លោក ហ្សេលេនស្គី និងលោក បៃដិន ជួបពិភាក្សារឿងស្ដារហេដ្ឋារចនាសម្ព័ន្ធថាមពលនៅអ៊ុយក្រែន

អ៊ុយក្រែន: ប្រទេសអ៊ុយក្រែនបាននឹងកំពុងប្រញាប់ប្រញាល់ស្តារហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ថាមពលរបស់ខ្លួនឡើងវិញ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីយ៉ាងចាស់ដៃ ខណៈដែលលោកប្រធានាធិបតី ហ្សេលេនស្គី បានធ្វើការសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្រោ យពីមានភាពច្របូកច្របល់ផ្នែកទំនាក់ទំនងការទូតកាលពីចុងសប្តាហ៍មុនជុំវិញបញ្ហាការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី។
ប្រជាជនរហូតដល់ទៅ ១,៥ លាននាក់ត្រូវបានប្រឈមមុខជាមួយនឹងការរស់នៅដោយគ្មានថាមពលប្រើប្រាស់នៅក្នុងតំបន់អូដេសា (Odessa) ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីកាលពីល្ងាចថ្ងៃសៅរ៍។ ក្រុមមន្ត្រីជំនាញបានព្រមានថា វានឹងត្រូវការចំណាយពេលយូរទៀតដើម្បីអាចស្តារហេដ្ឋារចនាសម្ព័ន្ធទាំងនោះឡើងវិញ ដោយសារតែការវាយប្រហារនាពេលថ្មីៗនេះមានទ្រង់ទ្រាយធំ និងធ្ងន់ធ្ងរខ្លាំង។

កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានយល់ព្រមផ្តល់មូលនិធិជំនួយបន្ថែមចំនួន ២ ប៊ីលានអឺរ៉ូ។ ការផ្ដល់ជូននេះគឺស្ថិតក្រោ មកម្មវិធីជំនួយសន្តិភាពអឺរ៉ុប ដែលជាកម្មវិធីមួយប្រើប្រាស់ដើម្បីទូទាត់សងទៅកាន់រដ្ឋសមាជិកដែលបានបញ្ជូនគ្រឿងសព្វាវុធទៅឱ្យអ៊ុយក្រែន។ នៅក្នុងសុន្ទរកថាមួយរបស់លោក ហ្សេលេនស្គី បានឱ្យដឹងថា កន្លែងផ្គត់ផ្គង់ថាមពលត្រូវបានស្ដារឡើងវិញបានមួយចំនួនហើយនៅក្នុងតំបន់អូដេសា និងទីក្រុងផ្សេងទៀតនៅក្នុងតំបន់។

លោកបានលើកឡើងថា ៖ «យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រេចបានជាអតិបរមាដែលអាចធ្វើទៅបាន បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី»។
សូមរំឮកផងដែរថា មុនការសន្ទនាជាមួយលោក បៃដិន លោក ហ្សេលេនស្គី ក៏បានជួបសន្ទនាតាមទូរសព្ទរួចមកហើយដែរកាលពីចុងសប្តាហ៍កន្លងមកនេះ ជាមួយនឹងមេដឹកនាំបារាំង និងតួកគី។ គេសង្កេតឃើញថា ការជួបសន្ទនាតាមទូរសព្ទជាមួយមេដឹកនាំសំខាន់ៗនេះ ធ្វើឡើងមុនកិច្ចប្រជុំក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង៧ ឬហៅកាត់ថា G7 ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ។ ការណ៍នេះអាចនាំឱ្យមានការពិចារណាដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី។
រហូតមកដល់ពេលនេះ គ្មាន កិច្ច ចរចា សន្តិភាព ជា ផ្លូវ ការណាមួយកើតឡើងនោះ ទេ ប៉ុន្តែ ភាគីសហរដ្ឋ អាមេរិក និង រុស្ស៊ី តែងតែបាន ជួប ប្រជុំ ជា បន្តបន្ទាប់ នៅ ប្រទេស តួកគី។ កាលពីថ្ងៃចន្ទ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Vershinin ដែលបានលើកឡើងថា ទីក្រុងម៉ូស្គូមិនទាន់ឃើញមានយុទ្ធវិធីប្រកបដោយការស្ថាបនាពីសំណាក់ភាគីសហរដ្ឋអាមេរិកនៅឡើយទេ។
ដោយឡែក យោងតាមសេតវិមានបានឱ្យដឹងថា លោកប្រធានាធិបតី បៃដិន បានគូសបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការពង្រឹ ងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី ក្នុងនោះរួមមានការផ្ដល់ជូនជាគ្រាប់រំសេវ ប្រព័ន្ធស ម្រាប់ទប់ទល់ជាមួយយន្តហោះគ្មានមនុស្សបើក និងសម្ភារៈបរិក្ខារផ្សេងៗដែលគិតជាទឹកប្រាក់ស្មើនឹងប្រមាណ ២៧៥ លានដុល្លារអាមេរិក ។
កាល ពី ខែ មុន សហរដ្ឋ អាមេរិក ក៏ បាន ប្រកាសឱ្យដឹងផងដែរថា ខ្លួនបានផ្ដល់ថវិកាចំនួន ៥៣ លាន ដុល្លារអាមេរិក ដើម្បី ជួយដល់ការស្ដារ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលឡើងវិញនៅអ៊ុយក្រែន។
ទីក្រុងកំពង់ផែអូដេសា គឺជាគោលដៅដំបូងនៃការវាយលុករបស់រុស្ស៊ី ដែលបានព្យាយាមចង់គ្រប់គ្រងឆ្នេរសមុទ្រភាគខាងត្បូងរបស់អ៊ុយក្រែន ដោយហាមឃាត់ទីក្រុងគៀវ មិនឱ្យចូលទៅកាន់សមុទ្របាន។ ប៉ុន្តែកងកម្លាំងអ៊ុយក្រែនបានវាយបកការពារ និងបានបង្អាក់ដំណើរការវាយលុករបស់រុស្ស៊ីបានមុន។ ដូច្នេះហើយ ការដកទ័ពរបស់រុស្ស៊ីពីតំបន់ខឺសុន (Kherson) ភាគខាងត្បូងនាពេលថ្មីៗនេះ បានធ្វើឱ្យរុស្ស៊ីកាន់តែឃ្លាតឆ្ងាយពីតំបន់អូដេសា។

លោក ហ្សេលេនស្គី បានលើកឡើងថា មានការដាច់ចរន្តអគ្គិសនីជាញឹកញាប់បំផុតនៅតំបន់នេះ ប៉ុន្តែការជួសជុលអគ្គិសនីឡើងវិញសម្រាប់ប្រជាជនអ៊ុយក្រែនគឺនៅតែបន្តយ៉ាងសកម្ម។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងអូដេសា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksiy Reznikov បានមានប្រសាសន៍ថា ៖ «រុស្ស៊ីកំពុងធ្វើសង្រ្គាមប្រឆាំងនឹងប្រជាជនស៊ីវិល ព្រោះរុស្ស៊ីមិនបានទទួលផលប្រយោជន៍អ្វីទាល់តែសោះនៅលើសមរភូមិមួយនេះ»។
លោកបានបន្តថា ៖ «គោលដៅរបស់ពួកគេគឺធ្វើឱ្យយើងធ្លាក់ចូលទៅក្នុងភាពងងឹត និងត្រជាក់ខ្លាំងក្នុងអំឡុងពេលរដូវរងា ដើម្បីបង្ខំឱ្យយើងព្រមចុះចាញ់ និងបោះបង់ចោលនូវតំបន់នេះ ព្រោះមិនអាចរក្សាសណ្តាប់ធ្នាប់ និងបាត់បង់ស្ថិរភាព»។

លោកបន្តថា ថ្វីបើអ៊ុយក្រែនពេលនេះកំពុងខ្វះធនធានដូចជាគ្រាប់មីស៊ីលជាដើម ប៉ុន្តែអ៊ុយក្រែននៅតែមានទំនុកចិត្តថានឹងឈ្នះសង្គ្រាមមួយនេះ។

សូមបញ្ជាក់ថា ការបន្តបាញ់ប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនបានចាប់ផ្តើមចាប់តាំងពីខែតុលា បន្ទាប់ពីឧត្តមសេ នីយ៍ថ្មីរបស់កងទ័ពរុស្ស៊ី លោក Sergei Surovikin ត្រូវបានតែងតាំងឱ្យទទួលបន្ទុកសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ រុស្ស៊ីបានប្រើប្រាស់គ្រាប់មីស៊ីលយ៉ាងច្រើនសន្ធឹកសន្ធាប់ និងយន្តហោះគ្មានមនុស្សបើកដែលផលិតដោយអ៊ីរ៉ង់ក្នុងការបាញ់សំដៅចូលទៅកាន់ដែនអាកាសរបស់អ៊ុយក្រែន។
លើសពីនោះ រុស្ស៊ីបានធ្វើការវាយប្រហារម្តងហើយម្តងទៀតទៅលើគ្រឿងបរិក្ខារនិងឧបករណ៍ផលិតថាមពល និងប្រព័ន្ធបញ្ជូនថាមពលអគ្គិសនី។ ការ វាយ ប្រហារ ចុង ក្រោយ នេះបាន បង្ហាញ យ៉ាងច្បាស់ថា យន្តហោះ គ្មាន មនុស្ស បើករបស់រុស្ស៊ី ត្រូវ បានដឹកជញ្ជូននាំចូលពីប្រទេសអ៊ឺរ៉ង់បន្ថែមទៀតជាបន្តបន្ទាប់។

អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Yuriy Ihnat បានថ្លែងថា ៖ «ថ្មីៗនេះ រុស្ស៊ីបានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកនៅពេលយប់ ដែលធ្វើឱ្យយើងពិបាកក្នុងការបាញ់ពួកវាទម្លាក់ចោល»។

លោកបន្តថា «នៅពេលថ្ងៃ យើងអាចងាយស្រួលមើលឃើញពួកវា ដូច្នេះយើងអាចបាញ់ទម្លាក់ដោយប្រើប្រាស់កាំភ្លើងយន្ត ឬកាំភ្លើងតូចៗ ប៉ុន្តែនៅពេលយប់ យើងចាំបាច់ប្រើមីស៊ីលប្រឆាំងយន្តហោះដើម្បីអាចបាញ់ស្ទាក់យន្តហោះគ្មានមនុស្សបើកទាំងអស់នោះបាន»។
យោងតាមប្រមុខរដ្ឋបាលយោធាក្នុងតំបន់ លោក Yaroslav Yanushevych កាលពីថ្ងៃចន្ទ រុស្ស៊ីបានទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ទៅលើផ្នែកដែលកាន់កាប់ដោយអ៊ុយក្រែនក្នុងតំបន់ខឺសុន ដោយបានសម្លាប់មនុស្សចំនួន ២ នាក់ និង ៥ នាក់ទៀតរងរបួស។

គួររម្លឹកថា បន្ទាប់ពីរុស្ស៊ីបានដកថយពីទីរួមខេត្តខឺសុន និងតំបន់ជុំវិញនោះកាលពីខែមុន ពួកគេបានទៅបោះជំរំបង្កើតទីតាំងការពារនៅលើច្រាំងខាងកើតនៃទន្លេ Dnipro។

ជុំវិញបញ្ហាផ្ទៃក្នុងរបស់អ៊ុយក្រែនវិញ លោក ហ្សេលេនស្គី បានអនុម័តសម្រេចឱ្យដាក់ទណ្ឌកម្មប្រឆាំងនឹងបព្វជិតចំនួន ៧ រូប បន្ទាប់ពីអ៊ុយក្រែនអនុវត្តវិធានការរឹតបន្តឹងសកម្មភាពនិកាយគ្រិស្តអូស្សូដក់ដែលមានទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូកាលពីមុន។

នៅអ៊ុយក្រែន វិហារគ្រីស្តអូតូដក់ ដែលបានផ្សារភ្ជាប់ជាមួយបព្វជិតនៅទីក្រុងម៉ូស្គូតាមរយៈបញ្ញត្តិសាសនា គឺជាប្រភពគ្រឹះដ៏ចម្បងបំផុតក្នុងការដែលឥទ្ធិពលសាសនា និងវប្បធម៌របស់រុស្ស៊ីមាននៅក្នុងប្រទេសអ៊ុយក្រែន។ កាលពីមុន អ៊ុយក្រែនមាននិកាយគ្រិស្តអូស្សូដក់សំខាន់ៗពីរ ក្រោយមក ក្រុមនិកាយគ្រិស្តអូស្សូដក់ដែលជាប់ពាក់ព័ន្ធនឹងរុស្ស៊ីបានផ្លាស់ប្តូរគោលជំហំប្រឆាំងជាមួយនឹងនិកាយគ្រិស្តអូស្សូដក់របស់អ៊ុយក្រែន។

ក្នុងអំឡុងពេលនៃការវាយប្រហារជាបន្តបន្ទាប់ប៉ុន្មានសប្តាហ៍មកនេះ ក្រុមសន្តិសុខអ៊ុយក្រែនបានរកឃើញភស្តុតាងថា ក្រុមបព្វជិតគ្រិស្តអូស្សូដក់អ៊ុយក្រែនមួយចំនួនមានសញ្ជាតិរុស្ស៊ី និងលួចទាក់ទងភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី។ លើសពីនេះ ពួកគេគឺជាម្ចាស់ស្នាដៃអក្សរសិល្ប៍មួយដែលបរិយាយថា អ៊ុយក្រែនគ្មានសិទ្ធិក្នុងការកើតមានឡើងនៅលើភពផែនដីនេះនោះទេ៕
ដោយ:ធា សុខណា
ប្រភព៖ www.wsj.com

ads banner