ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើបទឧទ្ទេសនាមក្នុងគណៈកម្មាធិការនយោបាយ និងសន្តិសុខ នៃសហភាពអឺរ៉ុប ស្តីពីការវិវត្តនៅមីយ៉ាន់ម៉ា
ក្នុងឱកាសកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ឯកឧត្ដមឧប នាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាប្រេសិតពិសេសនៃប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា បានធ្វើបទឧទ្ទេសនាមជូន គណៈកម្មាធិការនយោបាយ និងសន្តិសុខនៃសហភាពអឺរ៉ុប ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច (5PC) នៅក្នុងសម័យប្រជុំបិទទ្វារ ដែលដឹកនាំដោយ លោកជំទាវឯកអគ្គរដ្ឋទូត ដែលហ្វីន ផ្រង់ (Delphine Pronk) ប្រធានគណៈកម្មាធិការនយោបាយ និងសន្តិសុខ (PSC) ដោយមានការចូលរួមពីតំណាងឯកអគ្គរាជ/រដ្ឋទូតមកពីប្រទេសជាសមាជិកសហភាពអឺរ៉ុប។

នៅក្នុងសម័យប្រជុំបិទទ្វារនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកបច្ចុប្បន្នភាពថ្មីៗស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសការងារទាំងឡាយរបស់ប្រេសិតពិសេស ក្នុងការជួយមីយ៉ាន់ម៉ាស្តារសន្តិភាព និងការវិលទៅកាន់មាគ៌ាប្រជាធិបតេយ្យវិញ។ ឯកឧត្តមបានរំលឹកឡើងវិញអំពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀង 5PC ដែលសំដៅជំរុញនូវវត្ថុបំណងធំៗ ៣ គឺ៖ (១) ការបញ្ឈប់អំពើហិង្សា និងបទឈប់បាញ់ (២) ការផ្តល់ជំនួយមនុស្សធម៌ជូនដល់អ្នកដែលមានតម្រូវការបំផុត (៣) ការបង្កើតបរិយាកាសមួយដែលអំណោយផលសម្រាប់ការចាប់ផ្តើមដំណើរការកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញអំពីទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន ទៅកាន់ទីក្រុងណៃពីដោ និងជំនួបជាច្រើនជាមួយសមភាគីមេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោកផ្សេងៗទៀត ដែលបានបើកផ្លូវឱ្យប្រេសិតពិសេសបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចព្រមព្រៀង 5PC។ ឯកឧត្តមប្រេសិតពិសេសក៏បានជម្រាបជូនសម័យកិច្ចប្រជុំនេះថា ឯកឧត្តមបានធ្វើទស្សនកិច្ចចំនួនពីរលើកទៅកាន់មីយ៉ាន់ម៉ា ដើម្បីជួបជាមួយតំណាងជាន់ខ្ពស់នានានៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) អង្គការប្រដាប់អាវុធជនជាតិភាគតិច ចំនួន ៧ គណបក្សនយោបាយចំនួន ៨ និងភាគីពាក់ព័ន្ធផ្សេងៗទៀត រួមមានទីភ្នាក់ងារឯកទេសអង្គការសហប្រជាជាតិ។

ពាក់ព័ន្ធនឹងការបញ្ឈប់អំពើហិង្សា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចថា កម្ពុជាបានអំពាវនាវយ៉ាងខ្ជាប់ខ្ជួនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស SAC ឱ្យមានការអត់ធ្មត់ជាទីបំផុត ជៀសវាងការឆ្លើយតបមិនសមាមាត្រ និងបញ្ឈប់ការវាយប្រហារលើជនស៊ីវិលទាំងឡាយ។ នៅខណៈ ពេលដែលកំពុង ថ្កោលទោស អំពើ ហិង្សា ដ៏ខ្លាំងក្លាបំផុត ឯកឧត្តមប្រេសិត ពិសេស ក៏ បាន ទទូចឲ្យក្រុម ប្រដាប់ អាវុធ នានានៅ មីយ៉ាន់ម៉ា ចាប់ ផ្តើម ការ ចរចាគ្នាលើ បទ ឈប់ បាញ់ ឲ្យបានឆាប់ដោយ មិន បង្អង់។
ឯកឧត្តមប្រេសិតពិសេសបានកត់សម្គាល់ថា ការចាប់ផ្តើមដំណើរការកិច្ចសន្ទនាមួយ គឺជាកិច្ចការដ៏លំបាកបំផុត ដោយសារភាពខុសគ្នានានារវាងភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាគឺឆ្ងាយពីគ្នាដូចមហាសមុទ្រ។ ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកជូនសម័យប្រជុំថា ក្នុងដំណើរបំពេញទស្សនកិច្ចការងារលើកទី២ ឯកឧត្តមបានចូលរួមចំណែកជួយបើកទ្វារបន្តិចសម្រាប់ដំណើរការកិច្ចសន្ទនា ហើយបានសម្តែងក្តីសង្ឃឹមថា ភាគីជម្លោះនានានឹងទាញយកអត្ថប្រយោជន៍ពីការអភិវឌ្ឍវិជ្ជមាននេះ ដើម្បីធ្វើការឆ្ពោះទៅរកដំណើរការសន្ទនាប្រកបដោយបរិយាប័ន្ន។
ជាងនេះទៅទៀត ឯកឧត្តមប្រសិតពិសេស បានគូសបញ្ជាក់អំពីសារសំខាន់នៃការកសាងទំនុកចិត្ត និងការជឿជាក់ ដែលជាកត្តាជំនួយឱ្យភាគីពាក់ព័ន្ធនានានៅមីយ៉ាន់ម៉ា ធ្វើការផ្សះផ្សាភាពខុសគ្នារបស់ពួកគេ និងធ្វើទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកដោយសេចក្តីស្មោះត្រង់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកជូនសម័យប្រជុំថា កម្ពុជាសម្រេចបាននូវវឌ្ឍនភាពជាក់លាក់ និងលេចធ្លោ ស្តីពីការងារមនុស្សធម៌ តាមរយៈការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នៅដើមខែឧសភា ដែលនាំឱ្យមានការអនុម័តនូវក្របខ័ណ្ឌសំខាន់ៗចំនួនពីរ រួមមាន (១) ក្របខណ្ឌរៀបចំការដឹកជញ្ជូនជំនួយមនុស្សធម៌អាស៊ាន និង (២) ក្របខណ្ឌចាក់វ៉ាក់សាំងរួមគ្នារវាងក្រសួងសុខាភិបាលមីយ៉ាន់ម៉ា និងដៃគូ។
លើសពីនេះ ឯកឧត្តមប្រេសិតពិសេសក៏បានជួយដោះស្រាយការប្រឈមផ្នែកប្រតិបត្តិការ និងសម្របសម្រួលការងារមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងអង្គការអន្តរជាតិផ្សេងៗទៀត។ ជាការសំខាន់ផងដែរ កម្ពុជាមិនត្រឹមតែបានផ្តល់គ្រឿងបរិក្ខារវេជ្ជសាស្រ្ត និងជំនួយហិរញ្ញវត្ថុ តាមរយៈទ្វេភាគី ដល់ប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកៀរគរតាមរយៈយន្តការអាស៊ាន នូវជំនួយមនុស្សធម៌ជាច្រើន រួមទាំងវ៉ាក់សាំងចំនួន ៣ លានដូសផងដែរ។
ដោយមើលឃើញពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ដែលនៅតែបន្តមានសភាពធ្ងន់ធ្ងរប្រកប ដោយគ្រោះថ្នាក់ និងអស្ថិរភាពនោះ មេដឹកនាំបានអនុម័តឯកសារស្តីពី“ការពិនិត្យ និងសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច” នៅក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ នៅរាជធានីភ្នំពេញ ដែលរួមមាន១៥ចំណុច ដើម្បីកំណត់ទិសដៅអនាគតនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានក្នុងការជួយមីយ៉ាន់ម៉ា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ចំណុចទាំង១៥ នៃឯកសារនេះគឺពុំមែនយកមកជំនួស 5PC នោះទេ ប៉ុន្តែដើម្បីបំពេញបន្ថែម និងសម្របសម្រួលដល់កាអនុវត្តកិច្ចព្រមព្រៀង 5PC ឲ្យបានឆាប់។
ឯកឧត្តមប្រេសិតពិសេស បានគូសបញ្ជាក់ថា ការដោះលែងអ្នកទោសដ៏សន្ធឹកសន្ធាប់ដែលមានចំនួនប្រមាណ ៦០០០ នាក់ រួមទាំងមេដឹកនាំជាន់ខ្ពស់របស់ NLD សកម្មជនប្រឆាំងសំខាន់ៗ អ្នកកាសែត និងជនជាតិអូស្ត្រាលី អង់គ្លេស ជប៉ុន និងសហរដ្ឋអាមេរិក គឺជាកាយវិការវិជ្ជមានមួយក្នុងទិសដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសមួយដែលអំណោយផលសម្រាប់ការចាប់ផ្តើមដំណើរការសន្ទនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា។ ឯកឧត្តមប្រេសិតពិសេស ក៏បានបង្ហាញនូវក្តីសង្ឃឹមថា នឹងមានការដោះលែងអ្នកទោសបន្ថែមទៀតនាពេលអនាគត ដើម្បីផ្តល់ឱកាសដល់សន្តិភាព និងការផ្សះផ្សាជាតិ។
សហភាពអឺរ៉ុបបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងាររបស់ប្រេសិតពិសេស ក្នុងការជំរុញកិច្ចព្រមព្រៀង 5PC និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្លួន ក្នុងការគាំទ្រមជ្ឍិមភាពអាស៊ាន និងតួនាទីដឹកនាំរបស់អាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលទៅកាន់មាគ៌ាប្រជាធិបតេយ្យវិញ ឱ្យបានឆាប់បំផុត។ កម្ពុជាក្នុងនាមជាប្រធានអាស៊ានបានសម្តែងនូវសេចក្តីដឹងគុណចំពោះសហភាពអឺរ៉ុប ក្នុងការរួមចំណែកដ៏សប្បុរសដល់អាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់នេះ ជាពិសេសក្នុងផ្នែកជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា៕
ដោយ៖ពលជ័យ


