រដ្ឋមន្រ្តីកសិកម្មជំរុញឲ្យសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា យកបទពិសោធន៍ពីការ បំពេញទស្សនកិច្ចក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន មកចូលរួមថែរក្សាការពារ កសាង និងអភិវឌ្ឍន៍ទឹកដីអង្គរដ៏បវររបស់យើងទាំងពេលបច្ចុប្បន្ន និងអនាគត
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យប្អូនៗសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងជប៉ុន ចំនួន២៩នាក់ ចូលជួបសម្តែងការគួរសមមុនចេញដំណើរទៅបំពេញទស្សនកិច្ចក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន SSEAYP សម្រាប់រយ:ពេល៥២ថ្ងៃ នៅប្រទេសកម្ពុជា វៀតណាម សិង្ហបូរី ហ្វីលីពីន និងចុងក្រោយ គឺប្រទេសជប៉ុន។
លោក ស៊្រាង គឹមលី ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានជម្រាបជូនថា សមាគមនេះបានបង្កើតឡើងនៅឆ្នាំ១៩៧៤ ដោយឡែកកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៅឆ្នាំ២០០៤ រហូតមកទល់បច្ចុប្បន្នកម្ពុជាមានសមាជិកសរុប៥៩៤នាក់។ សម្រាប់ឆ្នាំនេះ មានយុវជន និងយុវនារីចំនួន៣៣៥នាក់ ដែលអញ្ជើញមកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ រួមទាំងប្រទេសជប៉ុនផងដែរ។ គោលបំណងចម្បងរបស់សមាគម គឺកសាងទំនាក់ទំនងអន្តជាតិ ចែករំលែកប្រពៃណី វប្បធម៌ ចូលរួមការងារសង្គម ការថែរក្សា និងអភិរក្សបរិស្ថាន បរិច្ចាគឈាម ធ្វើឲ្យប្រសើរឡើងផ្នែកជំនាញ និងភាពជាអ្នកដឹកនាំ ពង្រឹងចំណេះដឹង និងជំនាញច្បាស់លាស់ ការចែករំលែកបទពិសោធន៍ ការរស់រួមគ្នា និងធ្វើការជាក្រុម។ល។ សម្រាប់សកម្មភាពនៅប្រទេសកម្ពុជាក្រុមយុវជននឹងចូលរួមដាំព្រៃកោងកាង និងផ្តល់ឈាម។ 
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ក្មួយៗដែលបានបង្ហាញឲ្យឃើញពីសក្តានុពលយ៉ាងធំធេងលើចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ដ៏មានតម្លៃ ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបណ្តុះ និងត្រូវការជាចាំបាច់។ ឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ទាក់ទងនឹងការសិក្សារៀនសូត្រ ការធ្វើជាមន្រ្តីល្អ បុគ្គលល្អ ពលរដ្ឋល្អ និងជាពិសេសជាថ្នាក់ដឹកនាំល្អ។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើអត្ថាធិប្បាយដោយសង្ខេបអំពីការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ជាក់ស្តែងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ និងវិស័យកសិកម្ម។ សមិទ្ធផលដ៏ធំធេងដែលរាជរដ្ឋាភិបាលសម្រេចបាននាពេលបច្ចុប្បន្ន គឺមិនអាចកាត់ផ្តាច់បានពីតម្លៃនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលទទួលបានពីគោលនយោបាយឈ្នះ-ឈ្នះ រួមជាមួយការពលិកម្មរបស់សម្តេចតេជោ។ 
ហេតុផលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្ត និងគាំទ្រដល់យុវជនគ្រប់ៗរូបត្រូវយកឱកាសដ៏មានតម្លៃនេះ ព្យាយាមសិក្សារៀនសូត្រ ដកស្រង់ ចែករំលែងបទពិសោធន៍ទាំងចំណេះជំនាញ ចំណេះដឹងទូទៅ អក្សរសាស្រ្ត ប្រពៃណី វប្បធម៌ ការគ្រប់គ្រងប្រទេស និងភាពជាអ្នកដឹកនាំ។ល។ ដើម្បីនាំយកធាតុចូលដែលជាពុទ្ធិ និងបទពិសោធន៍ទាំងនោះមកមាតុភូមិវិញចូលរួមថែរក្សា ការពារ កសាង និងអភិវឌ្ឍទឹកដីអង្គរដ៏បវររបស់យើងទាំងពេលបច្ចុប្បន្ន និងអនាគត។ ចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានជូនពរឲ្យក្មួយៗយុវជនគ្រប់ៗរូបធ្វើដំណើរទៅចូលរួមកម្មវិធីនេះមានសុខភាព ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យ៕ម.ន



