សម្ពោធកុដិ ១ ខ្នង និងសមិទ្ធផលនានា ក្នុងវត្តតាំងក់សាំងខាងជើង ” ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ភ្នំពេញ ៖ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានី ភ្នំពេញបានថ្លែងថា កត្តាសុខសន្តិភាពបាននាំឱ្យកម្ពុជាមានការអភិវឌ្ឍអត់ឈប់ឈរទាំងអាណាចក្រនិងពុទ្ធចក្រ ដែលប្រជាពលរដ្ឋទាំងអស់សប្បាយរីករាយនិងប្រាថ្នាចងបានគ្រប់ៗគ្នា។

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានី ភ្នំពេញបានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាតំណាង ឯឧ ឃួងស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធី “សម្ពោធកុដិ ១ ខ្នង និងសមិទ្ធផលនានា ក្នុងវត្តតាំងក់សាំងខាងជើង” ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា តំណាងអោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តមបន្តថា សមិទ្ធផលទាំងឡាយដែលត្រូវបានកសាង ឡើងក្នុងទីវត្តតាំងក្រសាំងខាងជើងនាពេលនេះ គឺបានកើតចេញពីមនុញ្ញ ផលនៃ “សន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ ក្រោមនយោបាយ “ឈ្នះ-ឈ្នះ” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈកម្លាំង មហាសាមគ្គីរបស់រាជរដ្ឋាភិបាល អាជ្ញាធរដែនដី ព្រះសង្ឃ លោកយាយ លោកតា ពុទ្ធបរិស័ទចំណុះជើងវត្ត បងប្អូនប្រជាពលរដ្ឋ ព្រមទាំង សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីទ្រទ្រង់លើកស្ទួយវិស័យ ពុទ្ធសាសនា ។ ដូច្នេះ៖ “សន្តិភាព” គឺជាកត្តាសារវន្ត និងមានតម្លៃមិន អាចកាត់ថ្លៃបាន ហើយប្រសិនបើប្រទេសជាតិរបស់យើងគ្មានសុខ សន្តិភាព គ្មានការបង្រួបបង្រួមជាតិ និងគ្មានការអភិវឌ្ឍ ម៉្លេះសម សមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វត្តអារាម និងទីកន្លែងសក្ការៈបូជា គ្រប់ទិសទីពាសពេញផ្ទៃប្រទេស ពិតជាមិនអាចកសាងឡើងជាបន្ត បន្ទាប់ច្រើនអនេក ដូចសព្វថ្ងៃនេះឡើយ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានថ្លែងឱ្យដឹងដែរថា ការរីកចម្រើនផ្នែកអាណាចក្រ និងពុទ្ធចក្រ គួជាទីមោទនៈ ដោយធានាបានសុខដុមនីយកម្មរវាងសាសនាទាំងអស់ក្នុងប្រទេសកម្ពុជា ហើយគ្មានការរើសអើងនិងគ្មានជម្លោះសាសនា។ ដោយឡែកការរីកចម្រើនឥតឈប់ឈរក្នុងវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ គឺបានកើតចេញអំពីជំនឿដ៏ជ្រះថ្លា និងមោះមុត របស់ពុទ្ធសាសនិកកម្ពុជានៅទូទាំងប្រទេសនិងក្រៅប្រទេស។

ឯកឧត្តម បានបន្តថា ការរីកចម្រើនផ្នែកវិស័យពុទ្ធសាសនាគឺបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឋឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងបានដើរតួនាទីស្នូយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ការអភិរក្សវប្បធម៌ សន្តិភាព សាមគ្គីភាព និងមិត្តភាពដែលជាមាគ៌ាដ៏ប្រពៃនាំឱ្យសម្រេចគោលដៅសង្គម គឺបំបាត់អំពើហិង្សា ប្រទូស្តរាយ ការប្រព្រឹត្តិអំពើទុច្ចរិត និងអនាចារ្យផ្សេង២។

សូមបញ្ជាក់ថា សមិទ្ធផលនានា ដែលត្រូវសម្ពោធឆ្លងនាពេលនេះ គឺមានកុដិថ្មី ១ខ្នង មានទំហំ ១២ម៉ែត្រគុណនឹង ១៤ម៉ែត្រ កម្ពស់ជាន់ផ្ទាល់ដី ដែល អគារនេះ បានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបានបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ដោយបានជាវពុទ្ធបដិមាថ្មកែវចំនួន ២៨ អង្គ ទុកជាទី សក្ការៈបូជាសរុបចំណាយបច្ច័យកសាងអស់ចំនួន ១៧៣.៦១៤ ដុល្លា ។ក្រៅអំពីសមិទ្ធផលនេះ ក៏នៅមាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត ដែលត្រូវបានកសាង ឡើងក្នុងទីវត្តតាំងក្រសាំងខាងជើងយើងនេះ ក្នុងនោះ រួមមាន កសាង ប្រាសាទទេវតា ២ កន្លែង, កសាងពុទ្ធបដិមាប្រោសបញ្ចវគ្គីយ៍, កសាង ក្លោងទ្វារផ្នែកខាងលិចវត្ត ១កន្លែង, កសាងរបងវត្តផ្នែកខាងមុខ ប្រវែង ៣០០ ម៉ែត្រ, កសាងផ្លូវបេតុងចូលវត្ដវែង៣២០ម៉ែត្រ, កសាងផ្លូវបេតុងខាងក្រៅវត្តផ្នែកខាងកើតប្រវែង ២៧០ ម៉ែត្រ, ធ្វើ ផ្លូវក្រាលគ្រួសក្រហមខាងក្រៅវត្តផ្នែកខាងត្បូងប្រវែង ២៥០ ម៉ែត្រ, ក្រាលម៉ាបជណ្តើរឡើងឧបដ្ឋានសាលា, ចាក់សាប និងក្រាលការ៉ូឡា សម្អាតទីធ្លាវត្តទំហំ ១,៨០០ម៉ែត្រក្រឡា រួមទាំងរៀបចំកែលម្អ សួនច្បារក្នុងវត្តផងដែរ ហើយបើសរុបជារួម គម្រោងនេះចំណាយ បច្ច័យកសាងអស់ចំនួន ៤២៨.៩៧០ដុល្លា៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner