ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយ និស្សិតជ័យលាភីអាហារូបករណ៍របស់អូស្ដ្រាលី និង នូវែលសូឡង់
ភ្នំពេញ៖ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានជួបសំណេះសំណាលជាមួយនិស្សិតជ័យ លាភី អាហារូបករណ៍រាជរដ្ឋាភិបាលអូស្ដ្រាលី ចំនួន ៣៩រូប និងនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសូឡង់ ចំនួន ១៦រូប សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ដើម្បីផ្តល់ អនុសាសន៍ណែនាំដល់និស្សិត មុននឹង ចេញដំណើរ ទៅសិក្សានៅប្រទេសអូស្រ្ដាលី និងប្រទេសនូវែលសូឡង់ នាពេលខាងមុខនេះ។

ថ្លែងក្នុងពិធីកាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិត ជ័យលាភី ដែលទទួលបានអាហារូបករណ៍ដើម្បី ទៅ បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅ ប្រទេសអូស្រ្ដាលី និងប្រទេសនូវែលសូឡង់។

ក្នុងពិធីនេះដែរឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់និស្សិតជ័យ លាភីទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ ត្រូវផ្តោតការយកចិត្ត ទុកដាក់រៀនសូត្រឱ្យពូកែ និងធ្វើការស្រាវជ្រាវផ្សារភ្ជាប់នឹងការ អនុវត្តជាក់ស្ដែងឱ្យបានច្រើនដើម្បីក្លាយជាធនធានមនុស្សឆ្នើម ដើម្បីទទួលបានភាពជោគជ័យក្នុងការសិក្សានៅបរទេស។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួង និងចំណុចសំខាន់ៗ ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រេចបានរួមមានកំណែទម្រង់ផ្ទៃក្នុងក្រសួង ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ជាពិសេសការពង្រឹងគុណភាពសេវាទូរគមនាគមន៍។

គួរបញ្ជាក់ថា៖កម្មវិធីអាហារូបករណ៍រាជរដ្ឋាភិបាលអូស្ត្រាលី គឺជាផ្នែកមួយនៃជំនួយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលប្រទេសអូស្ត្រាលីសម្រាប់ផ្តល់ជូនប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ និងជាពិសេសក៏ជាកម្មវិធីមួយសម្រាប់ផ្តល់ឱកាសដ៏មានតម្លៃ និងស្នើភាពដល់មន្ត្រីរាជការ បុគ្គលិកនៃវិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការកសាងសមត្ថភាព ចំណេះដឹង និងជំនាញបន្ថែមទៀត ដើម្បីចូលរួមជំរុញដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។

ចំណែកឯ កម្មវិធីអាហារូបករណ៍ក្រោមជំនួយរបស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស នឹងចូលរួមចំណែកក្នុងការជំរុញនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យពិភពលោកមានសុខសុវត្ថិភាព សមភាព និងវិបុលភាព។
កម្មវិធីអាហារូបករណ៍នេះ ក៏ចូលរួមចំណែកពង្រីក និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជា និងប្រទេសនូវែលសេឡង់ តាមរយៈការរៀនសូត្រពីគ្នា និងការចែករំលែកចំណេះដឹង និងវប្បធម៌ទៅវិញទៅមក៕ ដោយ៖ ម៉ាដេប៉ូ