ចិនបានកោះហៅមន្ត្រីការទូតនៅអង់គ្លេសត្រលប់ទៅចិនវិញ បន្ទាប់ពីអង់គ្លេសស្នើ សុំឱ្យបោះបង់អភ័យឯកសិទ្ធិរបស់ពួកគេ
ឡុងដ៍៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបានកោះហៅមន្ត្រីការទូតរបស់ ខ្លួនចំនួនប្រាំមួយនាក់នៅប្រទេសអង់គ្លេសឱ្យត្រលប់ទៅចិនវិញ បន្ទាន់ពីពួកគេត្រូវបានប៉ូលិសអង់គ្លេសចង់ធ្វើការសាកសួរពាក់ព័ន្ធនឹងការវាយបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យម្នាក់នៅមុខស្ថានកុងស៊ុលចិនក្នុងទីក្រុងម៉ែនឆេស្ទ័រ(Manchester) ប្រទេសអង់គ្លេស។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly បានប្រាប់អ្នក ព័ត៌មានកាលពីថ្ងៃពុធថា ការកោះហៅនេះធ្វើឡើងក្រោយរដ្ឋាភិបាល អង់គ្លេសបានស្នើសុំចិនឱ្យបោះបង់អភ័យឯកសិទ្ធិការទូតរបស់មន្រ្តីទូតទាំងនោះដើម្បីអាចអនុញ្ញាតឱ្យប៉ូលិសអង់គ្លេសធ្វើការហៅទៅសាកសួរបាន។
លោក Cleverly បានមានប្រសាសន៍ថា៖ «ជាការឆ្លើយតបទៅ នឹង សំណើរបស់យើង រដ្ឋាភិបាលចិនបានធ្វើការដកមន្ត្រីទាំងនោះ ចេញ ពីអង់គ្លេស រួមទាំងអគ្គកុងស៊ុលផងដែរ»។ លោកបន្ថែមថា៖ «នេះជា ការបង្ហាញឱ្យឃើញថា ការប្រកាន់ខ្ជាប់របស់យើងចំពោះនីតិរដ្ឋ និង ភាពហ្មត់ចត់របស់យើង ក៏មានឥទ្ធិពលទៅលើបញ្ហានេះផងដែរ»។
គួររម្លឹកថា ការវាយបាតុករនេះបានកើតឡើងក្នុងអំឡុងពេលបាតុកម្ម កាលពីខែតុលា នៅមុខស្ថានកុងស៊ុលចិនដើម្បីបង្ហាញពីការគាំទ្រ លទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុងដែលកំពុងរងការគាបសង្កត់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង។
វីដេអូនៃឧបទ្ទវហេតុនេះមួយត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយបានបង្ហាញឱ្យឃើញថា បាតុករម្នាក់ត្រូវបានបុរសមួយក្រុមអូស ចូលទៅក្នុងបរិវេណស្ថានកុងស៊ុល ហើយក៏បានវាយគេយ៉ាងដំណំ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Cleverly បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា៖ «រូបភាពដែលយើង ឃើញនៅលើបណ្ដាញសង្គមដែលបានបង្ហាញឱ្យឃើញថា ការ ប្រព្រឹត្តដោយមនុស្សមួយក្រុមនៅជិតច្រកចូលការិយាល័យកុងស៊ុល គឺជាទង្វើដែលមិនអាចទទួលយកបានទាល់តែសោះ»។
យ៉ាងណាក៏ដោយ អគ្គកុងស៊ុលចិនលោក Zheng Xiyuan បានអះអាងថាក្រុមបាតុករទាំងនោះបានញុះញង់ឱ្យប្រព្រឹត្តអំពើហិង្សា តាមរយៈការប្រើប្រាស់បដាដែលមានសរសេរពាក្យឈ្លើយៗ ដូច្នេះវាជាកាតព្វកិច្ចរបស់លោកក្នុងការការពារសេចក្តីថ្លៃថ្នូររបស់ប្រទេសចិន។
អ្នកនាំពាក្យស្ថានទូតចិននៅទីក្រុងឡុងដ៍បានថ្លែងកាលពីថ្ងៃពុធថា អង់គ្លេសបានបរាជ័យក្នុងការការពារបុគ្គលិកកុងស៊ុលរបស់ខ្លួន។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា៖ «វាគឺជាការញុះញង់ឱ្យប្រើ ហិង្សាដែលបង្កឡើងដោយចេតនារបស់អ្នកប្រឆាំងចិន ដោយបាន រករឿងសមាជិកស្ថានកុងស៊ុលរបស់យើង និងរំលោភបំពាន ដោយ ខុសច្បាប់ទៅក្នុងបរិវេណស្ថានកុងស៊ុល ដែលធ្វើឱ្យប៉ះពាល់ដល់ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីស្ថានកុងស៊ុលយ៉ាងធ្ងន់ធ្ងរ»។
ស្ថានទូតចិនក៏បានអះអាងថា អគ្គកុងស៊ុលបានត្រឡប់ ទៅ ប្រទេស ចិនវិញ ដោយសារតែលោកត្រូវចប់អាណត្តិ និងត្រូវជំនួសដោយ អ្នកថ្មីនាពេលខាងមុខ។
យ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍របស់ លោក Cleverly កាលពីថ្ងៃអង្គារបានឱ្យដឹងថា រដ្ឋាភិបាលអង់គ្លេសបានត្រៀម ខ្លួន ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រសិនបើប៉ូលិសបានរកឃើញថា មានករណី មជាប់ពាក់ព័ន្ធជាមួយមន្ត្រីនៅក្នុងឧប្បត្តិហេតុនេះ។ លោកបានបន្តថា៖ «យើងរំពឹងថាអ្នកការទូតបរទេសទាំងអស់ និងបុគ្គលិកកុងស៊ុល នឹងប្រកាន់ភ្ជាប់នូវស្តង់ដារល្អនៃឥរិយា បថ របស់ខ្លួនអំឡុងពេលបម្រើការងារនៅអង់គ្លេស ដោយមិនសំអាងលើអ ភ័យឯកសិទ្ធិរបស់ខ្លួន។ លោកបន្តថា៖ «ខ្ញុំខកចិត្តដែលក្រុមប្រើអំពើ ហិង្សា ទាំងនោះមិនត្រូវបានហៅមកសួរចម្លើយ ឬត្រូវប្រឈមមុខ នឹងការកាត់ក្ដីរកយុត្តិធម៌។ យ៉ាងណាក៏ដោយ វាជារឿងល្អដែល អ្នកទាំងនោះលែងមានវត្តមាននៅអង់គ្លេស»។
យោងតាមប៉ូលិសទីក្រុង Manchester គ្មានការចាប់ខ្លួន ណាមួយ ត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះនោះទេ ប៉ុន្តែការស៊ើបអ ង្កេតនៅតែបន្តអនុវត្តដដែល។
ប៉ូលិសបានកំណត់បាននូវបទល្មើសមួយចំនួន រួមមានការវាយដំ ជាច្រើនកន្លែងទៅលើជនរងគ្រោះ និងបទបំផ្លាញសណ្តាប់ធ្នាប់ សាធារណៈ ក៏ដូចជាជនសង្ស័យ និងជនរងគ្រោះពាក់ព័ន្ធនឹង ករណី នេះមួយចំនួនដែលយើងត្រូវធ្វើការសាកសួរ»។
យោងតាមអ្នករៀបចំការតវ៉ា បាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ទាំងអស់មានចំនួន ៦០ នាក់ ដោយបានប្រមូលផ្តុំគ្នានៅខាងមុខ ស្ថាន កុងស៊ុលចិននាទីក្រុង Manchester ដើម្បីតវ៉ាប្រឆាំងនឹង ការបង្រួបបង្រួមអំណាចរបស់មេដឹកនាំចិន លោក ស៊ី ជីនពីង។
គួរដឹងដែរថា អង់គ្លេសជាប្រទេសដែលមានប្រជាជនហុងកុងជា ច្រើនរស់នៅ។ ភាគច្រើន ពួកគេបានចាកចេញពីទីក្រុងហុងកុង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងបានដាក់ចេញឱ្យអនុវត្តច្បាប់សន្តិសុខជាតិកាលពីឆ្នាំ ២០២០ ក្រោយមានការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្ យក្នុងឆ្នាំ ២០១៩។ ស្ថិតនៅក្រោមច្បាប់នេះ បាតុករ និងសកម្មជន ត្រូវ បានចាប់ខ្លួន អង្គការសង្គមស៊ីវិលត្រូវបានរំលាយចោល ចលនាប្រឆាំងនយោបាយត្រូវបានគាបសង្កត់។ ទោះជាយ៉ាងនេះក្ដី រដ្ឋាភិបាលហុងកុងតែងតែបានបដិសេធម្តងហើយម្តងទៀតនូវរាល់ការរិះគន់ដែលថា ច្បាប់នេះបានរារាំងសិទ្ធិសេរីភាព ដោយបានអះអាង ថាវាបានស្តារសណ្តាប់ធ្នាប់នៅក្នុងទីក្រុងហុងកុងឡើងវិញបន្ទាប់ពីមានការបាតុកម្មតវ៉ាយ៉ាងខ្លាំងកាលពីឆ្នាំ២០១៩៕
ដោយ៖ ធា សុខណា