ប្រមុខការទូតចិន និងកូរ៉េខាងត្បូង សន្យាលើកកម្ពស់ទំនាក់ទំនងទ្វេភាគី
ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានធ្វើកិច្ចពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង លោក Park Jin តាមរយៈតំណភ្ជាប់វីដេអូ ក្នុងថ្ងៃចន្ទសប្តាហ៍នេះ។
លោក Wang បាននិយាយថា មេដឹកនាំប្រទេសទាំងពីរបានរៀបចំកិច្ចប្រជុំដោយជោគជ័យនៅឯកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងថា ចិនត្រៀមខ្លួនជាស្រេចដើម្បីបង្កើនទំនាក់ទំនងយុទ្ធសាស្ត្រជាមួយកូរ៉េខាងត្បូង ផ្តោតលើកិច្ចសហប្រតិបត្តិការដើម្បីលទ្ធផលឈ្នះ-ឈ្នះ និងធ្វើការដើម្បីភាពរឹងមាំ និងការអភិវឌ្ឍន៍នៃទំនាក់ទំនងទ្វេភាគី។
លោក Wang បន្តថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយកូរ៉េខាងត្បូង ដើម្បីធានាសុវត្ថិភាព និងប្រតិបត្តិការរលូននៃខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ ការពារប្រព័ន្ធពាណិជ្ជកម្មសេរីអន្តរជាតិ និងពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ និងពិភពលោក។
ចំណែកលោក Park បាននិយាយថា កូរ៉េខាងត្បូងរំពឹងថា ចិននឹងរក្សាភាពរុងរឿង និងការអភិវឌ្ឍន៍របស់ខ្លួន ហើយថា ភាគីកូរ៉េខាងត្បូងបានត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តទាំងស្រុងនូវមតិឯកភាពសំខាន់ៗ ដែលប្រមុខរដ្ឋទាំងពីរសម្រេចបានរួមគ្នា, បង្កើនការផ្លាស់ប្តូរកម្រិតខ្ពស់, ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ដូចជាជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្ពស់ថែមទៀត៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា