ក្រសួងយុត្តិធម៌ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្ដីពីលក្ខន្តិកៈក្រឡាបញ្ជី
ភ្នំពេញ៖ក្រុមការងារដឹកនាំការរៀបចំបទដ្ឋានគតិយុត្ត ទាក់ទង នឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលានៃ ក្រសួងយុតិ្តធម៌ បានបើកកិច្ចប្រជុំរបស់ខ្លួនដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈក្រឡាបញ្ជី ក្នុងគោលបំណងដើម្បីទ្រទ្រង់ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។
កិច្ចប្រជុំខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ ដឹកនាំដោយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ និង មន្ត្រីពាក់ព័ន្ធសំខាន់ៗនានា ។
ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្រសួងយុត្តិធម៌ថ្លែងថា ការរៀបចំច្បាប់ និងបញ្ញត្តិពាក់ព័ន្ធនឹងវិស័យយុត្ដិធម៌ ក្រសួងយុត្ដិធម៌ពិនិត្យឃើញថា នៅខ្វះគោលនយោបាយ និងច្បាប់ជាច្រើនដើម្បីទ្រទ្រង់ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។ លោកបន្តថា ក្នុងឆ្នាំ ២០២២ នេះ ក្រុមការងារបច្ចេកទេស នៃក្រសួងយុត្តិធម៌ កំពុងតែរៀបចំ នឹងខិតខំសម្រេចឱ្យបាន នូវសេចក្ដីព្រាងច្បាប់ នឹងលក្ខន្តិកៈពាក់ព័ន្ធទៅនឹងវិជ្ជាជីវៈចំនួន បីសំខាន់ ក្នុងប្រព័ន្ធតុលាការដែលមិនទាន់មានច្បាប់គ្រប់គ្រង ក្នុងនោះមាន សារការី ក្រឡាបញ្ជី និងអាជ្ញាសាលាដោយ រំពឹងថា នឹងបញ្ចប់នៅពេលខាងមុខឆាប់ៗនេះ។
បើតាមឯកឧត្តម ជិន ម៉ាលីន មន្រ្ដីវិជ្ជាជីវៈនៅក្នុងប្រព័ន្ធ យុត្តិធម៌រួមមាន ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី សារការី និងអាជ្ញាសាលា។
មន្រ្ដីវិជ្ជាជីវៈនីមួយៗគឺត្រូវមានច្បាប់គ្រប់គ្រងពាក់ព័ន្ធទៅនឹងការបំពេញភារកិច្ច ការទទួលខុសត្រូវរួមទាំងការគ្រប់គ្រង លើវិជ្ជាជីវៈនីមួយៗ។
លោកបន្ថែមថាកន្លងមកក្នុងប្រព័ន្ធយុត្តិធម៌មានច្បាប់គ្រប់គ្រងវិជ្ជាជីវៈចំនួនពីរ គឺព្រះរាជអាជ្ញា និងចៅក្រម ដែលហៅថា ច្បាប់និងលក្ខន្ដិកៈចៅក្រម និងព្រះរាជអាជ្ញា ដែលបានបង្កើត ឡើងកាលពីឆ្នាំ២០១៤ ក្រោមកម្មវិធីកែទម្រង់ប្រព័ន្ធ យុត្តិធម៌ របស់ក្រសួងយុត្តិធម៌។ ក៏ប៉ុន្ដែវិជ្ជាជីវៈទាំងបី គឺក្រឡាបញ្ជី សារការី និងអាជ្ញាសាលានៅមិនទាន់មានច្បាប់គ្រប់គ្រង នៅឡើយ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ សិទ្ធិមនុស្សលីកាដូថ្លែងថា ការបង្កើតសេចក្តីព្រាងច្បាប់ ទាំងបីនេះ គឺមានសារៈសំខាន់ ព្រោះកម្ពុជានៅមិនទាន់ មានច្បាប់ស្តីពីលក្ខន្តិកៈ និងការគ្រប់គ្រងក្រឡាបញ្ជី អាជ្ញា សាលា និង សាការី នៅឡើយទេ។
លោកបានលើកឡើងទៀតថា ការធ្វើសេចក្តីព្រាងច្បាប់ទាំងនេះ គឺត្រូវការឱ្យមានការសិក្សាច្បាស់លាស់ ការប្រមូលធាតុផ្សំឱ្យ បានគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមចំណែកក្នុងការធ្វើកំណែ ទម្រង់ប្រព័ន្ធយុត្តិធម៌ពិត ប្រាកដ ដែលទទួលបានការ ជឿទុកចិត្តពីប្រជាពលរដ្ឋ៕
ដោយ៖ យុទ្ធ វីរៈ

