ឆេះអគារស្នាក់នៅមួយកន្លែង ស្លាប់មនុស្ស ១០នាក់ នៅបារាំង
លីយ៉ុង៖ មនុស្សចំនួន ១០នាក់បានស្លាប់ រួមមានទាំងកុមារ៥នាក់ ក្នុងគ្រោះអគ្គិភ័យមួយ បានកើតឡើង កាលពីវេលាយប់រំលងអធ្រាត្រ ឈានចូលដល់ថ្ងៃទី ១៦ ខែធ្នូ នៅអគារស្នាក់នៅមួយកន្លែង ក្នុងសង្កាត់ Vaulx-en-Velin នៅជាយទីក្រុងលីយ៉ុង (Lyon) ភាគខាងកើតប្រទេសបារាំង។
អាជ្ញាធរបារាំងប្រចាំតំបន់បានឱ្យដឹងថា គ្រោះអគ្គិភ័យនោះ ត្រូវបានរាយការណ៍ដំបូង ទៅកាន់សេវាឆ្លើយតបបន្ទាន់នៅវេលាម៉ោង ៣៖១២នាទីយប់ រំលងអធ្រាត្រ ហើយនៅម៉ោង៣៖២៥នាទី ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យប្រហែល ១៦០នាក់ និងរថយន្តពន្លត់អគ្គិភ័យ ៦៥គ្រឿង បានទៅដល់កន្លែងកើតហេតុ។ អគារស្នាក់នៅដែលបានរងការឆាបឆេះ គឺមានកម្ពស់ ៧ជាន់។
គួរបញ្ជាក់ថា ក្រៅពីអ្នកបាត់បង់ជីវិត មានមនុស្ស៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈ ១០នាក់ទៀត ក្នុងនោះមានអ្នកពន្លត់អគ្គិភ័យ ២នាក់ បានរងរបួស។ ដោយឡែក អាជ្ញាធរមិនទាន់អាចកំណត់ច្បាស់ អំពីមូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះ នៅឡើយទេ៕ ប្រភពពី AFP, ដោយ៖ សារ៉ាត


