អាជ្ញាធរខេត្តព្រះវិហារ ជំរុញដល់មន្ទីរ អង្គភាព ស្ថាប័ន អង្គការជាតិ អន្តរជាតិ សហគមន៍ និងសប្បុរសជននានា ចូលរួមគាំទ្រគម្រោងឃុំ-សង្កាត់-ក្រុង-ស្រុក ដើម្បីឆ្លើយតបនឹងសេចក្តីក្រូវការ របស់ប្រជាពលរដ្ឋ
ខេត្តព្រះវិហារ៖ ការថ្លែងរបស់ អភិបាលរង ខេត្តព្រះវិហារ លោក សុខ សាន្តតារា បានធ្វើឡើងខណៈអញ្ជើញចូលរួម សិក្ខាលាសា«សមាហរណកម្មផែនការឃុំ-ស្រុក» នៅថ្ងៃទី១៦ ធ្នូ ២០២២ នៅសាលាស្រុកឆែប ខេត្តព្រះវិហារ ។

អភិបាលរងខេត្តព្រះវិហារ លោក សុខ សាន្តតារា បានថ្លែងថា សិក្ខាសាលានេះ គឺជាឱកាសមួយដែលយើងទាំងអស់គ្នា ប្តេជ្ញាចិត្តចូលរួមគាំទ្រដល់កិច្ចអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន ដ៏មានសារៈប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ។

ឯកឧត្តម សុខ សាន្តតារា បានថ្លែង ចាត់ទុកការចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋាន គឺជាទិសដៅយុទ្ធសាស្ត្រមួយ សម្រាប់ប្រតិបត្តិតួនាទីការងារ ក្នុងបរិបថវិមជ្ឈការ និងវិសហមជ្ឈការ ដែលជាគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាល ។

អភិបាលស្រុកឆែប លោក ឡង់ សុបិន បានថ្លែងថា សិក្ខាសាលាសមាហរណកម្មផែនការឃុំ នៅថ្នាក់ស្រុកនាពេលនេះ ពិតជាមានអត្ថន័យ និងមានសារៈសំខាន់ណាស់ ព្រោះនេះជាឱកាសមួយដែលបានជួបជុំគ្នា ពិភាក្សា ផ្តល់អនុសាសន៍ និងចូលរួមគាំទ្រ ដើម្បីដោះស្រាយនូវរាល់កង្វះខាតទាំងឡាយ ដែលប្រជាពលរដ្ឋកំពុងទទូចចង់បាន ។

អនុប្រធានមន្ទីរផែនការខេត្តព្រះវិហារ លោក ជា វឌ្ឍនា បានបង្ហាញពីលទ្ធផលការអនុវត្តគម្រោងក្នុងឆ្នាំ២០២២ ក្នុងនោះគម្រោងគាំទ្រ មានចំនួន ៥៥គម្រោងឃុំ ,បានអនុវត្តចប់ ៥២គម្រោង ,កំពុងអនុវត្ត ២គម្រោង និងមិនបានអនុវត្ត ១គម្រោង។ លោកបញ្ជាក់ថា គម្រោងអាទិភាពដែលបានស្នើឡើងដោយឃុំ មានចំនួន ៥០០គម្រោង ក្នុងនោះមន្ទីរជំនាញបានគាំទ្រលើ ៦៨គម្រោង សម្រាប់ការអនុវត្តន៍នៅថ្នាក់មូលដ្ឋាន ក្នុងឆ្នាំ២០២៣ ខាងមុខនេះ ៕ ដោយ៖ឡុង សំបូរ
