កងពលតូចដឹកជញ្ជូនលេខ៩០ នាំយកថវិការប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
(ភ្នំពេញ) ៖ ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បាននាំយកថវិកាបានមកពីការចូលរួមបរិច្ចាគពីនាយទាហាន នាយទាហានរង និង ពលទាហានចំណុះកងពលតូចដឹកជញ្ជូនលេខ៩០ ដែលមានថវិកាសរុបចំនួន ២០ ,០០០,០០០ រៀល ( ២០លានរៀល ) ប្រគល់ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយទ្រទង់ដល់ការពិនិត្យព្យាបាល និង ការថែទាំសុខភាពដល់កុមារកម្ពុជា ។
ពិធីប្រគល់-ទទួលថវិកានេះបានធ្វើនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយមាន លោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនង សាធារណៈ នៃមូលនិធិគន្ធបុប្ផាកម្ពុជា និងលោក មាស សារិទ្ធ ប្រធានរដ្ឋបាលបុគ្គលិក នៃមន្ទីពេទ្យគន្ធបុប្ផាកម្ពុជា ។
លោក ឃាន តួក តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា និងលោក មាស សារិទ្ធ តំណាងមន្ទីពេទ្យគន្ធបុប្ផាកម្ពុជា បានថ្លែងអណរគុណ ដល់ឯកឧត្តម ឈរ សុខ នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩០ បាននាំយកថវិកា មកប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា នាពេលនេះ ដែលទង្វើរនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ បងប្អូន នាយទាហាន នាយទាហានរង និង ពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក បើទោះបីជាប់ភារកិច្ចក្នុងការ ចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ និងការពារអធិបតេយ្យ បូរណភាពទឹកដី យ៉ាងណាក្តី ក៏យោធិនកងពលតូចដឹកជញ្ជូនលេខ៩០ បានចែករំលែកនូវថវិកាដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីអោយមន្ទីរពេទ្យ បានបន្តដំណើរការ ពិនិត្យព្យាបាល សង្គ្រោះ កុមារ បន្តទៀត ។
សូមបញ្ជាក់ថា៖ កងពលតូចដឹកជញ្ជូនលេខ ៩០ បានបរិច្ឆាគថវិកា ជូនមូលនិធិគន្ធបុប្ផាកម្ពុជាចាប់តាំងពីឆ្នាំ២០១៨មក ដែលរហូតមកដល់ឆ្នាំ ២០២២នេះ មានរយៈពេល៥ឆ្នាំហើយ ។
មន្ទីរពេទ្យគន្ធបុប្ផា បានចាប់ផ្តើមបង្កើតចាប់តាំងពី ឆ្នាំ១៩៩២ ដោយលោកវេជ្ជបណ្ឌិត ប៊ីត រីឈឺន័រ ( Beat Richner ) ជាស្ថានិក និងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានកិត្តិយស នៃមន្ទីពេទ្យគន្ធបុប្ផាកម្ពុជា ហើយបានដំណើរការពិនិត្យ ព្យាបាល សង្រ្គោះ កុមារកម្ពុជា ដោយឥតគិតថ្លៃ ចាប់តាំងពីពេលនោះមក ៕ ប្រភព ៖ កងទ័ព



