សភាអាមេរិក អនុម័តការធ្វើប្រជាមតិលើឯករាជ្យភាពរបស់ព័រតូរីកូ

ស.រ.អា៖សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកកាលពីថ្ងៃ ព្រហស្បតិ៍ ទី១៥ខែធ្នូបានអនុម័តសំណើអនុញ្ញាតឱ្យព័រតូរីកូ បោះឆ្នោត លើការធ្វើប្រជាមតិ ដែលនឹងសម្រេចថាតើកោះនេះត្រូវក្លាយជារដ្ឋមួយ នៃសហរដ្ឋអាមេរិក ឬក៏ត្រូវទទួលបានឯករាជ្យ។

ការអនុម័តធ្វើឡើងដោយផ្អែកលើការបោះឆ្នោតក្នុងសភាដោយសមាជិកសភា ២៣៣ រូបទល់នឹង ១៩១ រូប បានបោះឆ្នោតគាំទ្រ។ សំណើនេះទាមទារឱ្យមានការបោះឆ្នោតប្រជាមតិនៅខែវិច្ឆិកាឆ្នាំក្រោយ ដើម្បីសម្រេចលើងារនយោបាយរបស់ព័រតូរីកូ។
វិធានការនេះ វានឹងផ្តល់ឱ្យប្រជាជនព័រតូរីកូនូវឱកាសដើម្បីសម្រេច ចិត្តជ្រើសរើសរវាងឯករាជ្យភាព និងការក្លាយជារដ្ឋមួយរបស់ អាមេរិក។ ប្រជាមតិនេះ នឹងមិនរាប់បញ្ចូលងារបច្ចុប្បន្នរបស់ ព័រតូរីកូ ថាជាកោះខំមិនវែលរបស់សហរដ្ឋអាមេរិកនោះទេ។

លោកស្រី Jenniffer Gonzalez តំណាងកោះប្រចាំសហរដ្ឋ អាមេរិក ក្នុងសភាអាមេរិកបាននិយាយថា៖ «យើងជាច្រើ នមិន យល់ស្របអំពីរបៀបបែបណានៃអនាគត ប៉ុន្តែយើងទាំងអស់គ្នា ទទួលយកថា ការសម្រេចចិត្តគួរតែជារបស់ប្រជាជនព័រតូរីកូ»។
ចំណែកសំណើដែលគាំទ្រដោយសេតវិមាន មានឱកាសតិចតួច ក្នុងការ ក្លាយជាច្បាប់ក្នុងរយៈពេលខ្លី។ វាត្រូវការសំឡេងគាំទ្រយ៉ាងតិច ៦០ ដើម្បីអាចឱ្យ ព្រឹទ្ធសភា អនុម័ត ដោយសារតែអ្នកនយោបាយបក្សសាធារណរដ្ឋ ដែលនឹង កាន់កាប់សភានៅខែក្រោយ ប្រឆាំងនឹងសំណើនេះ។

កាលពីថ្ងៃសុក្រ សមាជិកសភាគណបក្សសាធារណរដ្ឋចំនួន ១៦ រូបបានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់នេះ។
គួរបញ្ជាក់ថា ប្រជាជនរស់នៅកោះព័រតូរីកូគឺជាពលរដ្ឋអាមេរិក ប៉ុន្តែមិនមានតំណាងនៅក្នុងសភាដែលមានអំណាចឆ្លងកាត់បោះឆ្នោតឬមានសិទ្ធិបោះឆ្នោតក្នុងការបោះឆ្នោតជាតិអាមេរិកនោះទេ។ កោះដែលធ្លាប់ស្ថិតនៅក្រោយអាណានិគមរបស់អេស្ប៉ាញ និង បច្ចុប្បន្នមានប្រជាជនជាងបីលាននាក់រស់នៅមួយនេះ ត្រូវ បានអាមេរិកទិញយកនៅក្នុងឆ្នាំ ១៨៩៨ បន្ទាប់ពីសង្រ្គាមអាមេរិក-អេស្ប៉ាញ។

ប្រជាជននៃតំបន់មិនរាប់បញ្ជូលរបស់អាមេរិកមួយនេះ មិនមាន សិទ្ធិទទួលបានអត្ថប្រយោជន៍សុខុមាលភាពសហព័ន្ធដូចពលរដ្ឋដែលរស់នៅក្នុងរដ្ឋទាំង៥០នោះទេ។

សមាជិកសភាបក្សប្រជាធិបតេយ្យ លោកស្រី Alexandria Ocasio-Cortez ដែលមានដើមកំណើតព័រតូរីកូ បានសាទរចំពោះ សំណើព្រាងច្បាប់ ថាជាពេលវេលាដ៏សំខាន់ដែលនឹងអនុញ្ញាត ឱ្យកោះសម្រេចចិត្តអនាគតរបស់ខ្លួន។

គេមើលឃើញថា សមាជិកសភាបក្សប្រជាធិបតេយ្យបាន គាំទ្រលើ សំណើច្បាប់ចុងក្រោយ ដោយលើកឡើងថា ឯករាជ្យ ឬក៏ការក្លាយ ជារដ្ឋអាមេរិក ស្ថិតនៅក្រោយការសម្រេចចិត្តរបស់ប្រជាជន ព័រតូរីកូ។

ចំណែកសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ លោកស្រី Elise Stefanik ដែលបោះឆ្នោតប្រឆាំងនឹងសំណើចុងក្រោយនេះ បានអះអាងថា ខ្លួនគាំទ្រក្នុងការរាប់បញ្ជូលកោះព័រតូរីកូជា រដ្ឋមួយ របស់អាមេរិកប៉ុន្តែលោកស្រីជំទាស់នឹងការអនុញ្ញាតឱ្យកោះដដែលមានឯករាជ្យភាព។

លោកស្រីលើកឡើងថា ៖ «សហរដ្ឋអាមេរិកគួរតែនាំពលរដ្ឋ អាមេរិក ជាងបី លាននាក់នៅព័រតូរីកូឱ្យចូលកាន់តែជិតខ្លួន ជាជាងការរុញឱ្យពួកគេទៅកាន់តែឆ្ងាយ»។

គួររំឭកថា ការបោះឆ្នោតប្រជាមតិ បានធ្វើឡើងប្រាំមួយដងរួមមក ហើយនៅលើកោះព័រតូរីកូ ប៉ុន្តែសំឡេងគាំទ្រលើការទទួលបាន ឯករាជ្យមិនលើសលប់នោះទេ។

ប្រជាមតិចុងក្រោយបានធ្វើឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ដោយមាន ៥៣ ភាគរយនៃអ្នកបោះឆ្នោតគាំទ្រលើឯករាជ្យភាព ខណៈ ៤៧ ភាគរយប្រឆាំង៕ ដោយ៖ ហួន ឌីណា

ads banner