យុទ្ធនាការ «បរិច្ចាគឈាមសង្គ្រោះជីវិត» ទទួលបានការគាំទ្រ ច្រើនពីសំណាក់សាធារណជន
ភ្នំពេញ៖ យុទ្ធនាការ “បរិច្ចាគឈាមសង្គ្រោះជីវិត” ក្រោមកិច្ច សហការរវាងមជ្ឈមណ្ឌលជាតិផ្តល់ឈាមនិងក្រុមហ៊ុន ជីប ម៉ុង បានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់បុគ្គលិក និង សាធារណជនលើការរំពឹងទុកដែលមានអ្នកចូលរួម៣០០នាក់ ដែលការបរិច្ចាគឈាមនេះជាសកម្មភាពមនុស្សធម៌ជួយសង្គមជាតិ។
ក្រុមហ៊ុន ជីប ម៉ុង ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌល ជាតិផ្ដល់ឈាម ក្នុងយុទ្ធនាការ «បរិច្ចាគឈាមសង្គ្រោះជីវិត» របស់ក្រុមហ៊ុន ជាមួយសម្ព័ន្ធពាណិជ្ជកម្ម ៤ ទៀតរបស់ខ្លួន ដែលរួមមាន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍, ធនាគារ ជីប ម៉ុង, ជីប ម៉ុង រីថែល និងជីប ម៉ុង លែន បានរៀបចំយុទ្ធនាការនេះ រយៈពេល បួនថ្ងៃចាប់តាំងពីថ្ងៃទី ៨ និងថ្ងៃ ១៣-១៥ ខែធ្នូ ឆ្នាំ ២០២២។ ក្នុងយុទ្ធនាការនេះ មានអ្នកចូលរួមចុះឈ្មោះពីបុគ្គលិក និងសាធារណជន សរុបរហូតដល់ជាង ៣០០នាក់។
អនុប្រធានការិយាល័យបច្ចេកទេស មជ្ឈមណ្ឌលជាតិផ្ដល់ ឈាមលោកស្រី យស់ សុម៉ាលី តំណាងឱ្យក្រុមគ្រូពេទ្យ ដែលបានចូលរួមរយៈពេលប៉ុន្មានថ្ងៃមកនេះ បានថ្លែង អំណរគុណ និងកោតសសើរ ចំពោះ ក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែមានទឹកចិត្ត រៀបចំកម្មវិធីបរិច្ចាគឈាម ដែលបានជួយសង្រ្គោះជីវិតប្រជាពលរដ្ឋជាច្រើនរយនាក់នៅកម្ពុជា។
លោកស្រីបង្ហាញចំណាប់អារម្មណ៍ថា ៖ « ខ្ញុំសប្បាយចិត្ត ដែលឃើញអ្នកបរិច្ចាគមកបន្តកន្ទុយគ្នា និងចេះចែករំលែក របស់ប្រជាជនកម្ពុជា ហើយសកម្មភាពទាំងនេះ គួរតែត្រូវបាន ធ្វើការលើកកម្ពស់ និងផ្សព្វផ្សាយដោយទូលំទូលាយ»។
ជាមួយគ្នានេះ អ្នកស្រី ងិន លីដា ប្រធានគ្រប់គ្រងផ្នែក ទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ជីប ម៉ុង និងជាអ្នក សម្របសម្រួលយុទ្ធនាការផ្ដល់ឈាមនេះបានលើកឡើងថា ភាពជោគជ័យក្នុងយុទ្ធនាការនេះនឹងជាកម្លាំងចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចការរបស់ខ្លួនក្នុងការបំពេញបេសកកម្មបរិច្ចាគត្រលប់មកសង្គមវិញ ហើយអ្នកស្រីសង្ឃឹមថា ឆ្នាំក្រោយៗនឹងមានអ្នក ចូលរួមកាន់តែច្រើនបន្ថែមទៀត។
អ្នកស្រីថា ៖ «ក្រុមហ៊ុន ជីប ម៉ុង ពិតជាមានសេចក្ដីអំណរ និងសូមកោតសរសើរទឹកចិត្តចំពោះគ្រប់គ្នា ដែលបានចំណាយ ពេលដ៏មានតម្លៃក្នុងការមកចូលរួមធ្វើការបរិច្ចាគឈាម និង សូមថ្លែងអំណរគុណ សម្រាប់ទាំងអ្នករៀបចំកម្មវិធី អ្នកចូល រួមកម្មវិធី និងក្រុមគ្រូពេទ្យក្នុងការស្វះស្វែងអស់ពីកម្លាំង កាយចិត្ត និងបានធ្វើឱ្យកម្មវិធីបញ្ចប់ទៅដោយរលូន»។
ជាមួយគ្នានោះក្នុងចំណោមសាធារណជន ដែលចូលរួមឡើង គគ្រឹកគគ្រេងស្វាមីភរិយាមួយគូ គឺលោក យ៉េប ហាគិម និងអ្នកស្រី យូសុះយូទី ដែលទើបឡើងពីខេត្តមក ដើរលេង ក្នុងផ្សារ បានធ្វើការសម្រេចចិត្តបរិច្ចាគភ្លាមៗ ដោយយល់ថា នេះជាឱកាសល្អក្នុងការចូលរួមចំនែកជួយសង្គមកម្ពុជា។
ដូចគ្នាដែរ មិត្តភក្តិស្រីៗ ពីរនាក់ម្នាក់ឈ្មោះ ទិព្វ ស្រីលាក់ និងម្នាក់ឈ្មោះ យឹម ស៊ីវងីម បានប្រាប់ដែរថា ស្របពេល ដែលចង់បរិច្ចាគឈាមនៅថ្ងៃកំណើតរបស់ខ្លួនប៉ុន្មានថ្ងៃខាងមុខ ក៏ស្រាប់តែប្រទះឃើញដំណឹងនេះតាមរយៈហ្វេសប៊ុកផេក របស់ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយក៏បានយក ឱកាសនេះចូលរូម ដោយបង្ហាញអារម្មណ៍រីករាយជាខ្លាំងក្នុង ការ រួមចំណែកក្នុងការងារមនុស្សធម៌នេះ។
លោក នៅ ធឿន អាយុ ៣១ ឆ្នាំ បម្រើការងារនៅក្រុមហ៊ុន ឯកជន បានឱ្យដឹងថា រូបគាត់បានបរិច្ចាគឈាមជាលើកទី២ បើគិតត្រឹមថ្ងៃទី ១៥ ខែធ្នូនេះ ដើម្បីជួយដល់អ្នកខ្វះខាតពិត ប្រាកដ។
លោកថា ៖ «គ្រូពេទ្យគាត់ពន្យល់យើងពីអត្ថប្រយោជន៍នៃកា រ ផ្លាស់ប្តូរឈាម ធ្វើឱ្យប្រព័ន្ធឈាមយើងមានដំណើរការស្រូល។ ខ្ញុំចង់សំណូមពរដល់យុវជនទាំងអស់ ដើម្បីមានភាពក្លាហាន ក្នុងការផ្តល់ឈាមទៅដល់អ្នកខ្វះខាតពិតប្រាកដ និងដើម្បី សុខភាព»។
ជាមួយគ្នានេះ លោក សេង ហាក់ ប្រាប់ថា ខ្លួនបានបរិច្ចាគ ឈាម ជាលើកទី៣ ខណៈលោកថាពុំមានប៉ះពាល់ដល់ សុខភាពនោះទេ មានតែធ្វើឱ្យលោកមានភាពរឹងមាំ។
លោកបានប្រាប់ថា ៖ «ខ្ញុំគិតថាការបរិច្ចាគនេះ ដើម្បីជួយដល់ អ្នកខ្វះខាតពិប្រាកដ ព្រោះពលរដ្ឋខ្លះគាត់ខ្វះខាតថវិកា សម្រាប់ទិញឈាមយកមកប្រើប្រាស់ ឬជួយសង្គ្រោះសាច់ ញាតិ។ ការបរិច្ចាគឈាមនេះ៣ លើកហើយ ខ្ញុំមានសុខភាព ធម្មតា ថែមទាំងបានពិនិត្យឈាមបានទៀតទាត់ទៀតផង»។
សូមបញ្ជាក់ដែលថា ថ្វីត្បិតថានេះជាថ្ងៃបញ្ចប់ យុទ្ធនាការ «បរិច្ចាគឈាមសង្គ្រោះជីវិត» របស់ក្រុមហ៊ុន ជីប ម៉ុង តែគ្រប់គ្នានៅតែអាចចូលរួមបរិច្ចាគទៅកាន់ មជ្ឈមណ្ឌល ជាតិ ផ្ដល់ឈាម ផ្ទាល់ជារៀងរាល់ថ្ងៃ ព្រោះតម្រូវការឈាមគឺនៅ តែមានកម្រិតខ្ពស់៕
ដោយ៖ឡាយ សាមាន


