ក្រសួងការពារជាតិបញ្ជាក់ការៀបចំខួប នៃទិវានយោបាយឈ្នះឈ្នះ (Video Inside)

ក្រសួងការពារជាតិ បានជូនការប្រារព្ធខួបលើកទី២៤ នៃទិវានយោបាយ ឈ្នះ ឈ្នះ ដែលជាការរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិខ្មែរ នៃការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង។

នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងក្នុងសន្និសីទកាសែតថ្ងៃនេះថា នៅថ្ងៃទី២៩ ខែធ្នូខាងមុខនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការប្រារព្ធទិវានយោបាយឈ្នះ ឈ្នះរំលឹក ខួបលើកទី២៤ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិល នៅកម្ពុជា។

នាយឧត្តមសេនីយ៍ បានថ្លែងបន្តថាការរៀប ចំពិធីនេះ មានគោលបំណងឲ្យប្រជាពលរដ្ឋចងចាំ និងចូលរួមថែរក្សាកេរដំណែលប្រវត្តិសាស្រ្ត និងសន្តិភាពដែលបានមកដោយលំបាក និងឆ្លងកាត់នូវដំណាក់កាលអភិវឌ្ឍន៍ និងអូសបន្លាយវែងឆ្ងាយ។

ខួបនៃទិវានយោបាយឈ្នះ ឈ្នះ លើកទី២៤ នឹងប្រារព្ធធ្វើនៅបរិវេណវិមានឈ្នះ ឈ្នះ ដែលនឹងមានការរៀបចំស្តង់ពិព័រណ៍ ដើម្បីបង្ហាញការដឹងគុណ និងតឹកតាងប្រវត្តិសាស្រ្តរបស់អង្គភាពទាំងឡាយ ដែលបានចូលរួមអនុវត្តនយោបាយ ឈ្នះ ឈ្នះ ក៏ដូចជាប្រតិបត្តិករដែលពលីជីវិតនិងខ្លះនៅរស់រានមានជីវិត។

ក្នុងទិវាខួបអនុស្សាវរីយ៍នោះ នឹងមានការបាញ់កាំជ្រួចពីរលើក គឺនៅថ្ងៃទី២៩ និងថ្ងៃទី៣១ ខែធ្នូ នៃថ្ងៃឆ្លងឆ្នាំថ្មី សម្រាប់ប្រជាពលរដ្ឋដែលអញ្ជើញទៅកម្សាន្តនៅវិមាន ឈ្នះ ឈ្នះ ផងដែរ៕

ads banner