ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើបទឧទ្ទេសនាមក្នុងគណៈកម្មាធិការ នយោបាយ និងសន្តិសុខ នៃសហភាពអឺរ៉ុប ស្តីពីការវិវត្តនៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា ក្នុងឱកាសកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាប្រេសិតពិសេសនៃប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា បានធ្វើបទឧទ្ទេសនាមជូន គណៈកម្មាធិការនយោបាយ និងសន្តិសុខនៃសហភាពអឺរ៉ុប ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច (5PC) នៅក្នុងសម័យប្រជុំបិទទ្វារ ដែលដឹកនាំដោយ លោកជំទាវឯកអគ្គរដ្ឋទូត ដែលហ្វីន ផ្រង់ (Delphine Pronk) ប្រធានគណៈកម្មាធិការនយោបាយ និងសន្តិសុខ (PSC) ដោយមានការចូលរួមពីតំណាងឯកអគ្គរាជ/រដ្ឋទូតមកពីប្រទេសជាសមាជិកសហភាពអឺរ៉ុប។

នៅក្នុងសម័យប្រជុំបិទទ្វារនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកបច្ចុប្បន្នភាពថ្មីៗស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសការងារទាំងឡាយរបស់ប្រេសិតពិសេស ក្នុងការជួយមីយ៉ាន់ម៉ាស្តារសន្តិភាព និងការវិលទៅកាន់មាគ៌ាប្រជាធិបតេយ្យវិញ។ ឯកឧត្តមបានរំលឹកឡើងវិញ អំពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀង 5PC ដែលសំដៅជំរុញនូវវត្ថុបំណងធំៗ ៣ គឺ៖ (១) ការបញ្ឈប់អំពើហិង្សា និងបទឈប់បាញ់ (២) ការផ្តល់ជំនួយមនុស្សធម៌ជូនដល់អ្នកដែលមានតម្រូវការបំផុត (៣) ការបង្កើតបរិយាកាសមួយដែលអំណោយផលសម្រាប់ការចាប់ផ្តើមដំណើរការកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញអំពីទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន ទៅកាន់ទីក្រុងណៃពីដោ និងជំនួបជាច្រើនជាមួយសមភាគីមេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោកផ្សេងៗទៀត ដែលបានបើកផ្លូវឱ្យប្រេសិតពិសេស បានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចព្រមព្រៀង 5PC។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកជូនសម័យប្រជុំថា កម្ពុជាសម្រេចបាននូវវឌ្ឍនភាពជាក់លាក់ និងលេចធ្លោ ស្តីពីការងារមនុស្សធម៌ តាមរយៈការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នៅដើមខែឧសភា ដែលនាំឱ្យមានការអនុម័តនូវក្របខ័ណ្ឌសំខាន់ៗចំនួនពីរ រួមមាន (១) ក្របខណ្ឌរៀបចំការដឹកជញ្ជូនជំនួយមនុស្សធម៌អាស៊ាន និង (២) ក្របខណ្ឌចាក់វ៉ាក់សាំងរួមគ្នារវាងក្រសួងសុខាភិបាលមីយ៉ាន់ម៉ា និងដៃគូ។

ឯកឧត្តមប្រេសិតពិសេស បានគូសបញ្ជាក់ថា ការដោះលែងអ្នកទោសដ៏សន្ធឹកសន្ធាប់ដែលមានចំនួនប្រមាណ ៦០០០នាក់ រួមទាំងមេដឹកនាំជាន់ខ្ពស់របស់ NLD សកម្មជនប្រឆាំងសំខាន់ៗ អ្នកកាសែត និងជនជាតិអូស្ត្រាលី អង់គ្លេស ជប៉ុន និងសហរដ្ឋអាមេរិក គឺជាកាយវិការវិជ្ជមានមួយក្នុងទិសដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសមួយដែលអំណោយផលសម្រាប់ការចាប់ផ្តើមដំណើរការសន្ទនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា។ ឯកឧត្តមប្រេសិតពិសេស ក៏បានបង្ហាញនូវក្តីសង្ឃឹមថា នឹងមានការដោះលែងអ្នកទោសបន្ថែមទៀតនាពេលអនាគត ដើម្បីផ្តល់ឱកាសដល់សន្តិភាពនិងការផ្សះផ្សាជាតិ។

សហភាពអឺរ៉ុបបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងាររបស់ប្រេសិតពិសេស ក្នុងការជំរុញកិច្ចព្រមព្រៀង 5PC និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្លួន ក្នុងការគាំទ្រមជ្ឍិមភាពអាស៊ាន និងតួនាទីដឹកនាំរបស់អាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលទៅកាន់មាគ៌ាប្រជាធិបតេយ្យវិញ ឱ្យបានឆាប់បំផុត។ កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានសម្តែងនូវសេចក្តីដឹងគុណចំពោះសហភាពអឺរ៉ុប ក្នុងការរួមចំណែកដ៏សប្បុរសដល់អាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់នេះ ជាពិសេសក្នុងផ្នែកជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា៕ ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner