កម្ពុជា ទទួលបានភ្ញៀវទេសចរកើនឡើង ១០ដង បើធៀបទៅនឹងឆ្នាំ២០២១ ខណៈជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ បានបន្តបើកដើម្បីបានទទួលភ្ញៀវទេសចរពីគោលដៅសំខាន់ៗចំនួន ១៤
ភ្នំពេញ ៖ ឯកឧត្តម តឹករ៉េត សំរេច ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែ បានមានប្រសាសន៍ថា ក្រោយការរីករាលដាលជំងឺកូវីដ-១៩ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិតែមួយគត់ ដែលបានបង្កើតក្រោមទម្រង់ចម្រុះរដ្ឋ និងឯកជន បានបន្តពង្រីកការហោះហើរទៅកាន់គោលដៅទេសចរណ៍សំខាន់ៗចំនួន ១៤ រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ រាជធានីហាណូយ ហូជីមិញ ដាណាំង ប៉េកាំង សៀងហៃ ក្វាងចូវ ហៃគូ ណាននីង ចិនចូវ ហាំងចូវ និងម៉ាកាវ ។

ឯកឧត្តមបានបន្តថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានកំណត់ចក្ខុវិស័យរបស់ខ្លួន ជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេនៅកម្ពុជា និងជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេរបស់កម្ពុជា ដែលទទួលបានវិញ្ញាបនបត្រសុវត្ថិភាព ពីសមាគមន៍ដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IOSA) និងជាសមាជិកផ្លូវការរបស់អង្គការនេះចាប់ឆ្នាំ២០១៧ ដែលធ្វើឱ្យក្រុមហ៊ុនទទួលបាននូវការទទួលស្គាល់ពីសុវត្ថិភាពជាលក្ខណៈអន្តរជាតិនិងទទួលបានការគាំទ្រពីអ្នកដំណើរ និងដៃគូនានាទាំងក្នុងប្រទេស និងអន្តរជាតិចាប់ពីពេលនោះមក។

គួរបញ្ជាក់ថា យោងតាមតួលេខរបស់ក្រសួងទេសចរណ៍ នៅដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរណ៍អន្តរជាតិមានការកើនឡើងរហូតដល់ចំនួន ១.៥៧លាននាក់ ស្មើនឹង១០ដង បើធៀបទៅនឹងឆ្នាំ២០២១ ជាពិសេសខេត្តសៀមរាបទទួលភ្ញៀវទេសចរណ៍ក្នុងស្រុក និងអន្តរជាតិសរុបចំនួន ១.៨លាននាក់ កើនឡើង៨ដង បើធៀបនឹងឆ្នាំមុន។

ក្នុងឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ នឹងពង្រីកបន្ថែមនូវការហោះហើរបន្ថែមទៅកាន់ទីក្រុងហៃគូ ហាំងចូវ សៀងហៃ ប៉េកាំង នៃប្រទេសចិន និងសឹង្ហបុរី ដែលទទួលបានអ្នកដំណើរកើនឡើងចំនួន ៦៥ម៉ឺននាក់ ដោយហោះហើរប្រមាណជិត ១ម៉ឺនជើង ដោយប្រើប្រាស់យន្តហោះថ្មី ATR72 និងយន្តហោះ Airbus A320 ៕ រិន រចនា

