មិនត្រឹមតែជាចុងភៅចំណាន អ្នកស្រី ប៉ុល គីមសាន ជាអ្នកពង្រឹង វិស័យម្ហូបអាហារសម្រាប់ចុងភៅ ស្ត្រីនៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ពិតណាស់! នរណាក៏អាចចម្អិនម្ហូបបាន ប៉ុន្តែការចម្អិន ម្ហូប មួយដែលមានរសជាតិឆ្ញាញ់ ប្លែក ដែលត្រូវបានទទួលស្គាល់ ដោយ មនុស្សភាគច្រើន គឺពិតជាមិនងាយស្រួលនោះទេ។ កាន់តែពិបាក ទៀតនោះ គឺការដែលអាចបន្ថែមនូវភាពច្នៃប្រឌិតទៅលើមុខម្ហូប ឱ្យកាន់តែមានភាពទាក់ទាញ។

មានម្ដាយជាមេចុងភៅម្ហូបក្នុងកម្មវិធីរៀបអាពាពិពាហ៍ដែលល្បីឈ្មោះប្រចាំស្រុកទូកមាស (ខេត្តកំពត)ស្រាប់ អ្នកស្រី ប៉ុល គីមសាន ធំធាត់ឡើងដោយមានចំណូលចិត្ត ក្នុងការចម្អិនម្ហូបតែ ម្ដង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីមានម្ដាយជាជនគំរូ ជាអ្នក តំណាងឱ្យភាពរឹងមាំ ពុះពារចំពោះការស្វែងរកគោលដៅ ដែល ជាបុព្វហេតុសំខាន់ក្នុងការទាញចិត្តអ្នកស្រីផងដែរ។

ដោយចិត្តស្រឡាញ់វិស័យម្ហូបអាហារ អ្នកស្រីបានបន្តការសិក្សា នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូ ឌុយប៊្រូល នៅក្នុងខេត្ត សៀមរាបកាលពីឆ្នាំ ២០០២ ដែលមកទល់ពេលនេះគឺមាន រយៈ ពេល ២០ ឆ្នាំហើយ។

មានទាំងការបណ្ដុះបណ្ដាល និងបេះដូងស្រឡាញ់ការងារចម្អិនម្ហូប អ្នកស្រីបានចាប់ផ្ដើមបំពេញការ ងារជាចុងភៅនៅតាម ភោជនីយ ដ្ឋាននានា ដូចជានៅសណ្ឋាគារ Victoria ក្រោយមកគឺ ភោជនីយដ្ឋាន Collectionនិងបានបើកជាភោជនីយដ្ឋាន ផ្ទាល់ខ្លួនមួយនៅខេត្តសៀមរាប ដោយមានឈ្មោះថា Embassy Restaurant។

ជាជោគជ័យដ៏ធំធេងដែរកាលពីឆ្នាំ២០២១កន្លងទៅអ្នកស្រីមានឱកាសទៅចម្អិនម្ហូបខ្មែរដើម្បី ឱ្យភ្ញៀវជាតិ និងអន្តរជាតិពិសារ នៅឯទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស (Switzerland) ផងដែរ។

នៅក្នុងកម្មវិធីនោះទៀតសោតធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន។ ម្ហូបល្បីៗរបស់ខ្មែរប្រមាណជា ១០មុខ បានធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិ ស្ញើចសរសើរមិនដាច់ពីមាត់នូវសមត្ថភាពរបស់ មេចុងភៅ។

ក្រៅពីនោះអ្នកស្រីបានទៅចូលរួមវគ្គបណ្ដុះបណ្ដាលពីមេចុងភៅល្បីៗបរទេសដែលមានដូចជាប្រទេសបារាំងនិងស្វីសក៏ដូចជាបានចូលរួមការប្រកួតប្រជែងនៅប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងប្រទេសថៃជាដើម។

ក្ដោបក្ដាប់នូវបទពិសោធន៍ក្រាស់ក្រែលជាច្រើនឆ្នាំកន្លងទៅនេះ អ្នកស្រីបានបើកនូវភោជនីយដ្ឋានផ្ទាល់ខ្លួនមួយទៀតកាលពីដើមឆ្នាំ២០២១កន្លងទៅដែលមានឈ្មោះថា«សំបុក»និងដែលជាភោជនីយដ្ឋានសាខាថ្មីនៅក្នុងទីក្រុងភ្នំពេញ។

ភោជនីយដ្ឋានថ្មីនេះផ្ដោតសំខាន់លើភ្ញៀវក្នុងស្រុកដែលជាជនជាតិខ្មែរខណៈដែលភោជនីយដ្ឋាននៅក្រុងសៀមរាបច្រើនតែផ្ដោតលើភ្ញៀវបរទេស។

សំបុក គឺជាភោជនីយដ្នានមួយដែលមិនត្រឹមតែផ្ដល់ជូននូវមុខ ម្ហូបពិសេសៗបែបខ្មែរ ដែលមានរសជាតិឆ្ញាញ់ ប៉ុន្តែថែម ទាំ ងជាកន្លែងផ្ដល់ការងារជូនស្ត្រីផងដែរ។ រាប់តាំងពីចុងភៅ រហូតដល់អ្នករត់តុ គឺសុទ្ធតែជាស្ត្រីទាំងអស់ដែលនេះជាផ្នែក មួយក្នុងការលើក កម្ពស់ជីវភាព និងប្រាក់ចំណូលរបស់ស្ត្រី។

អ្នកស្រី ប៉ុក គីមសាន បានមានប្រសាសន៍ថា៖ «ការពិត ស្ត្រីគាត់ជាមេផ្ទះដ៏ចំណានរួចទៅហើយ ដោយគាត់អាចចម្អិន ម្ហូបដោយយកចិត្តទុកដាក់ ដូច្នេះវាជារឿងល្អដែលយើងចូល រួមលើកកម្ពស់ ស្ត្រីតាមរយៈការផ្ដល់ការងារនេះជូនពួកគាត់។»

អ្នកស្រីបន្តទៀតថា៖ «បទពិសោធន៍ពីការសង្កេតឃើញ នៅក្រៅប្រទេស គឺឃើញថាគេមានការលើក កម្ពស់ស្ត្រីណាស់។ដូច្នេះសម្រាប់ខ្ញុំ នេះជារឿងល្អដោយជំនាញចម្អិនម្ហូបអាហារ ជាជំនាញដែល ស្ត្រីភាគច្រើនមានរួចទៅហើយ»។

អ្នកស្រីក៏បានរំលេចពីទុក្ខលំបាកក្នុងការចាប់អាជីពជាមេចុងភៅនេះដោយត្រូវលើករបស់ធ្ងន់ៗនិងត្រូវឈរឬរត់ក្នុងទីធ្លាផ្ទះបាយមួយថ្ងៃពេញដូច្នេះហើយបានជាអាជីពនេះច្រើនតែមនុស្សប្រុសជាអ្នកធ្វើទៅវិញ។
បើទោះជាយ៉ាងនេះក្ដីអ្នកស្រីនៅតែមានមហិច្ឆតាខ្ពស់ដោយអ្នកស្រីចង់បាន Michelin Star ដែលជាពានរង្វាន់ដ្ឋានស្តង់ដារ និងជាការបញ្ជាក់ពីការទទួលស្គាល់ជាលក្ខណៈពិភពលោក។
ក្នុងដំណើរឆ្ពោះទៅយកស្តង់ដារនេះអ្នកស្រីនិងក្រុមការងារបានស្វះស្វែងចូលរួមវគ្គបណ្ដុះបណ្ដាល ទាំងក្នុង និងក្រៅប្រទេស ដើម្បីដកស្រង់យកបទពិសោធន៍ថ្មីៗ សម្រាប់ដាក់បញ្ចូល ទៅក្នុង មុខម្ហូប របស់ខ្លួនបន្ថែម។

គួររំឮកថា អ្នកស្រីត្រូវបានក្រុមហ៊ុនស្រាបៀរ ABC ជ្រើសរើស ទៅជាបុគ្គលឆ្នើម ក្នុងចំណោមបុគ្គល ១០រូប ដែលមកពីវិស័យ ខុសៗគ្នា។ អ្នកស្រីមានជំនឿថា ក្រុមហ៊ុនមានគោលដៅចង់ លើកកម្ពស់ បុគ្គលដែលមានស្នាដៃលេចធ្លោក្នុងសង្គមដើម្បី បន្សល់ទុកជាកេរ្តិ៍ដំណែលនិងជាគំរូដល់មនុស្ស ជំនាន់ក្រោយ ក្នុងការខិតខំប្រឹងប្រែងតស៊ូជាមួយជីវិតរៀងៗខ្លួន៕ ដោយ៖ កែវ បុស្បា

ads banner