ប្រធានក្រុមការងារបក្សចុះជួយឃុំបន្ទាយស្ទោង ដឹកនាំកិច្ចប្រជុំជីវភាពបក្សប្រចាំខែ និងត្រៀមរៀបចំពិធីបុណ្យ៧មករា
ខេត្តកំពង់ធំ៖ ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំជីវភាពបក្សប្រចាំខែ និងពិភាក្សាការប្រុងប្រៀបរៀបចំពិធីបុណ្យ៧មករា នាពេលខាងមុខ នៅទីស្នាក់ការបក្សឃុំ ។
លោក សូត្រ អ៊ុល ប្រធានគណបក្សឃុំ រាយការណ៍ពីស្ថានភាពទូទៅនៅក្នុងឃុំ និងការងារគ្រប់គ្រងពង្រឹង និងការកសាងពង្រីកសមាជិកបក្សថ្មី ព្រមទាំងកិច្ចការត្រៀមសម្រាប់ឈានឆ្ពោះទៅកាន់ការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ បន្ទាប់ពីសមាជិកអង្គប្រជុំបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ លើរបៀបវារៈ ដែលបានគ្រោងទុករួចមក។
ឯកឧត្តម សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះក្រុមការងារថ្នាក់ខេត្ត រួមជាមួយសាខាបក្សភូមិគ្រប់ភូមិ ដែលបានសហការយ៉ាងល្អប្រសើរក្នុងការរួមគ្នាទៅបម្រើនិងជួយដោះស្រាយនូវរាល់បញ្ហាប្រឈម និងការលំបាកខ្វះខាតផ្សេងៗរបស់ប្រជាពលរដ្ឋក៏ដូចជាសមាជិកគណបក្សនៅតាមមូលដ្ឋាននានាក្នុងឃុំបន្ទាយស្ទោង ។
ឯកឧត្តម សោម ស៊ុន ក៏បានណែនាំបន្ថែមដល់ក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានឃុំ ភូមិ រួមជាមួយគណបក្សឃុំសាខាបក្សភូមិ ត្រូវបន្តរួមគ្នាអនុវត្តឲ្យបានត្រឹមត្រូវតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងការណែនាំរបស់ថ្នាក់ដឹកនាំគណបក្សខេត្ត ស្រុក ក្នុងការបម្រើសេវាជូនប្រជាជន និងផែនការសំខាន់ៗមួយចំនួនទៀត ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ខាងមុខនេះ ឲ្យទទួលបានជោគជ័យ ៕ ដោយ ប៊ុន រដ្ឋា