិកពីប្រទេសចិន បានកើនឡើង ២៣.១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ មានទឹកប្រាក់ ៥.៨ពាន់លានអឺរ៉ូ។ ឧបករណ៍អេឡិចត្រូនិក គ្រឿងចក្រ និងសម្លៀកបំពាក់ផ្សេងទៀត ក៏ស្ថិតក្នុងចំណោមផលិតផលនាំចូលកំពូលផងដែរ។

ការនាំចូលសរុបរបស់ប្រទេសអាល្លឺម៉ង់ ក្នុងខែតុលាឆ្នាំនេះ បានកើនឡើងដល់ ១៣០.១ ពាន់លានអឺរ៉ូ កើនឡើង ១៩.៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនឹងនេះដែរ ការនាំចេញពីប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបមួយនេះ ក៏បានកើនឡើង ១១.៤ភាគរយ ដល់ទឹកប្រាក់ ១៣៥.៣ពាន់លានអឺរ៉ូពីមួយឆ្នាំទៅមួយឆ្នាំ។

ចំណែកអតិរេកពាណិជ្ជកម្មដែលធ្លាប់មានពីមុនរបស់ប្រទេសអាល្លឺម៉ង់ បានបន្តធ្លាក់ចុះរយៈពេលវែងរបស់ខ្លួន ដោយបានធ្លាក់ចុះមកនៅត្រឹម ៥.២ពាន់លានអឺរ៉ូ។ ជាមួយគ្នានេះ សមតុល្យពាណិជ្ជកម្មរបស់ប្រទេសអាល្លឺម៉ង់ក្នុងខែតុលាឆ្នាំមុន គឺខ្ពស់ជាងពីរដង មានទឹកប្រាក់ចំនួន ១២.៥ពាន់លានអឺរ៉ូ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner