សមត្ថកិច្ចជំនាញ ចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ៣ទីតាំងផ្សេងគ្នា
ភ្នំពេញ ៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ នាវេលាម៉ោង២០:០០នាទី ដោយបានការឯកភាពពី លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយវរសេនីយ៍ទោ រ៉ុម ម៉ិច បានបើកប្រតិបត្តិការចុះល្បាតនៅតាមតំបន់សំណង់ពណ៌ប្រផេះ និងសំណង់មិនរៀបរយទាំង១៤ខណ្ឌ ដោយបានបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ (ស្រី ០១នាក់) ចំនួន ០៣ទីតាំងផ្សេងគ្នា។
ដោយឡែកក្នុងនោះ មានទីតាំងទី១ ស្ថិតនៅចំណុចបន្ទប់ជួល ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទីតាំងទី២-ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ និងទីតាំងទី៣-ផ្លូវ រថភ្លើង សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។
សម្រាប់វត្ថុតាង ដែលសមត្ថកិច្ចជំនាញ ចាប់ដកហូតយកបាន រួមមាន៖ ជាប្រភេទ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៣កញ្ចប់ថង់តូច, ដបទឹកកែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ដែកកេះមួយចំនួន, និងទូរស័ព្ទចំនួន ០៣គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ រួមទាំងវត្ថុតាងចាប់ដកហូតយកបាន កម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ៖ ឆៃហួត និងប៊ុនធី