សម្តេចតេជោនាយករដ្ឋមន្រ្តី អនុញ្ញាតឲ្យ លោក ថានីន ប្រធានជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand Group (CP) ចូលជួបសំដែងការគួរសម

ភ្នំពេញ៖ កាលពីថ្ងៃទី១៧ធ្នូ នាភូមិគ្រឹៈក្រុងតាខ្មៅ ខេត្តកណ្តាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក ថានីន ប្រធានជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand Group (CP) ជាមួយក្រុមហ៊ុន Soma Group ចូលជួបសំដែងការគួរសម និងដើម្បីស្វែងរក និងគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ការអភិវឌ្ឍថាមពលស្អាត និងពង្រឹងខ្សែសង្វាក់តម្លៃកសិ-អាហាររួមបញ្ចូលគ្នានៅកម្ពុជា។

លោក ថានីន មានប្រសាសន៍សំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានដឹកនាំប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យ ពិសេសសម្តេចបានផ្តល់នូវទំនុកចិត្តខ្ពស់ចំពោះអ្នកវិនិយោគិនទាំងអស់ ដែលកំពុងបណ្តាក់ទុនវិនិយោគធ្វើអាជីវកម្មនៅកម្ពុជា។

លោក ថានីន មានប្រសាសន៍បន្តថា ក្រុមហ៊ុនរបស់លោក សូមគាំទ្រយ៉ាងពេញទំហឹងជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបន្តទៅមុខទៀត និងសូមគាំទ្របេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តី នាពេលអនាគត។

នៅក្នុងជំនួបសំដែងការគួរសមនោះដែរ លោក ថានីន បានជំរាបជូនសម្តេចតេជោពីគោលបំណងរបស់ក្រុមហ៊ុនលោក និងក្រុមហ៊ុន Soma Group ពីការផលិត ថាមពលស្អាត ដោយមានគោលបំណងជំរុញគោលដៅរបស់ប្រទេសកម្ពុជា ស្តីពីអព្យាក្រឹតភាពកាបូន និងសន្តិសុខថាមពល។ លោក ថានីន មានប្រសាសន៍បន្តថា CP Group នឹងស្វែងរកឱកាសសម្រាប់គម្រោងវារីអគ្គិសនី និងថាមពលស្អាតផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា។

ដោយឡែកលើ អាជីវកម្មកសិ-ម្ហូបអាហាររួមបញ្ចូលគ្នា ក្រុមហ៊ុន CP Group ប្តេជ្ញាធ្វើឱ្យប្រសើរឡើង នូវតម្លៃនៃវិស័យចំណីសត្វ កសិដ្ឋាន និងម្ហូបអាហារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចែករំលែកជំនាញ និងបង្កើតការងារដល់ប្រជាជនកម្ពុជា។ ដើម្បីសម្រេចបាននូវចំណុចនេះ ក្រុមការងារផ្តោតលើការកែលម្អហ្សែនដំណាំ ដើម្បីបង្កើនទិន្នផលស្រូវ ពោត និងសណ្តែកសៀង និងលើការកែច្នៃដំណាំទាំងនេះទៅជាផលិតផលម្ហូបអាហារដែលមានតម្លៃខ្ពស់សម្រាប់អ្នកប្រើប្រាស់ ដែលស្របតាមស្តង់ដារអន្តរជាតិសម្រាប់គុណភាពម្ហូបអាហារ សុវត្ថិភាព និងអនាម័យ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះទិសដៅនៃការវិនិយោគរបស់ក្រុមហ៊ុន CP Group និងក្រុមហ៊ុន Soma Group លើកាផលិតថាមពលស្អាតនៅកម្ពុជា។

សម្តេចតេជោបានស្នើឲ្យក្រុមហ៊ុនទាំងពីរ ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសិក្សាលើការផលិតថាមពលស្អាតនៅកម្ពុជា ឲ្យដំណើរការប្រកប ដោយជោគជ័យ និងទទួលបានលទ្ធផលខ្ពស់ ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner