ស្ថាប័នជំនាញ កំពុងពន្លឿនរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈរថយន្តក្រុងអគ្គិសនីក្នុងខេត្តសៀមរាប

ភ្នំពេញ: តាមរយៈកិច្ចពិភាក្សាការងារ រវាងរដ្ឋបាលខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ជាមួយក្រុមការងាររបស់អង្គការ CDIA កាលពីពេលថ្មីៗនេះ ដោយភាគីទាំងពីរ បានកំពុងរួមគ្នាសិក្សា លើលទ្ធភាពបង្កើតគម្រោងរថយន្តក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមាន លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងលោកស្រី Kath Leen អ្នកគ្រប់គ្រងគម្រោងនៃអង្គការ CDIA និងអ្នកជំនាញពាក់ព័ន្ធ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត នាដើមខែ ធ្នូ កន្លងទៅនេះ។

នាឱកាសនោះ លោកស្រី Kath Leen អ្នកគ្រប់គ្រងគម្រោងនៃអង្គការ CDIA ដែលជាអង្គការមួយកំពុងធ្វើការលើកកម្ពស់គម្រោងដឹកជញ្ជូនសាធារណៈរថយន្តក្រុងអគ្គិសនីបានឱ្យដឹងថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺចង់បង្ហាញអំពីវឌ្ឍនភា ពនៃគម្រោងសិក្សា និងធ្វើបច្ចុប្បន្នភាពរបស់គម្រោងសិក្សាសមិទ្ធិលទ្ធភាពពេញលេញរថយន្តក្រុងអគ្គិសនីក្រុងសៀមរាបរបស់អង្គការ CDIA ដើម្បីនឹងរៀបចំផែនការបន្ទាប់។

ជាមួយគ្នានេះដែរ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា ជាលទ្ធផល ក្រោមកិច្ចពិភាក្សានេះ រដ្ឋបាលខេត្ត អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក៏បានសហការជាមួយអង្គការ CDIA ក្នុងការអនុវត្តគម្រោងសិក្សាពេញលេញលើលទ្ធភាពរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈរថយន្តក្រុងអគ្គិសនីក្នុងខេត្តសៀមរាប ក្នុងគោលបំណងបង្កើតប្រព័ន្ធដឹកជញ្ជូនសាធារណៈឆ្លាតវៃ និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន CO2 ទាបនៅក្នុងទីក្រុងសៀមរាបផងដែរ។

លោកថា ដើម្បីសម្រេចគោលដៅនេះ គឺជាទាមទារឱ្យមានការសហការគ្នា ពីបណ្តាភាគីពាក់ព័ន្ធបន្ថែមទៀត។

ទាក់ទង់នឹងគម្រោងលើកកម្ពស់ការប្រើប្រាស់ថាមពលអគ្គិសនីនេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន ទើបតែបានដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ក្នុងក្រុងសៀមរាប ខេត្តសៀ មរាបផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យដៃគូរពាក់ព័ន្ធ និងវិស័យឯកជន បង្កើនការអនុវត្តន៍គម្រោងរថយន្តអគ្គិសនីឱ្យកាន់តែច្រើន ព្រោះកន្លងមកឯកឧត្តម ធ្លាប់បានលើកឡើងពីគម្រោងសង់ផ្លូវវាងក្រុងសៀមរាប ដោយប្រើប្រព័ន្ធឡានក្រុងសាធារណៈប្រើអគ្គិសនីទាំងអស់ ដែលនេះគឺជាផ្នែកមួយនៃគម្រោងទីក្រុងឆ្លាតវៃ។

សូមរម្លឹកថា បើតាមរបាយការណ៍របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២២នេះ កំណើនការចុះបញ្ជីយានយន្តអគ្គិសនីនៅកម្ពុជា គឺមានការកើនឡើងជាង ១១ ដង បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដែលនេះបង្ហាញឱ្យឃើញពីការយល់ដឹង និងការចូលរួមប្រើប្រាស់យានយន្តអគ្គិសនីគួរឱ្យកត់សម្គាល់នៅកម្ពុជា។

ជាងនេះទៀត ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានតាំងចិត្តខ្ពស់ចំពោះការបញ្ជ្រាបការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបាន ៤០ភាគរយម៉ូតូអគ្គិសនីឱ្យបាន ៧០ភាគរយនៅត្រឹមឆ្នាំ ២០៥០ ខាងមុខនេះ។ ការបង្ហាញការប្តេជ្ញាចិត្តនេះ គឺដើម្បីចូលរួមចំណែកការកាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាស ការជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែម ក៏ដូចជាការបង្កើនប្រសិទ្ធភាពប្រេងសម្រាប់រថយន្តផងដែរ។

ជាងនេះទៀត រដ្ឋមន្រ្តីរូបនេះ ក៏បាន អះអាងដែរ ថា ក្រុមហ៊ុន EV Energy Tech គ្រោងនឹងដំឡើងស្ថានីយបញ្ចូលថាម ពលយានយន្តអគ្គិសនីចំនួន ២០ទីតាំង បន្ថែមទៀត ខណៈក្រុមហ៊ុន BYD ក៏គ្រោងនឹងដំឡើងស្ថានីយនេះ ចំនួន ២០០ទីតាំងនៅទូទាំងប្រទេស យ៉ាងយូរឈានទៅដំណើរការក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។
ហេតុនេះ ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យមានការកើនឡើង លោកថា ក្រសួងបាននិងកំពុងខិតខំស្វះស្វែងរកដៃគូសហការក្នុងការដំឡើងបន្ថែមនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ឱ្យបានច្រើននៅទូទាំងប្រទេស ហើយក៏លើកទឹកចិត្តវិស័យឯកជនចូលរួមឱ្យបានច្រើនផងដែរ៕
ដោយ:ប៊ូ ពេជ្រហ្សាលីន

ads banner