អាមេរិកព្យាយាមស្ដារទំនាក់ទំនង ជាមួយអាហ្វ្រិក ដើម្បីតាមឱ្យ ទាន់ ដៃគូប្រកួតប្រជែងចិន
ស.រ.អា៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ស្វែងរកការ ស្តារឡើងវិញនូវទំនាក់ទំនងរបស់អាមេរិកជាមួយអាហ្រ្វិក តាមរយៈគំនិតផ្តួចផ្ដើមសេដ្ឋកិច្ចនិងការប្ដេជ្ញាផ្សេងទៀត ចំពោះទ្វីបដែលអាមេរិកធ្លាប់មិនសូវជាអើពើក្នុងរដ្ឋបាលត្រាំ ដើម្បីដេញតាមឱ្យទាន់ដៃគូប្រកួតប្រជែងរបស់ខ្លួនគឺប្រទេសចិន ដែលពង្រីកឥទ្ធិពលយ៉ាងលឿននៅលើទ្វីបនេះ។
ជំហានដ៏សស្រោកសស្រាំរបស់លោក បៃដិន នាពេលនេះ ធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាហ្វ្រិក ជាមួយបណ្ដា មេដឹកនាំមកពីអាហ្វ្រិកនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ ទី១៤ ខែធ្នូ។ តាមរយៈកិច្ចប្រជុំនេះ អាមេរិកបានប្តេជ្ញាលើ ការវិនិយោគឱ្យបានដល់ ៥៥ ប៊ីលានដុល្លារលើវិស័យសេដ្ឋកិច្ច សុខាភិបាល និងសន្តិសុខជាដើម ក្នុងរយៈពេលបីឆ្នាំខាងមុខ ខណៈគាំទ្រនិងជំរុញកិច្ចខិតខំប្រឹងប្រែងឱ្យអាហ្វ្រិកក្លាយទៅជាតំបន់ដែលកាន់តែមានភាពរីកចម្រើន និងជឿនលឿនផ្នែក បច្ចេកវិទ្យាជាងមុន។
លោក បៃដិន បានប្រកាសក្នុងសុន្ទរកថាទៅកាន់គណៈ ប្រតិភូ នៃប្រទេសចំនួន ៤៩ ដែលចូលរួមក្នុងកិច្ចប្រជុំថា៖ «សហរដ្ឋ អាមេរិកស្ថិតនៅគ្រប់ផ្នែកទាំងអស់នៃអនាគតរបស់ទ្វីបអាហ្រ្វិក។ យើងទាំងអស់គ្នាចង់កសាងឱកាសនាពេលអនាគត ដែល គ្មាន ប្រទេសណាមួយត្រូវបានគេទុកចោល»។
គួរកត់សម្គាល់ថា កិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃ ដែលត្រូវ បញ្ចប់ នៅថ្ងៃព្រហស្បតិ៍ ទី១៥ខែធ្នូនេះ ពោរពេញទៅដោយការ សង្កត់ ធ្ងន់លើការគាំទ្ររបស់អាមេរិកចំពោះទ្វីបអាហ្វ្រិក តាមរយៈ ការ សន្យាជាក់ស្ដែងលើបញ្ហាសំខាន់ៗផ្សេងៗ ប៉ុន្តែប្រសិទ្ធភាព នៃកិច្ចប្រឹងប្រែងរបស់លោក បៃដិន លើការផ្លាស់ប្ដូរការយល់ ឃើញចំពោះអាមេរិករបស់អាហ្រ្វិក ក៏ដូចជាប្រកួតប្រជែង ជាមួយគូប្រជែង នៅតែមិនច្បាស់លាស់។
កន្លងមកសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ដើរយឺតជាងប្រទេសចិនលើទំនាក់ទំនងជាមួយទ្វីប អាហ្រ្វិក ដែលជាទីប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏ធំ សម្រាប់ប្រទេសផ្សេងៗទៀតដូចជារុស្ស៊ីជាដើម។ បច្ចុប្បន្ន វា ប្រហែលជាឱកាសដ៏សំខាន់សម្រាប់អាមេរិក ក្នុងការចាប់យក អាហ្វ្រិកមកវិញ ពោលគឺនៅពេលដែលការឈ្លានពាន អ៊ុយក្រែនរបស់រុស្ស៊ី បានធ្វើឱ្យកង្វះស្បៀងអាហារនៅក្នុង ទ្វីបនេះមានលក្ខណៈកាន់តែធ្ងន់ធ្ងរទៅៗទន្ទឹមគ្នានឹងវិបត្តិកូវីដ១៩ ដែលបានបង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់ ហើយបង្កើនបញ្ហា ប្រឈមបន្ថែមទៀតនៅលើទ្វីប។
តាមពិតទៅឥទ្ធិពលរបស់អាមេរិកនៅអាហ្រ្វិក បានធ្លាក់ចុះរួច ស្រាប់ទៅហើយ ក្រោមការគ្រប់គ្រងរបស់លោក ដូណាល់ ត្រាំ ដោយសារតែការមិនអើពើរបស់អតីតប្រធានាធិបតីរូបនេះចំពោះទ្វីបមួយនេះ។
យ៉ាងណាមិញ ក្នុងជំនួបនៅថ្ងៃពុធ លោក បៃដិន បានព្យាយាម ស្ដារទំនាក់ទំនងរវាងភាគីទាំងពីរឡើងវិញ ដោយខិតខំ បង្ហាញ ពីក្តីការយកចិត្តទុកដាក់ផ្សេងៗ។ ឧទាហរណ៍ ការអបអរសាទរ ដល់មេដឹកនាំអាហ្វ្រិកដែលកំពុងបំពេញទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោន និងការផ្តល់កិត្តិយសចំពោះម៉ារ៉ុក ដែលជាប្រទេស អាហ្វ្រិកដំបូងគេឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោក ជាដើម។
មិនត្រឹមតែប៉ុណ្ណេះ លោក បៃដិន បានបង្ហាញនូវគំនិត ផ្តួច ផ្តើម ជាបន្តបន្ទាប់ រួមទាំងកិច្ចព្រមព្រៀងដែលមានគោលដៅ លើកទឹក ចិត្តដល់ការបង្កើតតំបន់ពាណិជ្ជកម្មសេរីទូទាំងទ្វីប ដែលជាប់គាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រដ្ឋបាលរបស់លោក បានចុះហត្ថលេខាលើអនុស្សរណៈ នៃ ការយោគយល់ ដើម្បីគាំទ្រតំបន់ពាណិជ្ជកម្មសេរីទ្វីបអាហ្រ្វិក ដែលបន្ធូរបន្ថយរបាំងពាណិជ្ជកម្មរវាងប្រទេសនីមួយៗ។
ជាមួយគ្នាដែរ លោក បៃដិន ប្ដេជ្ញាថានឹងជួយបណ្តាប្រទេស ក្នុងទ្វីបអាហ្រ្វិក លើការផ្លាស់ប្តូរទៅប្រើថាមពលស្អាត ការងាកទៅរកសេដ្ឋកិច្ចឌីជីថល បន្ថែមពីលើការវិនិយោគ លើសន្តិសុខអ៊ិនធឺណិត។ ចំណុចនេះផ្ទុយទៅនឹងគូប្រជែងចិន ដែលដៃគូពាណិជ្ជកម្មធំបំផុតរបស់អាហ្វ្រិក និងដែលផ្តោតលើ ការវិនិយោគជាច្រើនតាមរយៈការសាងសង់ផ្លូវថ្នល់ ស្ពាន អាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗទៀត។
លោក បៃដិន បានថ្លែងក្នុងសុន្ទរកថា គោលដៅរបស់អាមេរិកគឺ មិនមែនដើម្បីបង្កើតកាតព្វកិច្ចនយោបាយ ឬជំរុញការពឹងផ្អែក ប្រទេសណាមួយនោះទេ ប៉ុន្តែគឺដើម្បី «ជំរុញភាពជោគ ជ័យ រួមគ្នា»។ លោកបន្តថា៖ «ដោយសារតែពេលអាហ្វ្រិកជោគជ័យ សហរដ្ឋអាមេរិកក៏ជោគជ័យ។ និយាយដោយត្រង់ទៅ ពិភពលោក ទាំងមូលក៏ជោគជ័យផងដែរ»។
កិច្ចប្រឹងប្រែងរបស់រដ្ឋបាល បៃដិន នាពេលនេះ មានគោល បំណង ប្រកួតប្រជែងជាមួយប្រទេសចិន ដែលបានវ៉ាដាច់ សហរដ្ឋ អាមេរិក លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយអាហ្វ្រិក។ ប៉ុន្តែការសង្កត់ធ្ងន់លើការ គាំទ្ររបស់អាមេរិកចំពោះអាហ្វ្រិក គឺជាការទទួលស្គាល់ ដោយប្រយោលថា សហរដ្ឋអាមេរិកមានជម្រើសតិចតួច គឺត្រូវតែប្តេជ្ញាចិត្តចំពោះអាហ្រ្វិក ជាទ្វីបដែលសម្បូរទៅ ដោយធនធានសំខាន់ៗសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរទៅរកថាមពលស្អាត។
គេមើលឃើញថា បញ្ហាប្រឈមសម្រាប់លោក បៃដិន គឺការបញ្ចុះបញ្ចូលបណ្ដាមេដឹកនាំអាហ្រ្វិកថាអាមេរិកពិតជាចង់ធ្វើការជាមួយពួកគេ ខណៈមេដឹកនាំជាច្រើននៅតែសង្ស័យ លើការប្ដេជ្ញារបស់អាមេរិក។ វិបត្តិកូវីដ និងការឈ្លានពាន អ៊ុយក្រែន របស់រុស្ស៊ី គឺជាចំណុចសំខាន់របស់លោក បៃដិន ក្នុងការយកចិត្តមេដឹកនាំអាហ្វ្រិក ដោយសម្អាងលើការ ផ្ដល់ វ៉ាក់សាំងចំនួន ២៣១ លានដូសទៅកាន់ប្រទេសអាហ្វ្រិក ចំនួន ៤៩។
ពិតណាស់ សង្រ្គាមនៅអ៊ុយក្រែនបានគូសបញ្ជាក់អំពីទំហំនៃ អាទិភាពរបស់អាមេរិក។ ក្នុងសេចក្ដីថ្លែងការណ៍កាលពីពុធ សេតវិមានបានឱ្យដឹងថា ក្រុមហ៊ុនអាមេរិក និងអាហ្រ្វិក បានសម្រេចបានការប្ដេជ្ញា និងការព្រមព្រៀងថ្មីតម្លៃ ១៥ ប៊ីលានដុល្លារពីកិច្ចប្រជុំកំពូល ដោយគ្របដណ្តប់លើ ថាមពលប្រកបដោយនិរន្តរភាព ប្រព័ន្ធសុខាភិបាល កសិពាណិជ្ជកម្ម ការតភ្ជាប់ឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុ។ ប៉ុន្តែផ្ទុយទៅវិញ រដ្ឋបាលបៃដិន និងសភា អាមេរិក បានចំណាយប្រាក់លើបញ្ហានៅអ៊ុយក្រែនរហូតដល់ ៦៦ ប៊ីលានដុល្លារ ខណៈសេតវិមានទើបតែស្នើសុំសភា ៣៧,៧ ប៊ីលានដុល្លារបន្ថែមទៀត។
ទោះយ៉ាងណាក៏ដោយ លោក Jake Sullivan ទីប្រឹក្សា សន្តិសុខជាតិអាមេរិក បាននិយាយថា រដ្ឋបាលបច្ចុប្បន្នបាននិង កំពុងខិតខំប្រឹងប្រែងដើម្បីស្តារទំនាក់ទំនងទៅកាន់ទ្វីបអាហ្វ្រិកចាប់តាំងពីលោកបៃដិនឡើងកាន់តំណែង។ ចំណែកឯអ្នក វិភាគ ខ្លះវិញយល់ឃើញថា ប្រសិទ្ធភាពយ៉ាងណានៃកិច្ច ប្រឹងប្រែងរបស់រដ្ឋបាលបៃដិន នាពេលនេះនោះនឹង អាស្រ័យ ទៅលើពេលវេលា ដែលនឹងបង្ហាញពីលទ្ធផលជាក់ស្ដែង។
ការដេញឱ្យទាន់ចិននៅអាហ្រ្វិក ប្រហែលជាពិបាកសម្រាប់ លោក បៃដិន នាពេលនេះ បើទោះបីជាមន្រ្តីរបស់លោកហាក់ រុញរាក្នុងការនិយាយថា កិច្ចប្រជុំកំពូលនៅសប្ដាហ៍នេះជាការ ប្រយុទ្ធដើម្បីពង្រីកឥទ្ធិពលក៏ដោយ។
យោងតាមការវិភាគរបស់អង្គការស្រាវជ្រាវ Eurasia Group ពាណិជ្ជកម្មចិន-អាហ្រ្វិកក្នុងឆ្នាំ ២០២១ មានរហូតដល់ ២៥៤ ប៊ីលានដុល្លារ ខណៈអាមេរិក-អាហ្រ្វិក មានត្រឹមតែ ៦៤,៣ ប៊ីលានដុល្លារប៉ុណ្ណោះ។
អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក ចន ឃឺរប៊ី កាលពីថ្ងៃពុធ បានលើកឡើងពីសារៈសំខាន់នៃការវិនិយោគ របស់សហរដ្ឋអាមេរិកនៅទ្វីបអាហ្រ្វិក ហើយនិយាយ ថា ទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរក «ការពិភាក្សាទ្វេភាគី» អំពីពាណិជ្ជកម្ម ការវិនិយោគ និងឱកាសសម្រាប់កំណើន សេដ្ឋកិច្ច៕
ដោយ៖ ហួន ឌីណា
ប្រភព៖ Biden Aims to Inject New Energy Into U.S. Relations With African Nations
US commits $55 billion to Africa over the next three years
Biden says U.S. is ‘all in’ on Africa’s future