សារព្រះមហាក្សត្រប្រសិទ្ធពរដល់សម្តេច ហេង សំរិន ដែលកំពុងរងជម្ងឺ
ព្រះករុណាព្រះមហាក្សត្រខ្មែរ បានធ្វើព្រះរាជសារមួយដល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលកំពុងមានជម្ងឺ។ យោងតាមព្រះរាជសារ ការដែលដឹងថាសម្តេចប្រធានរដ្ឋសភាមាន ជម្ងឺនេះ គឺនៅបន្ទាប់ពីសម្តេចពញាចក្រីបានទូលថ្វាយការខកខានមិនបានដង្ហែរព្រះអង្គយាង ចូលរួមព្រះរាជពិធីសម្ពោធ មណ្ឌលព្រះកម្មដ្ឋានព្រះករុណាព្រះមហាក្សត្រសីហមុនី នៅខេត្តសៀមរាបថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២២។
ព្រះរាជសារព្រះមហាក្សត្រចុះថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២២ បានជួយបួងសួងសូមឱ្យសម្តេចប្រធានរដ្ឋសភាមានសុខភាពល្អ និងចាកផុតពីជម្ងឺផងទាំងពួង។
មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលមានព្រះជន្ម៨៨វស្សា កំពុងប្រឈមនឹងជម្ងឺអ្វីនោះទេ ប៉ុន្តែមានការបញ្ជាក់ពីប្រភពដែលស្និទ្ធថា សម្តេចប្រធានសភា បានឈឺចាប់តាំងពី កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាយប៉ាទើបបានបញ្ចប់នោះមកម្ល៉េះ។
កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាយប៉ារយៈពេល៥ថ្ងៃ ដែលមានការចូលរួមពី២៦ប្រទេសក្នុងនោះរួមមានទាំង ប្រទេសដែលសង្កេតការណ៍ផងដែរនោះ បានបិទបញ្ចប់នៅថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២២។
ព្រះរាជសារថ្វាយប្រសិទ្ធពរជ័យ នៅបានសម្តែងការកោតសរសើរយ៉ាងកក់ក្តៅ ចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដោយមិនគិតនឿយហត់ ដើម្បីបំពេញភារកិច្ចដ៏ឧត្តុងឧត្តមដឹកនាំស្ថាប័នរដ្ឋសភា និងបានបំរើជាតិ មាតុភូមិ និងប្រជារាស្ត្រ កម្ពុជាទទួលបានសេចក្តីសុខ សន្តិភាពនិងការអភិវឌ្ឍន៍គួរជាទីមោទនៈ។