ក្រសួងមុខងារសារធារណៈ នឹងប្រកាសដាក់ឱ្យដំណើរការអត្តសញ្ញាណប័ណ្ណមន្ដ្រីរាជការ ប្រភេទស្មាតកាត «Smart Card» ដែលអាចប្រើសម្រាប់ដកប្រាក់ខែតាម ATM បាននៅចុងខែធ្នូនេះ
ភ្នំពេញ៖ ក្រសួងមុខងារសារធារណៈ នឹងប្រកាសដាក់ឱ្យដំណើរការនូវអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលប្រភេទថ្មី ដែលអាចប្រើប្រាស់ជាផ្លូវការសម្រាប់ជាប័ណ្ឌសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹម(ATM)អាចដកប្រាក់បៀរវត្សពីធនគារផង និងអាចប្រើប្រាស់ជាមធ្យោបាយចាំបាច់ផ្សេទៀត។ នេះបើយោងតាមសេចក្តីជូនដំណើងរបស់ក្រសួងមុខងារសារធារណៈ ដែលអប្សរា ទទួលបាននៅល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នេះ។
សេចក្តីជូនដំណើងដដែលបានឱ្យដឹងថា បន្ទាប់ពីការជូនដំណឹងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ ក្រសួងមុខងារសារធារណៈ បានជម្រាបជូនមន្រ្តីរាជការស៊ីវិល និងសារធារណៈជន អំពីការបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលប្រភេទថ្មីរួចហើយ និងបានចាប់ផ្តើមដំណើរការផ្តល់ ជូនមន្រ្តីរាជការ ដើម្បីប្រើប្រាស់ជាផ្លូវការ។
ពិធីនៃការប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនូងអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលប្រភេទថ្មីនឹងប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍នេះ គូសបញ្ជាក់ជាថ្មីម្តងទៀត ពីវឌ្ឍភាពនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល រួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់សង្គមជាតិក្រោមមគ្គុទេសក៍ ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ ង៉ាន់ ទិត្យ

