ប្រធានាធិបតីអាមេរិក និងអ៊ុយក្រែនពិភាក្សាអំពីជំនួយផ្នែកការពារជាតិ និងហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងសមភាគីអាមេរិក លោក ចូ បៃដិន បានសន្ទនាតាមទូរស័ព្ទអំពីជំនួយផ្នែកការពារជាតិ និងហិរញ្ញវត្ថុដែលផ្តល់ដោយសហរដ្ឋអាមេរិកដល់ទីក្រុងកៀវ។ នេះបើតាមការចុះផ្សាយពីសេវាសារព័ត៌មានរបស់លោក ហ្សេលេនស្គី ក្នុងថ្ងៃចន្ទទី១២ ខែធ្នូ ឆ្នាំ២០២២ ។

ក្នុងអំឡុងកិច្ចពិភាក្សាខាងលើនេះ លោក ហ្សេលេនស្គី បានថ្លែងអំណរគុណដល់លោក បៃដិន សម្រាប់ការគាំទ្រ ដោយកត់សម្គាល់ថា វាបានជួយអ៊ុយក្រែនឱ្យឈានទៅមុខនៅលើសមរភូមិ និងរក្សាស្ថិរភាពសេដ្ឋកិច្ច ។

ជាពិសេស លោក ហ្សេលេនស្គី បានសម្តែងការដឹងគុណចំពោះសមភាគីសហរដ្ឋអាមេរិកសម្រាប់កញ្ចប់ជំនួយការពារជាតិមួយផ្សេងទៀតដែលមានតម្លៃ ២៧៥លានដុល្លារ ដែលបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុន និងជំនួយសម្រាប់ការកសាងឡើងវិញ នៃប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ដែលត្រូវបានខូចខាតដោយការវាយប្រហាររបស់រុស្ស៊ី ។

ទន្ទឹមគ្នា មេដឹកនាំអ៊ុយក្រែន និងសហរដ្ឋអាមេរិកក៏បានពិភាក្សាគ្នាអំពីរូបមន្ត ១០ចំណុច សំដៅបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដែលត្រូវបានបង្ហាញដោយលោក ហ្សេលេនស្គី កាលពីខែមុន។ ចំណែកសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន និងការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពីការវាយប្រហាររបស់រុស្ស៊ី ក៏ជាប្រធានបទផ្សេងទៀតនៃការសន្ទនាផងដែរ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner