ឯកឧត្តម ចាយ បូរិន តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូយុវជនគណបក្សចុះសួរសុខទុក្ខ ឯកឧត្តម ច័ន្ទ តុងអ៊ីវ ដល់គេហដ្ឋាន
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំប្រតិភូផ្នែកឃោសនាអប់រំសួរសុខទុក្ខ ឯកឧត្តម ច័ន្ទ តុងអ៊ីវ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានវ័យចាស់ដល់គេហដ្ឋានរបស់គាត់។
ឯកឧត្តមក៏បានរៀបរាប់ពីប្រវត្តិការងារប្រាប់ប្រតិភូផ្នែកឃោសនាអប់រំ ថា ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ លោកបានចូលបម្រើការងារ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយបានទទួលមុខដំណែង ជាអនុប្រធានការិយាល័យ
អនុប្រធាននាយកដ្ឋាន ប្រធាននាយកដ្ឋានក្សេត្យសាស្ត្រ ប្រធាននាយកដ្ឋានផែនការ ជាអនុរដ្ឋលេខាធិការ ជារដ្ឋលេខាធិការ ជារដ្ឋមន្រ្តីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តមក៏បានដាស់តឿនក្រើនរំលឹកដល់យុវជនគណបក្សថ្នាក់កណ្តាលទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចសំខាន់បី គឺបន្តថែរក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន កសាងសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀតក្នុងពេលបច្ចុប្បន្ន និងរៀបចំមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អ្នកជំនាន់ក្រោយ។ ដូចប្រសាសន៍សម្តេចតេជោ ប្រធានគណបក្សតែងថា គ្រប់កាលៈទេសៈណាក៏ដោយ គណបក្សប្រជាជនត្រូវតែឈ្នះ ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាទី៧ ឆ្នាំ២០២៣ខាងមុខនេះ ក៏ត្រូវតែឈ្នះដើម្បីបន្តដឹកនាំប្រទេស ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរាប់សិបឆ្នាំតទៅមុខទៀត៕ ដោយ ៖ ហេង សម្បត្តិ


