ទីផ្សារអចលនទ្រព្យក្នុងប្រទេសវៀតណាម ទំនងជាមិនផ្ទុះខ្លាំងនៅឆ្នាំ២០២៣ទេ
ហាណូយ៖ យោងតាមអ្នកជំនាញក្នុងស្រុកបានឱ្យដឹងថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាម ទំនងជាមិនរីកចម្រើនខ្លាំងនៅឆ្នាំក្រោយឡើយ ចំពេលមានការប្រែប្រួលសេដ្ឋកិច្ចពិភពលោក។
លោក Tran Kim Chung អតីតនាយករងនៃវិទ្យាស្ថានកណ្តាលសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ច ក្នុងថ្ងៃសុក្រសប្តាហ៍នេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដកស្រង់សម្តីនិយាយថា ដោយសារមិនមានការផ្លាស់ប្តូរភ្លាមៗនៃប្រភពដើមទុន ហើយគោលនយោបាយថ្មីនឹងមិនត្រូវបានអនុម័តរហូតដល់ចុងឆ្នាំ ២០២៣នោះ ទីផ្សារអចលនទ្រព្យនៅឆ្នាំក្រោយអាចបន្តកែសម្រួលឆ្ពោះទៅរកទិសដៅសំខាន់ជាងនេះ។
លោក Chung បន្ថែមថា អាជីវកម្មមួយចំនួនត្រូវបានបង្កកទ្រព្យសម្បត្តិ ដោយសារបញ្ហាផ្លូវច្បាប់ ខណៈដែលសហគ្រាសមួយចំនួនទៀតជួបការលំបាកក្នុងផ្នែកហិរញ្ញវត្ថុ។ លោកថា ការផ្លាស់ប្តូរគោលនយោបាយឥណទានទាក់ទងនឹងអត្រាការប្រាក់ និងអត្រាប្តូរប្រាក់ ក៏នឹងប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យផងដែរ។
បើតាមលោក Su Ngoc Khuong នាយកជាន់ខ្ពស់នៃផ្នែកប្រឹក្សាវិនិយោគនៃក្រុមហ៊ុន Savills Vietnam ទីផ្សារអចលនទ្រព្យនឹងទទួលរងពីការប្រែប្រួលសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ហើយត្រូវបានគេព្យាករណ៍ថា នឹងផ្លាស់ប្តូរយ៉ាងប្រុងប្រយ័ត្ននៅឆ្នាំ២០២៣៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា



