សមាជិក ប.ស.ស ជាង១៧០០០នាក់ បានទទួលសេវានៅ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្នុងឆ្នាំ២០២២

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ លោកសាស្ត្រាចារ្យរង នី ចន្ទី បានឱ្យ ដឹង ថា គិតក្នុងឆ្នាំ២០២២ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានទទួលពិនិត្យ និងព្យាបាលជំងឺជូនសមាជិក ប.ស.ស. សរុបប្រមាណជាង ១៧ ០០០ នាក់ ដែលក្នុងនោះ ផ្នែក ថែទាំសុខភាពមានចំនួនជាង ១១០០០នាក់ ។

លោកបានឱ្យដឹងទៀតថា អ្នកជំងឺជាសមាជិក ប.ស.ស. ដែលមកទទួលសេវានៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក៏ដូចជានៅមន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. ផ្សេងទៀត គឺពិតមានសំណាងខ្លាំងណាស់ ព្រោះរាល់ការ ចំណាយលើថ្លៃព្យាបាល គឺ ប.ស.ស. ជាអ្នកបង់ថ្លៃឱ្យទាំង ស្រុង បើទោះបីជាជំងឺនោះត្រូវចំណាយថ្លែព្យាបាលថ្លៃ យ៉ាងណាក៏ដោយ។លោកបានបញ្ជាក់ទៀតថា៖« មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មិនមានការរើសអើង ឬក៏ បែងចែកអ្នកជំងឺនោះទេ មានន័យថាគ្រប់អ្នកជំងឺទាំងអស់ ទាំងអ្នកជំងឺបង់ថ្លៃសេវាព្យាបាល ក៏ដូចជាអ្នកជំងឺជាសមាជិក ប.ស.ស. គឺមន្ទីរពេទ្យបានផ្តល់សេវាព្យាបាលដូចៗគ្នា»។

ជាមួយគ្នានេះដែរ អ្នកជំងឺដែលមានបណ្ណ ប.ស.ស. បានបង្ហាញនូវការពេញចិត្ត និងសម្តែងនូវការដឹងគុណ ចំពោះថ្នាក់ដឹកនាំ ប.ស.ស. ក៏ដូចជាក្រុមគ្រូពេទ្យ ពិសេស គឺការដឹងគុណចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ ពិសេសបានបង្កើតស្ថាប័ន ប.ស.ស. ដ៏ល្អមួយនេះ ឡើង។
លោក សេ ប៉ាក់ ដែលជាសមាជិក ប.ស.ស. បានថ្លែងថា៖« បើគ្មានបណ្ណសមាជិក ប.ស.ស. ទេនោះ ប្រហែលជាពួកគាត់ មិនមានលទ្ធភាពបង់ថ្លៃព្យាបាលសម្រាប់ជំងឺរបស់គាត់នោះឡើយ»។

យោងតាមរបាយការណ៍របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃ ប.ស.ស. បានបង្ហាញឱ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមាជិកសរុបចំនួន ជាង ២.៥ លាននាក់ ក្នុងនោះសមាជិក ប.ស.ស. ជាមន្រ្តីរាជការ សាធារណៈ មានចំនួនជាង ៤៣ ម៉ឺននាក់ ដែលកំពុងទទួល បានសិទ្ធិប្រើប្រាស់សេវា ក៏ដូចជាការទទួលបាននូវអត្ថ ប្រយោជន៍របបសន្តិសុខសង្គមពី ប.ស.ស.៕ ដោយ៖ ឡាយ សាមាន

ads banner