លោក ពូទីន ពិភាក្សាជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងសង្គ្រាមនៅអ៊ុយក្រែន

ម៉ូស្គូ៖ វិមានក្រឹមឡាំងបានលើកឡើងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក្នុងថ្ងៃសុក្រសប្តាហ៍នេះ បានពិភាក្សាគ្នាអំពីទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងការវិនិយោគទៅវិញទៅមក មានដូចជាវិស័យថាមពល កសិកម្ម ការដឹកជញ្ជូន និងភស្តុភារ នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទ។

វិមានក្រឹមឡាំងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ពូទីន និងលោក ម៉ូឌី បានសម្តែងការពេញចិត្តចំពោះកម្រិតខ្ពស់ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបាននិងកំពុងអភិវឌ្ឍដោយផ្អែកលើភាពជាដៃគូយុទ្ធសាស្ត្រ ដែលមានឯកសិទ្ធិពីរុស្ស៊ី និងឥណ្ឌា។ មេដឹកនាំទាំងពីរក៏បានកត់សម្គាល់ផងដែរ អំពីសារៈសំខាន់នៃការរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅលើវេទិកាអន្តរជាតិ រួមទាំងក្រុមប្រទេស G20 និងអង្គការសហប្រតិបត្តិការសៀងហៃ។

ជាមួយគ្នានេះ លោក ពូទីន ក៏បានប្រាប់លោក ម៉ូឌី វិញអំពីគោលនយោបាយរបស់រុស្ស៊ីទាក់ទងនឹងប្រទេសអ៊ុយក្រែនផងដែរ។ ចំណែកលោក ម៉ូឌី បានរំលឹកឡើងវិញនូវការអំពាវនាវរបស់គាត់ ឱ្យមានការសន្ទនា និងការទូត ដែលជាមធ្យោបាយតែមួយគត់ ឆ្ពោះទៅមុខទាក់ទងនឹងវិបត្តិអ៊ុយក្រែន។ នេះបើតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់នាយករដ្ឋមន្រ្តីឥណ្ឌា៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner