អឺរ៉ុប សម្រេចដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ី និងផ្តល់ជំនួយសម្រាប់អ៊ុយក្រែន
អឺរ៉ុប៖សហភាពអឺរ៉ុប បានឈានដល់ការព្រមព្រៀង គ្នា លើការដាក់ទណ្ឌកម្មថ្មីបន្ថែមប្រឆាំងប្រទេសរុស្ស៊ី ជុំវិញ សង្គ្រាមនៅអ៊ុយក្រែន។ ទន្ទឹមនេះ ទីក្រុងព្រុចសែល ក៏បានបើកផ្លូវដល់ការផ្តល់កញ្ចប់ជំនួយថវិកាចំនួន ១៨ ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែនផងដែរ។
បើតាមមន្ត្រីទូតអឺរ៉ុបជាច្រើនរូប សហភាពអឺរ៉ុបបានសម្រចបើក ផ្លូវក្នុងការផ្តល់ជំនួយដល់អ៊ុយក្រែនក្នុងទឹកប្រាក់ទំហំ ១៨ ពាន់លានអឺរ៉ូ កាលពីថ្ងៃព្រហស្បតិ៍។ចំណាត់ការនេះ កើតឡើង ក្រោយមានការទទូចសុំយ៉ាងខ្លាំងពីប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដែលស្នើសុំកុំឱ្យជម្លោះផ្ទៃក្នុងនៅ ក្នុងប្លុកដែលមានសមាជិក ២៧ ប្រទេស រារាំងដល់ការគាំទ្រ ចំពោះក្រុងកៀវ។
« ខ្ញុំកំពុងស្នើសុំអ្នកយ៉ាងខ្លាំង ឱ្យជួយធានាថាការតស៊ូរបស់ យើងដើម្បីសន្តិភាពសម្រាប់អ៊ុយក្រែន និងសម្រាប់អឺរ៉ុបទាំង មូល មិនអាស្រ័យលើការភ័ន្តច្រឡំ និងភាពចម្រូងចម្រាស រវាងរដ្ឋជាសមាជិកសហភាពអឺរ៉ុបមួយចំនួន»។ នេះគឺជាសម្តី របស់លោក ហ្សេឡេនស្គី និយាយនៅក្នុងសុន្ទរកថាវីដេអូមួយ ទៅ កាន់មេដឹកនាំសហភាពអឺរ៉ុបដែលជួបប្រជុំគ្នានៅ ទីក្រុងព្រុចសែល។
រដ្ឋាភិបាលអ៊ុយក្រែន ត្រូវការជំនួយថវិកាបន្ថែមយ៉ាងខ្លាំង ព្រោះវាចាំបាច់ក្នុងការជួយគាំទ្រដល់អ៊ុយក្រែននៅឆ្នាំក្រោយ ដើម្បីអាចនៅបន្តតស៊ូក្នុងសង្រ្គាមដែលបញ្ឆេះឡើងដោយរុស្ស៊ី។
គួរបញ្ជាក់ជូនថា ក្នុងពេលជាមួយគ្នា កាលពីថ្ងៃព្រហស្បតិ៍ សភាអឺរ៉ុបក៏បានអនុម័តផងដែរនូវសេចក្តីសម្រេចទទួលស្គាល់គ្រោះទុរ្ភិក្សដែលបង្កឡើងដោយរបបសូវៀតលើអ៊ុយក្រែនក្នុងឆ្នាំ១៩៣២-១៩៣៣ ដែលគេស្គាល់ថាជា «Holodomor» ឬ «ទុរ្ភិក្ស» ថាជាអំពើប្រល័យពូជសាសន៍។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សភាបាននិយាយថា៖ «សមាជិកសភាអឺរ៉ុប ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះ ទង្វើដែលបានបណ្តាលឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់ស្លាប់ និងអំពាវនាវឱ្យបណ្តាប្រទេសនានា និងអង្គការទាំង អស់ ដែលមិនទាន់បានធ្វើដូច្នេះឱ្យធ្វើតាម និងទទួលស្គាល់ ថាវាជាអំពើប្រល័យពូជសាសន៍»៕ ដោយ៖ លី លីយ៉ា