ទេសរដ្ឋមន្ត្រី អៀង មូលី៖ វិបត្តិសកលលោក បានធ្វើឲ្យវឌ្ឍនភាព នៃការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍បន្តធ្លាក់ចុះ ខណៈមនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យ

(ភ្នំពេញ)៖ ទេសរដ្ឋមន្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានថ្លែងបញ្ជាក់ថា ទិន្នន័យពីអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍របស់ពិភពលោក (UNAIDS) បានបង្ហាញថាការឆ្លើយតបនឹងមេរោគអេដស៍ជាសាកល ក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនៃបរិបទកូវីដ-១៩ រួមនឹងវិបត្តិសកលលោកផ្សេងទៀត ដូចជាសង្គ្រាមរុស្សី-អ៊ុយក្រែន បានធ្វើឲ្យវឌ្ឍនភាពនៃការប្រយុទ្ធនឹងមេរោគអេដស៍និងជំងឺអេដស៍បន្តធ្លាក់ចុះ ហើយមនុស្សរាប់លាននាក់ត្រូវប្រឈមនឹងហានិភ័យ ធ្វើឲ្យការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។

ការថ្លែងរបស់ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២២ និងពិធីបុណ្យខ្សែបូ (Rbbons Festival) កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅបរិវេណ Frlends Future Factory រៀបចំដោយអង្គការ FHI 360។

ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមជាកិត្តិយស ពីសំណាក់លោក W. Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅក្រកម្ពុជា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់។

ក្នុងដំណើរឆ្ពោះទៅលុបបំបាត់ការឆ្លងរីករាលដាលមេរោគអេដស៍ នៅឆ្នាំ២០២៥ ដោយជោគជ័យ ក្នុងឋានៈជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ទេសរដ្ឋមន្ត្រី អៀង មូលី បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមប្តេជ្ញាចិត្តដ៏មោះមុតជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រួមមាន

  • សូមយុវវ័យទាំងអស់កុំឆាប់ប្រឡូកនឹងការរួមភេទ ហើយត្រូវចាកចេញឲ្យឆ្ងាយពីគ្រឿងញៀន ដែលជាកត្តាប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍។ – សូមស្រ្តីមានផ្ទៃពោះទាំងអស់ ទៅទទួលយកការធ្វើតេស្តឈាមរកមេរោគអេដស៍ ហើយបើមានតេស្តវិជ្ជមាន ត្រូវប្រញាប់ស្វែងរកសេវាបង្ការការចម្លងមេរោគអេដស៍ ពីម្តាយទៅកូនឲ្យបានឆាប់រហ័ស នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋនានា នៅទូទាំងប្រទេស។ បន្តចូលរួមបង្ការការចម្លងមេរោគអេដស៍ តាមរយៈការធ្វើតេស្តរកមេរោគអេដស៍ តាមគ្រប់វិធីសាស្ត្រ រួមមានការធ្វើតេស្តមេរោគអេដស៍ដោយខ្លួនឯង (HIVST) ការប្រើប្រាស់ស្រោមអនាម័យ (Condom) ការប្រើប្រាស់សេវាឱសថបង្ការទុកជាមុន (PrEP) និងឱសថបង្ការក្រោយប្រព្រឹត្តិប្រឈម (PEP)។ – សូមអ្នកដែលមានការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវប្រញាប់ស្វែងរកការធ្វើតេស្តឈាមរកមេរោគអេដស៍ ឲ្យបានឆាប់រហ័សនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យរដ្ឋ ឬបណ្តាញអង្គការសង្គមស៊ីវិល ដើម្បីឈានទៅទទួលបានសេវាថែទាំព្យាបាលទាន់ពេលវេលា។ – សូមចាត់ទុកអ្នកផ្ទុកមេរោគអេដស៍ ជាជនរងគ្រោះដែលត្រូវចូលរួមលុបបំបាត់រាល់ទម្រង់នៃការរើសអើង និងមាក់ងាយដល់ពួកគាត់ និងត្រូវផ្តល់ការគាំទ្រគ្រប់លទ្ធភាព ៕ ដោយ-រ៉ាវុធ
អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner