លោក ត្រាំ ចង់ដកថវិកាជិត៤ពាន់លានដុល្លារអាម៉េរិកពីក្រសួងការពារជាតិ យកទៅសង់ជញ្ជាំងអាម៉េរិក-ម៉ិកស៊ិក
សារព័ត៌មានហ្ស៊ីនហួរបានចេញផ្សាយនៅថ្ងៃទី៤កញ្ញានេះថា រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងបង្វែរថវិកាទំហំ៣,៦ពាន់លានដុល្លារពីគម្រោងផ្សេងៗរបស់ក្រសួងការពារជាតិអាម៉េរិក ដើម្បីយកទៅប្រើប្រាស់សម្រាប់ដំណើរការសាងសង់ជញ្ជាំងព្រំដែនរវាងសហរដ្ឋអាម៉េរិក និងប្រទេសម៉ិកស៊ិក។ 
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក Mark Esper បានជូនដំណឹងប្រាប់ដល់ថ្នាក់ដឹកនាំនៃសភាអាម៉េរិក រួមមានប្រធានសភាតំណាងរាស្រ្តលោកស្រី Nancy Pelosi និងប្រធានសំឡេងភាគតិចនៃព្រឹទ្ធសភាលោក Charles Schumer នៃគណបក្សប្រជាធិបតេយ្យ អំពីការសម្រេចចិត្តរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការបង្វែរថវិកាចេញពីគម្រោងសាងសង់ របស់យោធា ទៅកាន់គម្រោងសាងសង់ជញ្ជាំងតាមបណ្តោយព្រំដែនភាគខាងត្បូងវិញ។
ក្នុងចំណោមថវិកា៣,៦ពាន់លានដុល្លារនោះ ពាក់កណ្តាលនឹងបានមកពីគម្រោងសាងសង់របស់យោធា ដែលនៅក្រៅប្រទេស ខណៈពាក់កណ្តាលទៀត នឹងយកចេញពីគម្រោងរបស់ក្រសួងការពារជាតិ ដែលស្ថិតនៅក្នុងសហរដ្ឋអាម៉េរិកផ្ទាល់។ ទាំងលោក Schumer និងលោកស្រី Pelosi សុទ្ធតែបានរិះគន់ចំពោះការសម្រេចចិត្តនេះ ដោយថាលោក ត្រាំ កំពុងព្យាយាមដណ្តើមអំណាចពីសភា។
គួរជម្រាបថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសភាពអាសន្នថ្នាក់ជាតិមួយ កាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយបានបង្គាប់ឲ្យមានការប្រមែប្រមូលថវិកា ពីបណ្តាស្ថាប័នរដ្ឋាភិបាល ដើម្បីយកទៅកសាងជញ្ជាំងនៅបណ្តោយព្រំដែនអាម៉េរិកជាប់នឹងម៉ិកស៊ិក ដែលលោកបានសន្យាជាយូរណាស់មកហើយ៕ម.ន
