លោកជំទាវកិត្តិសង្គហបណ្ឌិត ៖ ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា និងអភិរក្សនូវប្រពៃណីពីដូនតា ដេីម្បីចូលរួមលេីកស្ទួយមរតកប្រពៃណីជាតិ តាមរយៈ បុណ្យរដូវរំហេីយ

ខេត្ដកំពង់ឆ្នាំង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជេីញជាអធិបតីក្នុងពិធីបេីកព្រឹត្តិការណ៍ បុណ្យរដូវរំហេី យ តាមរយៈ ការប្រឡងដាល់អំបុក និងបង្ហើរខ្លែង ជ្រោមជ្រែងប្រពៃណីខ្មែរ នៅខេត្ដកំពង់ឆ្នាំង នាព្រឹក ថ្ងៃសៅរ៍ ៩រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ។

តាមកម្មវិធីការប្រកួតនេះមានរយៈពេល ២ថ្ងៃ នៅពេលយប់មានការប្រគុំតន្ត្រី សម័យ និងបុរាណ ការសម្តែងចាប៉ីដងវែង និងល្បែងកម្សាន្តជាច្រេីនទៀត ដែលនឹងបង្ករឲ្យកាន់តែមានភាពសប្បាយរីករាយថែមមួយកម្រិតទៀត ក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។

ពិធីប្រឡងដាល់អំបុក និងបង្ហេីរខ្លែង ដែលជាប្រពៃណីជាតិ បានប្រារព្ធធ្វេីឡើងនៅថ្ងៃទី ១៧និង ១៨ខែធ្នូ ឆ្នាំ ២០២២ នៅក្នុង ភូមិ ដំណាក់កកោះ ឃុំ ពោធិ៍ ស្រុកកំពង់លែង ក្រោមការឧបត្ថម្ភពីមូលនិធិ អ៉ឹងហ្វោនដេសិន (ING FOUNDATION) ដែលដឹកនាំដោយ លោកឧកញ៉ា អ៊ឹង ប៊ុន ហូ វ និង លោកជំទាវ ព្រមទាំង ក្រុមការងារ ដែលមាន បេក្ខជន បេក្ខនារី មកពី ក្រុមសិល្បៈ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង និងមានការ ចូលរួមពីលោកគ្រូ អ្នកគ្រូ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋ ប្រមាណជាង ២.៧០០នាក់ផងដែរ ។

សូមរំលឹកផងដែរថា បច្ចុប្បន្នតំបន់នេះបានក្លាយទៅជាតំបន់ ទេសចរណ៍ធម្មជាតិ ព្រោះថា តំបន់នេះគឺជា តំបន់ភ្នំទូកមាស ដែលមាន ព្រៃឈើ ធម្មជាតិ ដ៏ស្រស់បំព្រង មានប្រាសាទពណ្ណរាយ ប្រាសាទ ប្រុស (សក្ល) ប្រាសាទស្រី ប្រាសាទស្លុតតី ឬថ្នមប្តី ដែលបានទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្ត និងបានចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋនៅក្នុង ឃុំពោធិ៍ និង ឃុំច្រណូក នៃ ស្រុកកំពង់លែងឲ្យមានជីវភាពធូរធារថែមមួយកម្រិតទៀត ។

លោកជំទាវក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សា និងអភិរក្សនូវប្រពៃណីពីដូនតា បានបន្សល់ទុក្ខដល់បច្ចុប្បន្ន ដេីម្បីចូលរួមលេីកស្ទួយមរតកប្រពៃណីជាតិ ៕ ដោយ ថេត វិចិត្រ+ហេងសម្បតិ្ត

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner